ពីនេះ ពីនោះ
រឿងសំរាម៖ អ្នកស្រឡាញ់រថយន្តអ្នក តែខ្ញុំស្រឡាញ់«មាតុភូមិ»ខ្ញុំ!
× ភ្នំពេញ៖ បញ្ហាចោលសំរាមរញ៉េរញ៉ៃ គឺជាប្រធានបទដែលជជែកគ្នាមិនចេះចប់ មិនចេះហើយនៅក្នុងសង្គមខ្មែរអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជជែកចេះតែជជែក រីឯសំរាមនៅតែមានដដែល។ ខាងក្រោមនេះ គឺជាគំនិតរវាងអ្នកស្រឡាញ់រថយន្ត និងអ្នកស្រឡាញ់«មាតុភូមិ»។
ខ្ញុំស្រឡាញ់រថយន្តខ្ញុំ
ទើបទិញរថយន្តថ្មីស្រឡាង តម្លៃថ្លៃជាងគេហដ្ឋានធម្មតាទៅទៀត។ ជិះទៅណាមកណា ខ្ញុំមិនហ៊ានទុកវាចោលទេ ខ្លាចគេឆូត ខ្លាចគេលួច ខ្លាចគេបំផ្លាញ។ល។ ខ្ញុំតែងតែមានតៃកុងបើក ហើយតៃកុងខ្ញុំមានតួនាទីថែរក្សា ការពារឡានរបស់ខ្ញុំ។ ខ្ញុំស្រឡាញ់ឡានខ្ញុំណាស់ ស្រឡាញ់រហូតដល់ពេលខ្លះ ខ្ញុំភ្លេចខ្លួនឯង ឬអ្នកជិះក្នុងឡានជាមួយខ្ញុំ ភ្លេចខ្លួនដែរ ក៏បើកទ្វារឡានបោះ ឬចោលសំរាមតាមកញ្ចក់ទៅលើទីសាធារណៈ។
ខ្ញុំស្រឡាញ់«មាតុភូមិ»ខ្ញុំ
ក្រោយចោលសំរាមហើយ។ អ្នកដំណើរក្បែរនោះ ក៏និយាយក្នុងចិត្តថា៖«ខ្ញុំស្រឡាញ់[មាតុភូមិ]ខ្ញុំដែរ»។ លោកស្រឡាញ់ឡានរបស់លោក លោកមិនចង់ឲ្យឡានរបស់លោកគគ្រិច តែខ្ញុំក៏មិនចង់ឲ្យ«មាតុភូមិ»របស់ខ្ញុំគគ្រិចដែរ។«មាតុភូមិ»ខ្ញុំ មានតម្លៃថ្លៃជាងឡានរបស់លោកទៅទៀត។ បុរសអ្នកដំណើរ ដើរបណ្តើរ ហួសចិត្តបណ្តើរ និងគ្រវីតែក្បាលដោយគ្មានស្រដីបន្តទៀតឡើយ។
បីឆ្នាំក្រោយមក ម្ចាស់ឡានដដែល ក៏មានឱកាសធ្វើដំណើរតាមផ្លូវដដែលម្តងទៀត។ ធ្វើដំណើរមកដល់កន្លែងចាស់ ក៏គាត់ប្រទះឃើញថង់បា្លស្ទិកយ៉ាងច្រើននៅរតាត់រតាយ ពាសវាលពាសកាល ពេញតែផ្លូវ និងទីធ្លា។ ឃើញដូច្នេះ ម្ចាស់រថយន្តមានវិប្បដិសារីខ្លួនឯងយ៉ាងខ្លាំង ព្រោះសម្រស់«មាតុភូមិ»ត្រូវបានបំផ្លាញដោយសំរាម។
អ្នកស្រឡាញ់រថយន្តអ្នក តែខ្ញុំស្រឡាញ់«មាតុភូមិ»ខ្ញុំ៕
© រក្សាសិទ្ធិដោយ thmeythmey.com