ជាតិ
២៥ខេត្ត/រាជធានី
បិតស្រា ចិញ្ចឹម​ជ្រូក និង​មាន់ ជា​ទុន​សម្រាប់​អ្នកស្រី ម៊ុ​យ ភេ​ម ដើម្បី​ផ្គត់ផ្គង់​ការសិក្សា​កូន​នៅ​សាកលវិទ្យាល័យ
19, May 2019 , 2:29 pm        
រូបភាព
​កំពង់ស្ពឺ​៖ រយៈពេល​ជាង​២០​ឆ្នាំ​ហើយ ដែល​គ្រួសារ​អ្នកស្រី ម៊ុ​យ ភេ​ម បាន​ប្រក​បរបរ​បិតស្រា ចិញ្ចឹម​ជ្រូក និង​មាន់ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​។ របរ​ទាំងនេះ គឺជា​ដើមទុន​ជីវិត​ដ៏​ធំ​មួយ ដែល​បានផ្ដល់​ប្រាក់ចំណូល​ជាង​១​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់​ជួយ​ឲ្យ​គ្រួសារ​អ្នកស្រី ម៊ុ​យ ភេ​ម ផ្គត់ផ្គង់​ការសិក្សា​កូន​រហូតដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។​

 
​អង្គុយ​ពីមុខ​ជើងក្រាន​ឡ ដែលមាន​អណ្ដាតភ្លើង​ឆេះ​សន្ធោសន្ធៅ​នោះ គឺ​អ្នកស្រី ម៊ុ​យ ភេ​ម ដែល​កំពុងកាន់​ឈើ​វែង​មួយ​កូ​បាយ​ស្រា ដើម្បី​រំងាស់​ចេញទៅ​«​ស្រាស​»​។ ស្ថិតនៅ​ក្នុងភូមិ​ក្រាំង​ស្បូវ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ អ្នកស្រី ម៊ុ​យ ភេ​ម និង​គ្រួ​សារបាន​ប្រកប​របរ​បិតស្រា​ផង និង​ចិញ្ចឹម​ជ្រូក​ផង​អស់​រយៈពេល​២៥​ឆ្នាំ​មកហើយ​។ ចាប់ផ្ដើម​របរ​ដំបូង​នៅ​ឆ្នាំ​១៩៩៤ អ្នកស្រី ម៊ុ​យ ភេ​ម បាន​ផលិត​ស្រា​ក្នុង​កម្រិត​មធ្យម​ប៉ុណ្ណោះ សម្រាប់​ចិញ្ចឹម​គ្រួសារ បន្ទាប់ពី​ការងារ​ធ្វើស្រែ​ចម្ការ​។  


 
​ដើម្បី​ផលិត​ឲ្យ​ចេញ​ជា «​ស្រាស​» បាន អ្នកស្រី ភេ​ម ត្រូវយក​អង្ករ​ទៅ​ត្រាំ​ទុក​រយៈពេល​១ សប្ដាហ៍ បន្ទាប់មក អ្នកស្រី​យក​បាយ​ស្រា​នោះមក​ដាំ​រំងាស់​រយៈពេល​៤ ទៅ​៥​ម៉ោង ដើម្បី​ឲ្យ​បាយ​នោះ​សាយភាយ​ជា​ស្រា ទៅក្នុង​អាង​បង្ហូរ​ស្រា​។ ស្រាស​១ លីត្រ​មានតម្លៃ​ត្រឹមតែ ២ ០០០ រៀល​តែប៉ុណ្ណោះ ប៉ុន្តែ​អ្នកស្រី​លក់​ចេញ​ក្នុងតម្លៃ​១ លីត្រ ត្រឹមតែ​១ ៥០០​រៀល​នោះទេ​។ ជា​រៀងរាល់ថ្ងៃ​ប្ដី​របស់​អ្នកស្រី ត្រូវ​ដឹក​ស្រា​ដាក់​តាម​ទាម​លក់​គ្រឿងទេស ឬ​កន្លែង​ទាមស្រា​នានា ទៅតាម​តម្រូវការ​របស់​អតិថិជន​។ អ្នកស្រី​អាច​ផលិត​បាន «​ស្រាស​»​ប្រមាណ ១៥០ លីត្រ​ក្នុង​១​ថ្ងៃ​។​


 
​និយាយ​ទាំង​ទឹកមុខ​ញញឹម​រួសរាយ ស្ត្រី​មាឌតូច​ល្អិត​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​បាន​ផលិត​ស្រាស​អស់​រយៈពេល​ប្រមាណ​ជាង​២៥ ឆ្នាំ​មកហើយ ម្យ៉ាងទៀត​ការងារ​នេះ​មិន​លំបាក​អ្វី​សោះឡើយ​សម្រាប់​ខ្ញុំ​។ ការងារ​នេះ មិនសូវ​បាន​ចំណេញ​ច្រើន​នោះទេ​បច្ចុប្បន្ន ប៉ុន្តែ​វា​អាច​ដោះ​ទាល់​បានជា​ប្រចាំថ្ងៃ​ថែម​ទៀតផង​»​។​


 
​របរ​បិតស្រា​នេះ​ជា​ចំណូល​សំខាន់​មួយ ប៉ុន្តែ​ចំណូល​បន្ទាប់បន្សំ​មួយទៀត​របស់​អ្នកស្រី ភេ​ម គឺ​បានមកពី​ការចិញ្ចឹម​ជ្រូក ដែល​ប្រើ​ចំណី​ពី​កាក​បាយ​ស្រា​នេះ​។​អ្នកស្រី ភេ​ម និង​ប្ដី បាន​ចិញ្ចឹម​មេ​ជ្រូក​ចំនួន ៦​ក្បាល ដើម្បី​យក​កូនចិញ្ចឹម​។ ហើយក៏​ទិញ​កូនជ្រូក​មកពីផ្សារ ដើម្បី​ចិញ្ចឹម​បន្ថែម​ទៀតផង​។ ក្នុង​រយៈពេល​៥ ឬ ៦​ខែ ទើប​អ្នកស្រី​អាច​លក់បាន ហើយ​ពេលខ្លះ​លក់បាន​ថ្លៃ តែ​ពេលខ្លះទៀត លក់​មិនបាន​ថ្លៃ​ទេ​។ 


 
​ស្ត្រី​វ័យ​៤៣​ឆ្នាំ ដែលមាន​កូន​៣​នាក់​ក្នុងបន្ទុក​រូបនេះ បន្តទៀតថា ៖«​រយៈពេល​៥ ខែ ខ្ញុំ​អាច​រកចំណូលបាន​គួរសម​ដែរ តែ​មិនដឹង​ច្បាស់​នោះទេ ព្រោះ​ខ្ញុំ​មាន​បាយ​ស្រា​ដើម្បី​ធ្វើជា​ចំណី​បន្ថែម​។ សាច់ជ្រូក​នៅលើ​ទីផ្សារ​មានតម្លៃ 20,០០០​រៀល ក្នុង​១​គីឡូ តែ​តម្លៃ​ជ្រូក​លក់​ចេញ​ត្រឹមតែ ៨​ពាន់​រៀល​នោះទេ ក្នុងតម្លៃ​ថ្លៃ​»​។​
 
​របរ​ទាំងនេះ អាច​ផ្ដល់​ចំណូល​១​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ ដល់​គ្រួសារ​អ្នកស្រី ម៊ុ​យ ភេម ដែល​អាច​ផ្គត់ផ្គង់​ការសិក្សា​កូន ដល់​ថ្នាក់​កម្រិត​ឧ​ត្ត​មសិ​ក្សា ដោយ​កូន​ម្នាក់​កំពុង​​បន្ត​ការសិក្សា​ឆ្នាំ​ទី​៤ ថ្នាក់​បរិញ្ញាបត្រ ជំនាញ​រដ្ឋបាល​សាធារណ​: នៅ​សាកលវិទ្យាល័យ ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។​រី​កូន​ម្នាក់ទៀត​កំពុង​ត្រៀម​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ក្នុង​ខែ កក្កដា ឆ្នាំ​២០១៩​នេះ​។​អ្នកស្រី​ចង់ឃើញ​កូន​មាន​ការងារ​ល្អ​ធ្វើ ដើម្បី​កុំ​ឲ្យ​លំបាក​ដូច​អ្នកស្រី និង​ស្វាមី ដែល​ត្រូវ​បិតស្រា​ផង និង​ច​ញ្ចឹ​ម​ជ្រូក មាន់​ផង ដោយ​គ្មាន​ពេល​សម្រាក​នោះទេ​៕
 
 
 
 

Tag:
 ជីវ​ព័ត៌មាន​
  ស្រាស​
  ផលិត​ស្រា​
  កំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com