អន្តរជាតិ
ក្រុមហ៊ុន Huawei បង្កើតឡើង​ដោយ​លោក Ren Zhengfei អតីតមន្ត្រី​យោធា​ចិន
21, May 2019 , 8:39 pm        
រូបភាព
លោកប្រធានាធិបតីចិន ស៊ី ជិនភីង (ឆ្វេង) ថតជាមួយ​លោក Ren Zhengfei ស្ថាបនិកក្រុមហ៊ុន Huawei (ប្រភពរូប៖​ AFP)
លោកប្រធានាធិបតីចិន ស៊ី ជិនភីង (ឆ្វេង) ថតជាមួយ​លោក Ren Zhengfei ស្ថាបនិកក្រុមហ៊ុន Huawei (ប្រភពរូប៖​ AFP)
ដោយ:
Huawei Technologies Co. Ltd. គឺជា​ក្រុមហ៊ុន​ផលិត​សម្ភារ​ទូរគមនាគមន៍ និង​ផលិតផល​អេឡិចត្រូនិក​ចម្រុះ​ជាតិ​សាសន៍​មួយ​របស់​ចិន​។ ក្រុមហ៊ុន​នេះ មាន​ទីស្នាក់ការ​កណ្តាល​នៅក្នុង​ទីក្រុង Shenzhen ខេត្ត Guangdong ភាគខាងត្បូង​នៃ​ប្រទេស​ចិន​។ ជាមួយ​ចំណូល​ជាង​១០០​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨ ក្រុមហ៊ុន Huawei ត្រូវ​ចាត់ទុកជា ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​គមនាគមន៍​ឈានមុខ​មួយ​ក្នុង​ពិភពលោក​។

 
​ក្រុមហ៊ុន Huawei បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៨៧ ដោយ​លោក  Ren Zhengfei ដែលជា​អតីតមន្ត្រី​វិស្វករ​ក្នុង​កងទ័ព​រំដោះប្រជាជន​ចិន​។ បច្ចុប្បន្ននេះ ក្រុមហ៊ុន​យក្ស​ចិន​នេះ មាន​បុគ្គលិក​បម្រើការ ប្រមាណ ១៨​ម៉ឺន​នាក់ ក្នុងនោះ​ជាង ៧៦០០០ នាក់  ចូលរួម​ក្នុង​កិច្ចការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​។ 
 
Huawei មាន​ទីតាំង​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ (R&D) ប្រមាណ ១៤​ទីតាំង នៅ​ជុំវិញ​ពិភពលោក រួមមាន ចក្រភព​អង់គ្លេស ប៉ា​គី​ស្ថាន កាណាដា តួ​ក​គី រុស្ស៊ី និង​ស៊ុយអែត ជាដើម​។ ហើយ​គិត​ត្រឹម​ឆ្នាំ ២០១៧ ក្រុមហ៊ុន បាន​ចាក់​បញ្ចូល​លុយ​វិនិយោគ​ចំនួន ១៣,៨​ពាន់​លាន​ដុល្លារ​លើ​ផ្នែក R&D នេះ ។ 
 
​ផលិតផល និង​សេវាកម្ម​ទូរគមនាគមន៍​-​អេឡិចត្រូនិក របស់​ក្រុមហ៊ុន​នេះ ត្រូវបាន​លក់​ក្នុង​បណ្តា​ប្រទេស​ជាង ១៧០​ប្រទេស នៅ​ពាសពេញ​ពិភពលោក ។  ក្នុង​ខែធ្នូ ឆ្នាំ​២០១៨ ក្រុមហ៊ុន Huawei ត្រូវបាន​រាយការណ៍​ថា រកចំណូលបាន​ដល់​ទៅ​ជាង ១០៨,៨​ពាន់​លាន​ដុល្លារ ដែល​កើនឡើង ២១​ភាគរយ បើ​ធៀប​នឹង ឆ្នាំ​២០១៧​។ ក្នុង​ឆ្នាំ​ដដែល​នេះ ក្រុមហ៊ុន Huawei ក៏បាន​កាច់​បំបាក់​ក្រុមហ៊ុន  Apple ក្លាយជា​ក្រុមហ៊ុន​ផលិត​ទូរ​សព្ទ​ឆ្លាត​វៃ​ធំ​បំផុត​លំដាប់​ទី​២ តាម​ពីក្រោយ ក្រុមហ៊ុន Samsung ។​
 
​រយៈពេល​៣២​ឆ្នាំ ក្រោយ​ការបង្កើត ក្រុមហ៊ុន​យក្ស​ចិន​នេះ ត្រូវបានគេទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា ជា​អ្នកផ្គត់ផ្គង់​បណ្តាញ​បច្ចេកវិទ្យា 5G ឈានមុខ​គេ​ក្នុង​ពិភពលោក​។ គិត​មក​ត្រឹម​ខែមីនា ឆ្នាំ​២០១៩​នេះ ប្រទេស​ចំនួន ៤០​ហើយ បានធ្វើ​កិច្ចសន្យា​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ចិន Huawei ដើម្បី​កសាង និង​ប្រតិបត្តិការ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ជំនា​ន់ទី​ប្រាំ (5G) ។ 
 
​ទោះបីជា​ទទួលបាន​ជោគជ័យ​នៅក្នុង​ទីផ្សារ​អន្តរជាតិ​ជាច្រើន Huawei ក៏​កំពុង​ប្រឈមមុខ​បញ្ហា​ក្នុងការ​ជ្រៀតចូល​ក្នុង​ទីផ្សារ​ក្នុងប្រទេស​ខ្លះ​ផងដែរ​។ កន្លងទៅ រដ្ឋបាល​អាមេរិក បាន​ចោទប្រកាន់​ក្រុមហ៊ុន​ចិន​នេះ​ថា​ពាក់ព័ន្ធ​នឹង​សន្តិសុខ​បច្ចេកវិទ្យា ដោយ​លើកឡើងថា ក្រុមហ៊ុន Huawei  ប្រើប្រាស់​មធ្យោបាយ «​ទ្វារក្រោយ​» ដែល​អាច​ឃ្លាំមើល ឬ​ធ្វើ​ចារកម្ម​មកលើ​អ្នកប្រើប្រាស់ ដើម្បី​ផ្តល់​ទិន្នន័យ​ឲ្យ​រដ្ឋាភិបាល​ចិន​។  ខ្លួន ក៏បាន​ព្យាយាម​បញ្ចុះបញ្ចូល​សម្ព័ន្ធមិត្ត​ខ្លួន កុំ​អនុញ្ញាត​ឲ្យ​ចិន​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​បណ្តាញ​ទូរ​សព្ទ 5G ដោយ​ព្រមាន​ថា ការធ្វើ​បែបនេះ នឹង​បង្ក​ឲ្យ​ការចែករំលែក​ព័ត៌មាន​រវាង​ពួកគេ​និង​សហរដ្ឋអាមេរិក​ប្រឈមមុខ​ភាព​តឹងតែង​។​
 
​ជា​ឧទាហរណ៍​ស្រាប់ កាលពីដើមឆ្នាំ​២០១៩​នេះ រដ្ឋបាល​ក្រុង​វ៉ា​ស៊ីន​តោន ក៏បាន​សម្រេច​ដាក់​បម្រាម​លើ​ភ្នាក់ងារ​រដ្ឋាភិបាល​សហ​ព័ទ្ធ​ទាំងអស់ រួមមាន FBI និង CIA ជាដើម ពី​ការប្រើប្រាស់​សម្ភារ​បច្ចេក​វិទ្យា​របស់​ក្រុមហ៊ុន​ចិន Huawei ។​
 
​លើសពីនេះ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃទី​១៦ ខែឧសភា បានប្រកាស​អាសន្ន​ជាតិ​លើ​វិស័យ​គមនាគមន៍ ដោយ​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក​ទាំង​អស់ពី​ការប្រើប្រាស់​សម្ភារ​គមនាគមន៍​បរទេស​នានា ដែល​រដ្ឋបាល​លោក​ចាត់ទុកថា បង្ក​ជាការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​។ ចំណាត់ការ​ថ្មី​នេះ ទំនងជា​សំដៅលើ​ក្រុមហ៊ុន​យក្ស​ចិន Huawei ដែល​ក្រុង​វ៉ាស៊ីនតោន​បាន​រិះគន់​ជា​ញឹកញាប់​ពាក់ព័ន្ធ​នឹង​ហានិភ័យ​នៃ​ការធ្វើ​ចារកម្ម​។ 
 
 
៤​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​បទបញ្ជា​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក Google បាន​កាត់ផ្តាច់​អាជីវកម្ម​មួយចំនួន ជាមួយ​ក្រុមហ៊ុន​ទូរ​សព្ទ​ចិន Huawei ជាពិសេស ផ្នែក​នៃ​ការដំឡើង​កម្មវិធី​សំខាន់​មួយចំនួន​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android ។ គេ​ព្យាករ​ថា អនាគត​នៃ​ទូរ​សព្ទ​ឆ្លាត​វៃ​របស់​ក្រុមហ៊ុន​ចិន Huawei ជំនាន់​ថ្មី ដែល​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android នឹង​បាត់បង់​សេវាកម្ម​ពេញនិយម​មួយចំនួន រួមមាន Google Play Store, Gmail, Chrome browser​និង YouTube ជាដើម​។​
 
​យ៉ាងណាមិញ រឿងហេតុ​នៅ​ពុំទាន់​ចប់​។ ក្រសួងពាណិជ្ជកម្ម​អាមេរិក នៅ​ថ្ងៃទី​២០ ខែឧសភា បានសម្រេច​ពន្យារពេល​ការដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Huawei សម្រាប់​រយៈពេល ៩០​ថ្ងៃ ដោយ​លើក​ហេតុផល​ថា  ការអនុគ្រោះ​នេះ មាន​គោលដៅ​កាត់បន្ថយ​ផលប៉ះពាល់​ភ្លាមៗ​ពេក លើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​អាមេរិក​។ តួយ៉ាង ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក បាន​លក់​ផ្នែក Hardware ដូចជា Chip ជាដើម ទៅ​ឲ្យ​ក្រុមហ៊ុន​ទូរ​សព្ទ Huawei ដែល​ប៉ាន់​ស្មានជា​ទឹកប្រាក់​ចំនួន ១១​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨៕
 

Tag:
 ចិន​
  Huawei
© រក្សាសិទ្ធិដោយ thmeythmey.com