កីឡាជាតិ
ជាតិ
មិនធ្លាប់មានពីមុន! CNCC ប្រគល់ពានរង្វាន់គ្រូបង្វឹក និងកីឡាករឆ្នើមប្រចាំខែ
× ខ្សែបម្រើ គួច សុកម្ភៈ របស់ណាហ្គាវើល និងខ្សែប្រយុទ្ធ Jean Marie Privat របស់ព្រះខ័នរាជស្វាយរៀង ត្រូវបានគណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC)ជ្រើសរើសជាកីឡាករល្អជាងគេប្រចាំខែរៀងៗខ្លួន។ ចំណែកគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក Nestor Conor ជាគ្រូបង្វឹកដឹកនាំល្អជាងគេពីរខែជាប់គ្នា។
ដើម្បីជាការលើកទឹកចិត្តដល់កីឡាករ និងគ្រូបង្វឹក ក៏ដូចជាធ្វើឲ្យគុណភាពការប្រកួតកាន់តែមានភាពល្អប្រសើរ គណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជាបានបង្កើតពានរង្វាន់កីឡាករល្អជាងគេ និងគ្រូបង្វឹកដឹកនាំល្អជាងគេប្រចាំខែ។ ជាក់ស្តែងកាលពីថ្ងៃទី១៩ ឧសភា CNCC បានប្រគល់ពានរង្វាន់កីឡាករល្អជាងគេ និងគ្រូបង្វឹកដឹកនាំល្អជាងគេប្រចាំខែមិនា និងខែមេសាដល់កីឡាករនិងគ្រូបង្វឹក។
កីឡាករ Jean Marie Privat (អាវខៀវ)ជាកីឡាករល្អជាងគេប្រចាំខែមេសា
គ្រូបង្វឹកអៀរឡង់ លោក Nestor Conor បានចាប់ផ្តើមរដូវកាលដ៏ល្អជាមួយក្លិបព្រះខ័នរាជស្វាយរៀងនារដូវកាលនេះ ដោយមិនទាន់ស្គាល់ចាញ់ការប្រកួតឡើងសម្រាប់ជំនួប៨លើកកន្លងមក។ ដោយឡែកកាលពីខែមិនា លោកបានបើកឆាកសប្តាហ៍ទីមួយនៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីករដូវកាលនេះ ដោយឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ២-០ ហើយបន្តឈ្នះសូលទីឡូអង្គរ ១-០។
ឈានដល់ខែមេសា ព្រះខ័នរាជស្វាយរៀង បន្តឈ្នះបីប្រកួតបន្ថែមទៀត តាមរយៈការបំបាក់ គិរីវង់សុខសែនជ័យ ២-០ ឈ្នះភ្នំពេញក្រោន ៥-១ និងបន្តឈ្នះអគ្គិសនីកម្ពុជា ១-០។ លទ្ធផលឈ្នះរហូតទាំងខែមិនា និងខែមេសា បាននាំឲ្យគ្រូបង្វឹកវ័យ៣៥ឆ្នាំ ដែលមានកំណើតនៅក្រុង Dublin រូបនេះ ឈ្នះពានរង្វាន់គ្រូបង្វឹកឆ្នើម (Coach of the Month) ទាំងពីរខែតែម្តង។
កីឡាករ គួច សុកម្ភៈ (អាវខៀវ)ពេលទទួលពានរង្វាន់កីឡាករល្អជាងគេប្រចាំខែមិនា ពីលោក ឆាំង ពិសិដ្ឋ
រីឯខ្សែបម្រើ គួច សុគម្ភៈ ដែលជាប្រធានក្រុមណាហ្គាវើលផងដែរនោះ បានចាប់ផ្តើមយ៉ាងល្អនាជំនួបបើករដូវកាល ជាមួយនឹងជ័យជម្នះ ១-០ នៅលើទឹកដីអាស៊ីអឺរ៉ុប។ សម្រាប់ការប្រកួតបន្ទាប់ ម្ចាស់ការពារតំណែងជើងឯកណាហ្គាវើល រងការខកចិត្តដោយចាញ់ក្រសួងការពារជាតិ ៤-២ ប៉ុន្តែលទ្ធផលនេះ មិនបានរារាំង កីឡាករជើងចាស់នៃក្រុមជម្រើសជាតិកម្ពុជា ទទួលបានពានរង្វាន់កីឡាករឆ្នើម (Player of The Month) ប្រចាំខែមិនា នោះឡើយ។
សម្រាប់ខែមេសា ខ្សែប្រយុទ្ធកាមេរូន Jean Marie Privat រួមចំណែកយ៉ាងសំខាន់ក្នុងជ័យជម្នះទាំងបីលើករបស់ព្រះខ័នរាជស្វាយរៀង បើទោះបីជារូបគេ ស៊ុតបាល់បញ្ចូលទីតែ១គ្រាប់ក្នុងជ័យជម្នះ ៥-១ លើភ្នំពេញក្រោនក៏ដោយ។ លទ្ធផលល្អ និងការរៀបចំណែករបស់ Privat បាននាំឲ្យគេក្លាយជាកីឡាករឆ្នើមប្រចាំខែមេសា៕
លោក Nestor Nonor (ឆ្វេង)ទទួលពានរង្វាន់គ្រូបង្វឹកដឹកនាំការប្រកួតល្អជាងគេប្រចាំខែមិនា និងមេសា ពីលោក ឆាំង ពិសិដ្ឋ
Tag:
Cambodian League 2019
គួច សុកម្ភៈ
Nestor Conor
© រក្សាសិទ្ធិដោយ thmeythmey.com