ជាតិ
អចលនទ្រព្យ
កំពង់ស្ពឺ នឹងមានស្ពានអាកាសថ្មើរជើង ត្រង់ចំណុចបេនឡានផ្សារកំពង់ស្ពឺ
× ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងមួយដែលគ្រោងចំណាយទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ ក្រោមជំនួយទឹកប្រាក់ពីលោកស្រី សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងជាជំនួយទឹកប្រាក់ពីសប្បុរជនដែលជាអ្នកខេត្តកំពង់ស្ពឺ។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា ស្ពានថ្មើរជើងនេះមានប្រវែង៣០ម៉ែត្រ,កម្ពស់ ៥ម៉ែត្រ២ទឹក និងទទឹង៣ម៉ែត្រ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា គម្រោងសាងសង់ស្ពានថ្មើរជើងនេះ នឹងសាងសង់ត្រង់ចំណុចបេនឡានផ្សារកំពង់ស្ពឺ នឹងរួចរាល់ក្នុងរយៈពេលជិតមួយឆ្នាំ បើគិតត្រឹមពីថ្ងៃទី២០ ខែឧសភា តទៅ។ លោកអះអាងថា ការកសាងស្ពានថ្មើរជើងនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋឆ្លងកាត់ផ្លូវ និងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។
រូបលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ
ជាមួយគ្នាផងដែរ លោក វ៉ី សំណាងក៏បានបញ្ជាក់ទៀតថា រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏គ្រោងសាងសង់ស្ពានអាកាសថ្មើរជើង២បន្ថែមទៀតផងដែរ នៅត្រង់ចំណុចវិទ្យាល័យកំពង់ស្ពឺ និងត្រង់ចំណុចមុខរោងចក្រសាប្រ៊ីណា។ អភិបាលខេត្តកំពង់ស្ពឺរូបនេះ បានអំពាវនាវឲ្យពលរដ្ឋជួយថែរក្សាស្ពានអាកាសថ្មើរជើងដែលចាត់ទុកថាជាសម្បត្តិរបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ប្រសិនបើគម្រោងនេះរួចរាល់ជាស្ថាពរ។
បច្ចុប្បន្នកម្ពុជាមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងរួចមកហើយ គឺមានដូចជាស្ពានអាកាសថ្មើរជើងដែលឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់សាលាបឋមសិក្សាជម្ពូវ័ន្ត,ត្រង់វិទ្យាល័យចំណេះទូទៅហ៊ុនសែនជម្ពូវ័ន្ត ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ និងស្ពានអាកាសថ្មើរជើងស្តុបនាងគង្ហីង។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថ្មីៗ សាលារាជធានីភ្នំពេញអាចនឹងពង្រីកគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងនៅលើផ្លូវផ្សេងៗមួយចំនួនទៀត ដែលស្ពានអាកាសថ្មើរជើងទាំងនោះអាចនឹងសាងសង់នៅមុខសាលារៀន មន្ទីរពេទ្យ និងផ្សារ ជាដើម ដើម្បីបង្កើនការការពារផ្នែកសុវត្តិភាពជូនប្រជាពលរដ្ឋនៅពេលឆ្លងកាត់ផ្លូវ៕
Tag:
ស្ពានថ្មើរជើង
ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com