កីឡាអន្តរជាតិ
អន្តរជាតិ
ប្រវត្តិសាស្ត្រ​! Man City ឈ្នះ​ពាន​៣​ក្នុង​១​រដូវ​កាល ហើយ​បានផ្តល់​ផល​ដល់​ក្រុម​បី​ទៀត​
19, May 2019 , 1:09 am        
រូបភាព
ដោយ: ថ្មីៗ
Manchester City បាន​ក្លាយជា​ម្ចាស់​ជើងឯក FA Cup បន្ទាប់ពី​ពួកគេ​បានទទួល​ជ័យជម្នះ ៦-០ លើ Watford នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន Wembley​។ ជោគជ័យ​នេះ បាន​នាំ​ឲ្យ​មេឃ​ខៀវ ក្លាយជា​ក្រុម​បុរស​ដំបូង​បំផុត​នៅ​អង់គ្លេស​ដែល​ឈ្នះ​ពាន​ក្នុងស្រុក​ចំនួន​៣​នៅ​រដូវ​កាល​តែមួយ បន្ទាប់ពី​ពួកគេ​បានឈ្នះ​រួចហើយ​នូវពាន EFL Cup និង Premier League​។​



David Silva, Raheem Sterling រកបាន​ម្នាក់​១​គ្រាប់​នៅ​តង់​ទីមួយ ហើយ Kevin De Bruyne និង Gabriel Jesus​បន្ថែម​ម្នាក់​១​គ្រាប់​ទៀត​នៅ​តង់​ទី​ពីរ​។ Serling រកបាន​២​គ្រាប់​ទៀត​មុន​ចប់​ការប្រកួត ដែល​នាំ​ឲ្យ Man City ឈ្នះ​ពាន FA Cup ជា​លើក​ទី​៦ ដោយ​លើកចុងក្រោយ​សម្រេចបាន​កាលពី​ឆ្នាំ​២០១១​។​



សម្រាប់​លោក Pep Guardiola នេះ​ ជា​ពាន FA Cup លើកដំបូង បើ​គិត​ចាប់តាំងពី​គ្រូបង្វឹក​អេ​ស្ប៉ា​ញ​រូបនេះ ដឹកនាំ​បង្វឹក Man City តាំងពី​ឆ្នាំ​២០១៦​មក ហើយក៏​ជា​ពាន​ទី​៦​របស់លោក​ជាមួយ​មេឃ​ខៀវ​ផងដែរ ក្រោយ​ឈ្នះ Premier League ២​លើក EFL Cup ២​លើក និង Community Shield ១​លើក​ ដោយមិនគិតពីពាន Community Shield ដែលពួក​គេបាន​កាលពីបើករដូវកាល។

​ថ្វី​ត្បិត​នេះ ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ដែល Man City ឈ្នះ​ពាន​ក្នុងស្រុក​បី​ក្នុង​រដូវ​កាល​តែមួយ​ក៏ដោយ តែ កាលពី​ឆ្នាំ​១៩៩៩ Man Utd ក្រោម​ការដឹកនាំ​របស់​លោក Alex Ferguson ក៏​ធ្លាប់​ឈ្នះ​ពាន Premier League, FA Cup និង Champions League ក្នុង​រដូវ​កាល​តែ​១​ផងដែរ ខណៈ Liverpool ដែល​ដឹកនាំ​ដោយ​លោក Gerard Houllier បានឈ្នះ FA Cup, League Cup និង Uefa Cup នៅ​ឆ្នាំ​២០០១​។​

​សម្រាប់​ក្រុម​បុរស Man City ជា​ម្ចាស់​កំណត់ត្រា ប៉ុន្តែ​បើ​គិត​ជារួម​ពួកគេ​ជា​ក្រុមទី​ពីរ បន្ទាប់ពី​ក្រុម​ស្ត្រី Arsenal ដែល​លើក​ពាន Premier League, FA Cup និង League ក្នុង​រដូវ​កាល​តែមួយ​កាលពី​ឆ្នាំ​២០០៧​។​

​ដោយឡែក​ជ័យជម្នះ​របស់ Man City នៅ​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup នេះ បានផ្តល់​បច្ច័យ​ល្អ​សម្រាប់​ក្រុម​៣​ផ្សេងទៀត​។ Man United ដែល​ជាប់​លេខ​៦​នៅ Premier League បាន​តំណែង​លេខ​នៅ​វគ្គ​ចាប់​ពូ​ល Europa League នា​រដូវ​កាល​ក្រោយ ដែល​ធម្មតា ជា​កៅអី​របស់​ម្ចាស់​ពាន FA Cup​។​

Wolverhampton Wanderers ដែល​ស្ថិតនៅ​លេខ​៧ មាន​វាសនា​លេង​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ Europa League នា​រដូវ​កាល​ក្រោយ ខណៈ​ទីតាំង​នេះ ត្រូវបាន​ទៅលើ​ម្ចាស់​ពាន EFL Cup​។​



ដោយឡែក Liverpool ក៏​នឹង​ក្លាយជា​គូប្រជែង​របស់ Man City ផងដែរ សម្រាប់​ការប្រកួតប្រជែង​ពាន​បើក​រដូវ​កាល​ថ្មី Community Shield ដែលជា​ទូទៅ​ម្ចាស់​ពាន Premier League និង FA Cup ត្រូវ​ប្រជែង​គ្នា​។ ដោយសារ Man City ជា​ម្ចាស់​ពាន​ទាំងអស់​ស្រាប់​ហើយ​នោះ ពាន​បើក​រដូវ​កាល ត្រូវ​ប្រជែង​គ្នា​រវាង​ក្រុម​លេខ​១ និង​លេខ​២ Premier League វិញ​៕



Tag:
 បាល់ទាត់​
  Premier League
  Man City
  FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com