ជាតិ
ពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំនេះ ប្រារព្ធ​នៅ​ក្រុង​ដូន​កែវ
22, May 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំនេះ ប្រារព្ធ​នៅ​កីឡដ្ឋាន​គិរីវង់​សុខ​សែន​ជ័យ ដែល​ស្ថិតនៅ​ភូមិ​ត្រពាំង​អង្គ សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ក្រោម​ព្រះរាជាធិបតី​របស់​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​។ 


 
​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ត្រូវបាន​គេ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ នៅក្នុង​ខែ​ពិសាខ​។ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ជា​និមិត្តរូប​នៃ​ការចាប់ផ្ដើម​ប្រកាស​រដូវ​ធ្វើស្រែ​ចម្ការ និង​ដាំ​ណាំ​ផ្សេងៗ របស់​ប្រជាកសិករ និង​ដើម្បី​ផ្សង​មើល​ប្រ​ថ្នូ​ល​របស់​ស្រុកទេស ទៅតាម​ការ​ស៊ីផឹក​របស់​គោ​ឧសភរាជ​។ 
 
​ក្នុង​ព្រះ​រាជពិធី​នេះ ព្រាហ្មណ៍​ព្រះរាជ​គ្រូ សូធ្យ​ពាក្យ​អធិដ្ឋាន​ផ្សង​គោ​ឧសភរាជ ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ ឲ្យ​ស៊ីផឹក​របស់​៧​យ៉ាង ដែល​រៀប​ដាក់​តុ​ប្រាក់​ធំៗ ដែល​រួមមាន គ្រាប់ស្រូវ​១​តុ គ្រាប់សណ្ដែក​១​តុ គ្រាប់ពោត​១​តុ គ្រាប់ល្ង​១​តុ ស្មៅ​ស្រស់​១​តុ ទឹក​១​តុ និង​ស្រា​១​តុ​។ 
 
​សូធ្យ​ចប់​ព្រាហ្មណ៍​ព្រះរាជ​គ្រូ យក​ទឹកមន្ដ​ប្រោះ​ក្បាល​គោ​ឧសភរាជ ហើយ​មន្ត្រី ដឹកគោ​ឧសភរាជ ទៅជិត​របស់​ទាំង​៧​យ៉ាងនោះ ឲ្យ​គោ​ឧសភរាជ ស៊ីផឹក​អ្វី ក៏​ស៊ីផឹក​ទៅ ដោយ​មិន​បង្ខំ​ឡើយ​។ កាលណា គោ​ឧសភរាជ ស៊ីផឹក​អ្វីមួយ​យ៉ាង ឬ​ពីរ​យ៉ាង ព្រាហ្មណ៍ ក៏​ទាយ​ផល​ប្រផ្នូល​ទៅនោះ​៕ 

Tag:
 ​ច្រត់ព្រះនង្គ័ល​
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com