ជាតិ
២៥ខេត្ត/រាជធានី
កសិករ​គំរូ គី គាំ ប្រាប់​ប​ច្ចេ​កទេស​«​ភ្ញាស់​ពងមាន់​យក​កូន​»​ក្នុង​ឡាំង​ស្នោរ ឬ​ទូ​ភ្ញាស់​កូន​មាន់​ស្វ័យប្រវត្តិ​
17, Apr 2020 , 8:19 am        
រូបភាព
​សៀមរាប​៖ ការ​ភ្ញាស់​ពងមាន់​ក្នុង​ទូ ឬ​ឡាំ​ស្នោរ គឺជា​បច្ចេកទេស​ថ្មី​មួយ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​កសិក​រ​។ អ្នកស្រី គី គាំ ជា​កសិករ​គំរូ​មួយរូប​ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប ដែល​បាន​ចាប់យក​របរ​ចិញ្ចឹម​មាន់ និង​ភ្ញាស់​ពងមាន់​យក​កូន​លក់ ជាង​៤​ឆ្នាំ​មកហើយ​។ បច្ចុប្បន្ន ផ្ទះ​របស់​អ្នកស្រី​មាន​ទូ​ភ្ញាស់​កូន​មាន់​ដែល​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​ចំនួន​២ ដែល​អាច​ភ្ញាស់​កូន​មាន់បាន​ពី​១៥០ ទៅ ២០០​ក្បាល​ក្នុង​មួយ​សប្តាហ៍​។


​នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ អ្នកស្រី គី គាំ បាន​ឲ្យ​ដឹងថា ការ​ភ្ញាស់​ពងមាន់​ក្នុង​ទូ ឬ​ក្នុង​ឡាំង​នេះ គឺ​ត្រូវការ​ពេល​តែ​៣​សប្តាហ៍​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​សប្តាហ៍​ទី​១ ត្រូវ​ថែទាំ​ឃ្លាំមើល​ពង​ឲ្យ​បាន​ដិត​បំផុត​។ ចំណែកឯ​ឡាំង​ស្នោរ ឬ​ទូ​ភ្ញាស់​ពងមាន់​នេះ ត្រូវធ្វើឡើង​មាន​លក្ខណៈ​បិទ​ជិត​ល្អ គ្មាន​ពន្លឺ​ថ្ងៃ​ចេញ​-​ចូល ប៉ុន្តែ​មាន​អំពូល​សម្រាប់​បំភ្លឺ និង​ទែ​ម៉ូ​ម៉ែត្រ​សម្រាប់​វាស់​កម្តៅ និង​សំណើម​។ បើតាម​អ្នកស្រី គាំ កម្តៅ​នៅក្នុង​ទូ ឬ​ឡាំង​ស្នោរ ត្រូវ​រក្សា​សីតុណ្ហភាព ពី​៣៧-៣៨​អង្សា​សេ និង​សំណើម ពី​៦០-៧០​អង្សា​សេ​ជានិច្ច ទើប​ពងមាន់​ទាំងនោះ ញាស់​ជា​កូន​មាន់​បានល្អ​។ 


 
​អ្នកស្រី គី គាំ រៀបរាប់​ពី​បច្ចេកទេស​ភ្ញាស់​ពងមាន់​បន្តថា​៖«​យើង​ត្រូវ​កូរ ឬ​វី​ពងមាន់​ដែល​ដាក់​ភ្ញាស់​ក្នុង​ទូ ឬ​ឡាំង​ស្នោ ៣​ដង​ក្នុង​មួយថ្ងៃ​។ ធ្វើរ​ប្រៀប​នេះ​បាន​មួយ​សប្តាហ៍ យើង​ត្រូវយក​ភ្លើង​ពិល ឬ​ភ្លើង​ទូរ​សព្ទ មក​ឆ្លុះ​មើល​ពងមាន់​ទាំងនោះ ដែល​មិន​បង្ក​ជា​កូន​ត្រូវ​ដកចេញ​។ ការឆ្លុះ​នេះ គឺត្រូវធ្វើ​ឡើង​នៅពេល​យប់ ទើប​អាច​មើលឃើញ និង​ដឹងថា ពងមាន់​កើតជា​កូន ឬ​មិន​កកើត​ជា​កូន​។ កាលណា​ឆ្លុះ​ទៅ​ឃើញ​ថ្លា គ្មាន​សរសៃ​ក្រហម នោះ​មិនអាច​បង្ក​ជា​កូន​មាន់​បានឡើយ​។ ការឆ្លុះ​មើល​នេះ គឺធ្វើឡើង​តែមួយ​ម្តង​នៃ​ពងមាន់​នីមួយៗ បន្ទាប់មក យើង​ត្រូវ​កូរ​ពងមាន់​ទាំងនោះ​៣​ដង​ដដែល ក្នុង​មួយថ្ងៃ រហូតដល់​ថ្ងៃ​ភ្ញាស់​ជា​កូន​មាន់​»​។ 


 
​អ្នកស្រី គី គាំ បាន​ឲ្យ​ដឹង​ទៀតថា ការ​ភ្ញាស់​ពងមាន់ នៅក្នុង​រដូវប្រាំង និង​រដូវវស្សា​មាន​ភាពខុសគ្នា​បន្តិច​។ នៅ​រដូវវស្សា ត្រូវយក​ពងមាន់​ដាក់ចូល​ក្នុង​ទូ​ភ្ញាស់ បន្ទាប់ពី​មេ​ពង​បាន​៧​ថ្ងៃ ប៉ុន្តែ​នៅ​រដូវប្រាំង​ដែលមាន​អាកាស​ក្តៅ ពិសេស​ពី​ខែមីនា ដល់​ខែឧសភា ត្រូវយក​ពងមាន់​ដាក់ចូល​ក្នុង​ទូ​ភ្ញាស់ បន្ទាប់ពី​មេ​ពង​បាន​៤​ថ្ងៃ​។ ប្រសិនបើ​ទុក​យូរ ពងមាន់​ទាំងនោះ​នឹង​ខូច​អស់​។ 

 អ្នកស្រី គី គាំ អ្នកភ្ញាស់ពងមាន់ យកកូនលក់ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប
​បើតាម​អ្នកស្រី គាំ ក្រោយ​កូន​មាន់​ញាស់ បាន​៣​ថ្ងៃ អ្នកស្រី ត្រូវ​ចាក់​វ៉ា​ក់​សាំ​ការពារ​ជំងឺ​ផ្សេងៗ មុននឹង​យកទៅលក់​នៅលើ​ទីផ្សារ​។ កូន​មាន់​មួយ​ក្បាល អ្នកស្រី គាំ លក់បាន​តម្លៃ ៤,៥០០​រៀល​។ 


 
​ក្រៅពី​ភ្ញាស់​ពងមាន់ អ្នកស្រី​គាំ ក៏មាន​មាន់​មេ​ចំនួន​២៥០ ចិញ្ចឹម​យក​ពង និង​មាន់​ចិញ្ចឹម​យក​សាច់ ៣០០​ក្បាល​ដែរ​។ បើតាម​កសិករ​រូបនេះ ទាំង​កូន​មាន់ និង​មាន់​សាច់មាន​ទីផ្សារ​ល្អ​ដូចគ្នា គ្រាន់តែ​ថា​គាត់​រីករាយ​នឹង​ការ​ភ្ញាស់​កូន​មាន់​ជាង ព្រោះ​ត្រូវការ​ពេល​យ៉ាងយូរ​២៥​ថ្ងៃ​អាច​លក់បាន រីឯ​មាន់​សាច់ ត្រូវ​ចំណាយពេល​ចិញ្ចឹម និង​ថែទាំ​រហូតដល់​ទៅ​៣​ខែ​កន្លះ ទើប​ធំ​ល្មម​អាច​លក់បាន​៕
 
 


Tag:
 កសិកម្ម​
 ​ចិញ្ចឹម​មាន់​
 ​ភ្ញាស់​ពងមាន់​
 ​សូទ្រ​និគម​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com