ជាតិ
សង្គមជាតិ
អភិបាលខេត្តកំពត៖ បង្គោលដែលបោះចូលសមុទ្រ មានតាំងពី១០ឆ្នាំមុន
21, May 2019 , 10:53 am        
រូបភាព
រូបពីទំព័រហ្វេសប៊ុក William Guang
រូបពីទំព័រហ្វេសប៊ុក William Guang
លោក ជាវ តាយ អភិបាលខេត្តកំពត បំភ្លឺថា បង្គោល ដែលបោះចូលសមុទ្រមួយកន្លែងក្នុងខេត្តកំពត គឺមានតាំងពី១០ឆ្នាំមុនមកម្ល៉េះ មិនមែនទើបតែនឹងកើតឡើងនោះទេ។ លោក ប្រាប់សារព័ត៌មានថ្មីៗថា «មានតាំងពីខ្ញុំ មិនទាន់ឡើងធ្វើជាអភិបាលខេត្តម្ល៉េះ តែគេទើបនឹងបង្ហោះ»។



លោកអភិបាល លើកឡើងថា បច្ចុប្បន្ន មន្ត្រីរបស់លោក កំពុងចុះស្រាវជ្រាវពីរឿងនេះ។ ដោយសារតែមិនទាន់ទទួលបានរបាយការណ៍និងលទ្ធផលនៃការស្រាវជ្រាវ លោក មិនទាន់អាចបញ្ជាក់ឡើយពីឈ្មោះក្រុមហ៊ុន ហើយការបោះបង្គោលនោះ ក្នុងគោលបំណងអ្វី ក៏លោក មិនទាន់អះអាងដែរ។ ប៉ុន្តែ លោក បញ្ជាក់ថា រដ្ឋាភិបាល បានចេញ ស.ជ.ណ. (សេចក្តីជូនដំណឹង) អំពីការបោះបង្គោលនេះ។

សាធារណជនមួយចំនួន ងឿងឆ្ងល់ថា ហេតុអ្វីបានជាមានការបោះបង្គោលចូលសមុទ្របែបនេះ។ ពួកគេ បារម្ភថា ក្រុមហ៊ុនឯកជន យកតំបន់សមុទ្រនោះ ធ្វើជាកម្មសិទ្ធិ។

លោក សុខសុវណ្ណ វឌ្ឍាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិក១រូបនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលគេស្គាល់តាមបណ្តាញសង្គមថាវិល្លាម ហ្គ័ង បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក ដោយលើកជាសំណួរថា «តើការបោះបង្គោលក្នុងសមុទ្រនេះ ឈរលើកម្មសិទ្ធិប្លង់រឹង ឬប្លង់រាវ? បើប្លង់រឹង ជាប្លង់រឹងត្រឹមលើដី ឬលាតសន្ធឹងដល់ក្នុងសមុទ្រ?»

ប្រធានគណបក្សខ្មែរក្រោមរូបនេះ សរសេរថា រូបភាពបោះបង្គោលចូលសមុទ្រក្នុងខេត្តកំពតនេះ ត្រូវបានផ្សព្វផ្សាយលក់ដោយក្រុមហ៊ុនលក់អចលនទ្រព្យមួយ ដែលអះអាងថាមានប្លង់រឹង។ លោក ស្នើឲ្យអាជ្ញាធរ បំភ្លឺពីរឿងនេះ ដោយលោក សង្កត់ធ្ងន់ថា «បើមិនទទួលបានការបំភ្លឺជាក់លាក់ ខ្ញុំ នឹងដឹកនាំក្រុមការងារចុះស្រាវជ្រាវ តាមដានហើយ»។

លោក បញ្ជាក់ថា អ្នកវិនិយោគ អាចវិនិយោគបានលុះត្រាទទួលបានសិទ្ធិអនុប្បយោគ ឬសម្បទានពីរដ្ឋ តែស្ថិតក្នុងលក្ខខណ្ឌមួយចំនួន៕

Tag:
 ជាវ តាយ
  កំពត
  សមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com