កីឡាជាតិ
ជាតិ
កូន​ខ្មែរ​-​អាមេរិក Eric Pen ក្លាយជា​កីឡាករ​ដំបូង​ដែល​ឈ្នះ​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់ WBA ASIA South
20, May 2019 , 10:45 am        
រូបភាព
ដោយ: រួបរួម
​កីឡាករ​ប្រដាល់សកល​ខ្មែរ​-​អាមេរិក Eric Pen បាន​ក្លាយជា​កីឡាករ​ដំបូង​ដែល​ឈ្នះ​ខ្សែក្រវាត់​ប្រភេទ​ទម្ងន់​ធ្ងន់​របស់​ស្ថាប័ន WBA ASIA​។ កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ បាន​ផ្ដួលកីឡាករ​ឥណ្ឌូណេស៊ី Satria Antasena នៅក្នុង​ទឹក​ទី​១ នៅ​សង្វៀន​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៩​។

 
​នេះ​ជាការ​ប្រកួត​សម្ពោធ​ខ្សែក្រវាត់ WBA ASIA South Heavyweight ជា​លើកដំបូង របស់ WBA ASIA ដែលជា​ស្ថាប័ន​រៀបចំ​ការ​ប្រដាល់​អាជីព​ក្នុង​តំបន់​អាស៊ី អូ​សេ​អា​នី អឺ​រ៉ាស៊ី និង​តំបន់​ផ្សេងទៀត​។ ស្ថាប័ន​នេះ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៤ ដោយមាន​ទី​ស្នាក់នៅ​ទីក្រុង​សេ​អ៊ូ​ល​។ WBA ASIA បាន​ក្លាយជា​សមាជិករ​បស់​សមាគម​ប្រដាល់​ពិភពលោក (WBA) តាំងពី​ឆ្នាំ​២០១៧ ហើយ​បាន​ផ្តើម​រៀបចំ​ការប្រកួត​ជើងឯក​តាម​ប្រភេទ​ទម្ងន់ និង​ភូមិសាស្ត្រ​នីមួយៗ​។ 
 
​ជោគជ័យ​របស់ Eric Pen លើ​គូប្រជែង​ឥណ្ឌូណេស៊ី មិន​ត្រឹមតែ​ធ្វើ​ឲ្យ​គេ​ក្លាយជា​កីឡាករ​ដំបូង​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ជា​ម្ចាស់​ខ្សែក្រវាត់ WBA ASIA South Heavyweight ដំបូង​ផងដែរ​។​
 
 
​កើត​នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​១៩៩២ នៅ​ក្រុង San Jose រដ្ឋ Californa សហរដ្ឋអាមេរិក កីឡាករ Eric Pieroun Pen មាន​ម្តាយ​ជា​អ្នក​ខេត្តកំពត​។ មិន​មានការ​បង្ហើប​ពី​អត្តសញ្ញាណ​របស់​ឪពុក​ឡើយ ដោយ​ផ្អែក​តាម​ប្រវត្តិរូប ឪពុក​របស់គេ​បាន​ចេញពី​គ្រួសារ នៅពេលដែល​គេ​មាន​អាយុ​១០​ឆ្នាំ​។​
 
​អ្នកស្រី Sothun Pen ដែលជា​ម្តាយ បាន​ចាក​ចេញពី​កម្ពុជា​នៅ​ឆ្នាំ​១៩៧៩ ដោយ​ដើរទៅ​កាន់​ជំរុំ​ភៀសខ្លួន​នៅ​ថៃ ពេលដែល​គាត់​មាន​អាយុ​១២​ឆ្នាំ​។ អ្នកស្រី Sothun បាន​ទៅដល់​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​១៩៨៤​។ 
 
Eric បានចាប់ផ្តើម​ហ្វឹកហាត់​នៅ​ក្លិប Saigon Sports Club នៅ​ឆ្នាំ​២០១៤ ហើយ​ចាប់ផ្តើម​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​នៅ​ខែសីហា ឆ្នាំ​២០១៨ ដោយមាន​ប្រវត្តិ​ឈ្នះ​ទាំងពីរ​ប្រកួត​ដំបូង​របស់ខ្លួន មុន​ដណ្តើមបាន​ជើងឯក WBA ASIA South Heavyweight​។​
 
​ជ័យជម្នះ​ពីរលើក​ដំបូង​កន្លងមក​របស់ Eric គឺ​យកឈ្នះ​កីឡាករ​ថៃ Rewat Khanom នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨ និង​ឈ្នះ​កីឡាករ Kacha Srikong នា​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ នៅ​សង្វៀន Ram 100 Thai Boxing Stadium ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ​៕


Eric Pen និងក្រុមការងារនៅក្លិប Saigon Sport Club របស់ខ្លួន។ រូបថត WBA Asia Website
 

Tag:
 ប្រដាល់​
  Eric Pen
© រក្សាសិទ្ធិដោយ thmeythmey.com