ហេតុអ្វី​ហុងកុង​ធ្លាប់​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ចក្រភព​អង់គ្លេស​?
19, May 2019 , 8:29 pm        
រូបភាព
​ក្នុង​ឆ្នាំ​១៩៩៧ ចក្រភព​អង់គ្លេស​បានប្រគល់​ការគ្រប់គ្រង និង​ឥទ្ធិពល​របស់ខ្លួន​ទៅលើ​ទីក្រុង​ហុងកុង ទៅកាន់​ចិន​វិញ​។ ទឹកដី​ដែលមាន​ទំហំ​ប្រមាណ​១១០៦​គីឡូម៉ែត្រ​ការ៉េ​នេះ គឺជា​ទីតាំង​សេដ្ឋកិច្ច ទេសចរណ៍ និង​ភូមិសាស្ត្រ​នយោបាយ​ដ៏សំខាន់សម្រាប់​ប្រទេស​​ទាំងពីរ និង​សម្រាប់​ពិភពលោក​ផងដែរ​។​

 
 តើ​មាន​រឿងរ៉ាវ​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ចិន​ព្រម​ប្រគល់​ហុងកុង​ទៅ​ឲ្យ​អង់គ្លេស​? ហេតុអ្វី​បានជា​អង់គ្លេស​ប្រគល់​ដី​នេះ​ទៅ​ចិន​វិញ​? នេះ​គឺជា​ការ​សង្ខេប​ខ្លី​ពី​គេហទំព័រ thoughtco.com ក្រោម​ចំណងជើង​ថា «Why did China lease Hong Kong to Britain» ។ 
 
​បើតាម​ការកត់ត្រា​ប្រវត្តិសាស្ត្រ ហុងកុងបាន​ក្លាយជា​ផ្នែក​មួយ​នៃ​ទឹកដី​ចិន​អស់​រយៈពេល​ជាង​ ២​ពាន់​ឆ្នាំ​មកហើយ ពោលគឺ​តាំងពី​ឆ្នាំ​២៤៣ មុន​គ្រឹ​ស្ត​សករាជ ក្នុង​រជ្ជកាល​រាជវង្ស Qin ។ ច្រើន​សតវត្ស​ក្រោយមក ក្នុងអំឡុង​ឆ្នាំ​១៨០០ ទៅ​ឆ្នាំ​១៩០០ ចក្រភព​អង់គ្លេស ដែលជា​ចក្រភព​មួយ​មានអំណាច​ធំធេង​ខាង​នាវាចរណ៍ ចាប់អារម្មណ៍​យ៉ាងខ្លាំង​ជាមួយនឹង «​តែ​» ដែលជា​ផលិតផល​មួយ​ដាំ​ដុះ​នៅ​ប្រទេស​ចិន​។​
 
​កាលពី​សម័យ​កាលនោះ ស្លឹក​តែ ពិតជា​មានតម្លៃ​យ៉ាងខ្លាំង​សម្រាប់​ជនជាតិ​អឺរ៉ុប​។ មានតែ​ក្រុម​ត្រកូល​អភិជន និង​សែរស្រឡាយរាជរ​ង្ស​ប៉ុណ្ណោះ​ដែលមាន​ធនធាន​ដើម្បីទិញ​វា​មក​បរិភោគ​។ ចំពោះ​ចិន​វិញ ប្រទេស​នេះ មិន​ទាមទារ​អ្វី​ក្រៅពី​មាស និង​ប្រាក់​នោះទេ​។ ដោយសារតែ​ទីផ្សារ​ទំនិញ​ផលិតផល «​តែ​»  បន្ត​កើនឡើង​ខ្ពស់ ចក្រភព​អង់គ្លេស មិន​ចង់​ប្រើប្រាស់ «​លោហៈ​ប្រាក់ និង​មាស​» ឲ្យ​អស់ពី​ធនាគារ​របស់ខ្លួន​ទេ​។ ក្រោយមក​ពួកគេ​បាន​អនុវត្ត​គម្រោង​ថ្មី​មួយ​។ 
 
​ការយក «​អាភៀន​» ទៅ​ដោះដូរ​ជាមួយ «​តែ​» របស់​ចិន ជំនួស​ការប្រើប្រាក់និង​មាស 
 
​គម្រោង​នេះ កើតឡើង​បែបនេះ​។ ចក្រភព​អង់គ្លេស​បាន​ទាញយក «​អាភៀន​» ពី​ប្រទេស​ដែល​ស្ថិតក្រោម​អាណានិគម​របស់ខ្លួន មានដូចជា​ឥណ្ឌា និង​មី​យ៉ាន់​ម៉ា រួច​ដឹក​អាភៀន​ទាំងនោះ​តាម​នាវា ទៅកាន់​ប្រទេស​ចិន ក្នុង​គោលបំណង​ដោះដូរ​ជាមួយនឹង​ផលិតផល «​តែ​» ជំនួស​ការប្រើប្រាស់​មាស និង​ប្រាក់​។ 
 
​ចំពោះ​អង់គ្លេស អាភៀន​មិនទាន់​ត្រូវបាន​គេ​ចាត់ទុកថា ជា​សារធាតុ​គ្រោះថ្នាក់​ដល់​រាងកាយ​មនុស្ស​ប៉ុន្មាន​នោះទេ​។ គេ​បាន​គិតថា វា​គ្រាន់តែ​ជា​សារធាតុ​មួយ​ប្រើប្រាស់​សម្រាប់​ព្យាបាល​សុខភាព ក្នុង​សកម្មភាព​វេជ្ជសាស្ត្រ​ប៉ុណ្ណោះ​។ 
 
​អ្នកមានអំណាច​មួយចំនួន​នៅ​ចក្រភព​អង់គ្លេស បានដឹង​ពី​ផលអាក្រក់របស់​វា​​ចំពោះ​ប្រទេស​ចិន តែ​ពេលខ្លះ​ពួកគេ​មិនបាន​ចេញមក​ទទួលខុស​ត្រូវ​ទេ ដោយសារតែ​ផលចំណេញ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ច្រើន​លើសលប់ តាមរយៈ​ទីផ្សារ​មួយ​នេះ​។ នៅពេលដែល​អាភៀន​បាន​ជ្រាបចូល​ទៅកាន់​មនុស្ស​ភាគច្រើន​នៅក្នុង​ទឹកដី​មួយ​នេះ តាមរយៈ​ការជួញដូរ​លួចលាក់ រដ្ឋាភិបាល​ចិន​មិនអាច​ទប់ស្កាត់​វា​ឲ្យ​បាន​ទាន់ពេលវេលា​នោះទេ​។ 
 
​រដ្ឋាភិបាល​ចិន ឆ្លើយតប​នឹង​ទង្វើ​អាក្រក់​របស់​ចក្រភព​អង់គ្លេសដោយ​ការប្រកាសសង្គ្រាម​
 
​ដោយ​ការខឹង​សម្បារ ក្នុង​ឆ្នាំ​១៨៣៩ ប្រទេស​ចិន​បាន​កម្ទេច​ដុំ​អាភៀន​អស់​ជាង​ពីរម៉ឺន​ដុំ ដែល​ក្នុង​មួយ​ដុំ​មាន​ទម្ងន់​ប្រមាណ​ជា​២២៦​គីឡូក្រាម រួច​ប្រកាសសង្គ្រាម​ជាមួយនឹង​ចក្រភព​អង់គ្លេស​ដោយសារ​ជួញដូរ​សារធាតុ​ខុសច្បាប់​មួយ​នេះ​។ សង្គ្រាម បាន​ផ្ទុះឡើង​រហូតដល់​ឆ្នាំ​១៨៤១​។ កាលនោះ ចិន ព្រម​ចុះចាញ់ ហើយ​សម្រេច​ប្រគល់​ទឹកដី​នេះ​ទៅ​ឲ្យ​អង់គ្លេស ក្រោម​សន្ធិសញ្ញា «​ណាន​ជី​ង​» ក្នុង​ឆ្នាំ​១៨៤១​។ តែ​ការយល់ព្រម​ទីមួយ​នេះ មិនបាន​ប្រព្រឹត្ត​ទៅដោយ​រលូន​នោះទេ​។ ការប្រយុទ្ធ​គ្នា​តូចៗ​នៅតែ​បន្ត​កើតមាន​។ 
 
​ក្រោយមក នៅពេល​ចិន កំពុងតែ​មានការ​គាបសង្កត់​ពី​ប្រទេស​ជប៉ុន ចក្រភព​អង់គ្លេស ក៏បាន​ទាមទារ​ថា ហុងកុង រួមទាំង​តំបន់​ជុំវិញ​ទាំងនោះ​នឹង​ក្លាយជា​ទឹកដី​អង់គ្លេស សម្រាប់​ពេល​៩៩​ឆ្នាំ​។ ប្រទេស​ទាំងពីរ​ក៏បាន​យល់ព្រម​។ ចាប់តាំងពី​ពេលនោះ​មក ហុងកុង​បានក្លាយ​ទៅជា​តំបន់​ផែ​ដ៏​សំខាន់​សម្រាប់​អង់គ្លេស ហើយ​គេ​បាន​គិតថា​៩៩​ឆ្នាំ​មិនមែនជា​ពេលវេលា​យូរ​ប៉ុន្មាន​នោះទេ​។ 
 
​នៅ​ឆ្នាំ​១៩៨៤ ភាគី​ទាំង​ពីរបាន​ចុះហត្ថលេខា សម្រេច​ប្រគល់​ហុងកុង និង​តំបន់​ជុំវិញ​មក​ចិន​វិញ នៅពេលដែល​សន្ធិសញ្ញា​គ្រប់គ្រង​នេះ​ត្រូវអស់​សុ​ពល​ភាព​។ តែ​កិច្ចព្រមព្រៀង​ក៏បាន​និយាយ​ដែរ​ថា ហុងកុង​នឹង​ក្លាយជា​តំបន់​គ្រប់គ្រង​ពិសេស​របស់​ចិន និង​អង់គ្លេស ក្នុង​រយៈពេល​៥០​ឆ្នាំ​ទៀត ទោះបីជា​សន្ធិសញ្ញា​ខាងលើ​អស់​សុពលភាព​មែន​ក្តី​។ 
 
​ការប្រគល់​សិទ្ធិអំណាច​កាន់កាប់​ទាំងស្រុង ដោយ​ភ្ជាប់​ជាមួយ​ចំណង​ប្រជាធិបតេយ្យ 
 
​នេះ​ជាការ​ប្រគល់ ដោយ​មិនទាន់​ដាច់​ស្រេច​នោះទេ​។ នៅ​ឆ្នាំ​១៩៩៧ អង់គ្លេស​បាន​ប្រគ​ល់ហុ​ង​កុង និង​ទឹកដី​ជុំវិញ​ទៅកាន់​ចិន​វិញ ដោយ​នៅតែមាន​ការគ្រប់គ្រង​ពី​ភាគី​ទាំងពីរ​។ អង់គ្លេស​បាន​បញ្ចូល​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កាន់​ហុងកុង តែ​ចិន​មិន​ពេញចិត្ត​នឹង​គំនិត​នេះ​ទេ​។ ចាប់តាំងពី​ឆ្នាំ​១៩៩៧​មក ការប្រគល់​មកវិញ​នូវ​ទឹកដី​នេះ នៅតែ​ទទួលប្រឈមបញ្ហា​មួយចំនួន ដែល​ពិបាក​ក្នុងការ​ដោះស្រាយ​​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com