ជាតិ
រថយន្ត
សង្គមជាតិ
សុវត្តិភាព ចរាចរណ៍
អ្នកបើកបរគ្រប់ប្រភេទរថយន្តអាចទៅរៀនច្បាប់ចរាចរណ៍ផ្លូវគោកដោយឥតគិតថ្លៃ សកម្មភាពអ្នកបើកបរនៅរាជធានីភ្នំពេញ
× ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបង្គាប់ឲ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំបើកវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោកចំនួន៩វគ្គដោយឥតគិតថ្លៃ សម្រាប់អ្នកបើកបរគ្រប់ប្រភេទរថយន្តដែលមានទំហំស៊ីឡាំងលើសពី១២៥ CCឡើងទៅ ឬម៉ូតូដែលប្រើប្រាស់អគ្គិសនីលើសពី១១KW។
វគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោកនេះ នឹងមានរយៈពេល៣ខែ ចាប់ផ្តើមពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច។ អ្នកបើកបរគ្រប់ប្រភេទ អាចមកចុះឈ្មោះរៀននៅទីតាំងចំនួន២ ដូចជាទីតាំងទី១ នៅអង្គភាពផ្តល់បណ្ណបើកបរយានយន្ត នៅផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងទីតាំងទី២ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវសហការគ្នាដើម្បីឲ្យចំណាត់ការនេះមានប្រសិទ្ធភាព រួមគ្នាកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។
កន្លងមកសាលាក្រុងភ្នំពេញក៏ធ្លាប់បានឲ្យអ្នកបើកបរគ្រប់ប្រភេទរថយន្ត រៀនច្បាប់ចរាចរណ៍ដោយឥតគិតថ្លៃម្តងរួចមកហើយ ដែលមានអ្នករៀនចំនួន៦,៤៣៦នាក់ ស្មើនឹង៣០ភាគរយ។ គូសបញ្ជាក់ថា អ្នកបើកបរដែលពុំមានប័ណ្ឌបើកបរមានចំនួន២៤ភាគរយ និងអ្នកប្រើប្រាស់បណ្ណបើកបរក្លែងក្លាយមាន១០ភាគរយ៕
Tag:
សាលាក្រុងភ្នំពេញ
ចរាចរណ៍
រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com