កីឡាអន្តរជាតិ
អន្តរជាតិ
Keisuke Honda ចែកផ្លូវជាមួយ Melbourne Victory
× កីឡាករ Keisuke Honda នឹងចាកចេញពីក្រុម Melbourne Victory នៅរដូវកាល ២០១៨-១៩ តែម្តង ពោលគឺបន្ទាប់ពីជំនួបចុងក្រោយនៃការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់ AFC Champions League ទល់នឹងក្រុម Sanfrecce Hiroshima នៅថ្ងៃទី២២ ខែឧសភា។ នេះបើតាមការបញ្ជាក់របស់ក្លិប Melbourne នៅលើវេបសាយផ្លូវការរបស់ពួកគេ។
Honda ដែលមានតួនាទីជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាផងដែរនោះ បានចូលរួមជាមួយ Melbourne ក្រុមបាល់ទាត់នៃលីគកំពូលអូស្ត្រាលី A-League កាលពីខែសីហាឆ្នាំ ២០១៨ ក្រោយចាកចេញពី Pachuca នៃលីគកំពូលម៉ិកស៊ិក ដោយចុះកិច្ចសន្យារយៈពេលមួយឆ្នាំ។ ការបង្ហាញខ្លួននៅទឹកដីអូស្ត្រាលីអតីតតជម្រើសជាតិជប៉ុនរូបនេះបានបង្កើតសមិទ្ធផលល្អៗសម្រាប់មិត្តរួមក្រុមរួមទាំងអ្នកគាំទ្ររបស់គេទៀតផង។
មិនត្រឹមតែជាកីឡាករដែលមានការជំរុញទឹកចិត្តខ្ពស់ អតីតសមាជិក្រុម AC Mila រូបនេះ ក៏ទទួលបានពានកីឡាករល្អប្រចាំខែ (PFA Player of the Month Award) សម្រាប់រដូវកាលដំបូងនៅ A-League។
«Honda ជាអ្នកជំនាញម្នាក់ដែលយើងអាចដឹងតាមរយៈសម្តីរបស់គាត់ ហើយយើងមានសំណាងដែលមានវត្តមានគាត់នៅ Melbourne រដូវកាលនេះ។ លោក Trent Jacobs នាយកក្លិប Melbourne លើកឡើងដូច្នេះ។
លោក Jacobs បន្ថែមថា៖ «គាត់ពិតជាមានទេពកោសល្យមិនគួរឲ្យជឿនៅលើទីលាន។ គាត់បានជួយដល់ការរីកចម្រើនរបស់យើងនៅរដូវកាលនេះ ដោយទាក់ទាញអ្នកគាំទ្រថ្មីជាច្រើនសម្រាប់ក្លិប។ យើងសូមអរគុណដល់ Honda ចំពោះអ្វីៗគ្រប់យ៉ាងហើយជូនពរអោយគាត់ជោគជ័យទៅអនាគត»។
Honda វ័យ៣២ឆ្នាំដែលបច្ចុប្បន្នត្រូវទទួលបន្ទុកដឹកនាំក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញខ្លួនឲ្យ Melbourne ចំនួន២៣លើករដូវកាលនេះ និងស៊ុតបញ្ចូលទីបាន ៨ គ្រាប់។ រូបគេនឹងបង្ហាញខ្លួនចុងក្រោយពេល Melbourne ប៉ះ Sanfrecce Hiroshima ក្នុងក្របខណ្ឌ AFC Champions League សម្រាប់ជំនួបចុងក្រោយពូល F នៅថ្ងៃទី២២ ខែឧសភា វេលាម៉ោង ២:០០នាទី រសៀល [ម៉ោងនៅកម្ពុជា]៕
Tag:
បាល់ទាត់
Keisuke Honda
Melbourne Victory
ជម្រើសជាតិកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com