កីឡាជាតិ
ជាតិ
ណាហ្គា​វើ​ល​ឲ្យ​អង្គ​រថា​យ​ហ្គឺ​រ​ស្គាល់​ចាញ់​លើកដំបូង រីឯ​វិសាខា និង​សូល​ទី​ឡូ បាន​៣​ពិន្ទុ​ដូចគ្នា​
18, May 2019 , 9:49 pm        
រូបភាព
បរាជ័យលើកដំបូង​របស់អង្គរថាយហ្គឺរ ក្រោយ​ប្រកួតបាន​៨សប្តាហ៍។ រូបថត CNCC
បរាជ័យលើកដំបូង​របស់អង្គរថាយហ្គឺរ ក្រោយ​ប្រកួតបាន​៨សប្តាហ៍។ រូបថត CNCC
ដោយ: រួបរួម
សប្តាហ៍​ទី​៨​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ជា​សប្តាហ៍​ដ៏​ខកចិត្ត​របស់​អង្គ​រថា​យ​ហ្គឺ​រ ដោយ​ពួកគេ​បាន​ស្គាល់​បរាជ័យ​លើកដំបូង​ជាមួយនឹង​លទ្ធផល ៤-០ ដោយសារ​ណាហ្គា​វើ​ល ស្រប​ពេលដែល​វិសាខា យកឈ្នះ​យុវជន​បាទី ៥-១​។ រីឯ​ជំនួប​នៅ​ទីលាន​ស្វាយ​ធំ ខេត្តសៀមរាប ភ្នំពេញ​ក្រោ​ន​រង​ការខកចិត្ត​ក្នុង​លទ្ធផល ១-០ ដោយសារ​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ​។​



​សុះ ស៊ូ​ហា​ណា បាន​ទាត់​បាល់​បញ្ចូល​ទី​នៅ​ពាក់កណ្តាល​តង់​ទីមួយ និង​ដើមតង់​ទី​ពីរ មុនពេល​ដែល Athuheire Kipson និង Esoh Omogba បន្ថែម​ម្នាក់​១​គ្រាប់​ទៀត ដើម្បី​នាំ​ជ័យជម្នះ ៤-០ លើ​អង្គ​រថា​យ​ហ្គឺ​រ​នៅលើ​ទីលាន​ស្តា​ត​ចា​ស់នា​ល្ងាច​ថ្ងៃទី​១៨ ខែឧសភា​។​

៣​ពិន្ទុ​បន្ថែម នាំ​ឲ្យ​ណាហ្គា​វើ​ល​ឡើងឈរ​លេខ​១​បណ្តោះអាសន្ន ដោយ​សរុប​ឡើងដល់​២១​ពិន្ទុ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង​ដែល​ត្រូវ​ប្រកួត​នៅ​ថ្ងៃអាទិត្យ មាន​១៩​ពិន្ទុ​។ ផ្ទុយទៅវិញ អង្គ​រថា​យ​ហ្គឺ​រ បានបញ្ចប់​កំណត់ត្រា​មិនទាន់​ស្គាល់​ចាញ់​របស់ខ្លួន ក្រោយ​ឈ្នះ​៤​លើក និង​ស្មើ​៣​លើក​។ ទោះបីជា​យ៉ាងណាក៏ដោយ អង្គ​រថា​យ​ហ្គឺ​រ​នៅតែមាន​ចំណាត់ថ្នាក់​ល្អប្រសើរ​ដោយមាន​១៥​ពិន្ទុ​។​

​សម្រាប់​ជំនួប​នៅ​កីឡដ្ឋាន​វិសាខា​ឯណោះ​វិញ តង់​ទីមួយ បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ដោយ​ទិ​ត្យ ឌី​ណា បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​សម្រាប់​ម្ចាស់ផ្ទះ ហើយ សៀង ច​ន្ធា តាម​ស្មើ​វិញ​សម្រាប់​ក្រុមយុវជន​បាទី​។ ឈានដល់​តង់​ទី​ពីរ វិសាខា បន្ថែម​រហូតដល់​ទៅ​៤​គ្រាប់​ទៀត ដោយ Eliel da Cruz រកបាន​២​គ្រាប់ Lyuben Nikolov និង សារី ម៉ាត់​ណូ​រ៉ូ​ទីន ជួយ​បាន​ម្នាក់​១​គ្រាប់​។​

​វិសាខា​ឡើងទៅ​ឈរ​លេខ​ពីរ​ជា​បណ្តោះអាសន្ន ដោយមាន​១៩​ពិន្ទុ​ស្មើ​ព្រះខ័ន​រាជ​ស្វាយរៀង ខណៈ​យុវជន​បាទី ទើបតែ​មាន​៣​ពិន្ទុ​ប៉ុណ្ណោះ​ក្រោយ​ប្រកួត​បាន​៨​សប្តាហ៍​។​

​ដោយឡែក ជំនួប​គូ​ដំបូង​នៅ​កីឡដ្ឋាន​ស្វាយ​ធំ ខេត្តសៀមរាប សូល​ទី​ឡូ​អង្គរ បានធ្វើ​ឲ្យ​ភ្នំពេញ​ក្រោ​ន​ខកចិត្ត តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​១៤​របស់ លី សា​រ័ត្ន ដែល​ផ្ទេរ​មកពី​ព្រះខ័ន​រាជ​ស្វាយរៀង​។ លទ្ធផល ១-០ ត្រូវបាន​រក្សា​រហូតដល់​បញ្ចប់​ការប្រកួត​។​

​សូល​ទី​ឡូ​អង្គរ បន្ត​រកបាន​ពិន្ទុ នា​ប្រកួត​ចុងក្រោយ ដោយ​ស្មើ​២​លើក និង​ឈ្នះ​២​លើក​។ បច្ចុប្បន្ន ក្រុម​ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​លោក Keisuke Honda មួយ​នេះ ឡើងដល់​៩​ពិន្ទុ​ស្មើ​ភ្នំពេញ​ក្រោ​ន​។ ភ្នំពេញ​ក្រោ​ន​ក្រោម​ការដឹកនាំ​បណ្តោះអាសន្ន​របស់លោក ស៊ុំ វណ្ណា នៅតែមាន​វាសនា​ឡើង​ចុះ​នៅឡើយ ដោយ​បរាជ័យ​នេះ កើតឡើង​បន្ទាប់ពី​ពួកគេ​យកឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៣-០ កាលពី​សប្តាហ៍​មុន​៕


Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com