ជាតិ
នយោបាយជាតិ
ក្រសួងការពារជាតិ ព្រមានចាត់វិធានការលើម្ចាស់ហ្វេសប៊ុកមួយ ដែលយករូបសម្ដេច ទៀ បាញ់ ទៅប្រើប្រាស់
× ភ្នំពេញ៖ ក្រសួងការពារជាតិ ច្រានចោលរាល់ដំណឹងផ្សព្វផ្សាយនៅលើគណនីហ្វេសប៊ុកឈ្មោះ Gro Angel ដែលបានប្រើប្រាស់រូបថតសម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារ។ ក្រសួងការពារជាតិ នឹងចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានបកស្រាយថា គណនីហ្វេសបុកឈ្មោះ Gro Angel ដែលបានយករូបសម្តេច ទៀ បាញ់ ទៅប្រើប្រាស់លើគេហទំព័ររបស់ខ្លួន ហើយបានសរសេររិះគន់ រាជរដ្ឋាភិបាលកម្ពុជានោះ គឺមានចេតនាបង្កឱ្យមានការភាន់ច្រឡំដល់សាធារណជនប៉ុណ្ណោះ។ ក្នុងន័យនេះ លោក ឈុំ សុជាតិ បានសង្កត់ធ្ងន់ថា រាល់ខ្លឹមសារចោទប្រកាន់មកលើរដ្ឋាភិបាលនានា ដែលបានបង្ហោះនៅលើហ្វេសបុកឈ្មោះ Gro Angel កន្លងមកនេះ មិនមានការពាក់ព័ន្ធជាមួយនឹងសម្តេច ទៀ បាញ់ នោះទេ។
អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ ក៏ព្រមានចាត់វិធានការដល់ជនដែលបង្កើតហ្វេសបុកខាងលើនេះ ឱ្យបញ្ឈប់ការប្រើប្រាស់រូបប្រមុខក្រសួងការពារជាតិ ទៅរិះគន់រដ្ឋាភិបាលផងដែរ។ តាមរយៈហ្វេសប៊ុកផ្លូវការរបស់លោក ឈុំ សុជាតិ បានសរសេរដូច្នេះថា៖«អំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច ស្រាវជ្រាវចំពោះ អ្នកហ្វេសប៊ុកឈ្មោះ Gro Angel នេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ផងដែរ»។
ជាមួយគ្នានេះសម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានច្រានចោលរាល់ព័ត៌មានលើគណនីហ្វេសប៊ុកខាងលើនេះ ដោយសរសេរលើហ្វេសប៊ុកខ្លួនដូច្នេះថា៖«សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា គណនីហ្វេសប៊ុក (Facebook Account) ឈ្មោះ Gro Angel មិនមែនជា គណនីហ្វេសប៊ុក របស់ខ្ញុំនោះទេ។ ខ្ញុំមិនមានពាក់ព័ន្ធទៅនឹងរាល់ការផ្សព្វផ្សាយព័ត៌មានរបស់ គណនីហ្វេសប៊ុក ឈ្មោះ Gro Angel នេះឡើយ។ ហេតុដូច្នេះ សូមសាធារណជនជ្រាបជាព័ត៌មាន»។
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពាតិ ដើម្បីសុំការអត្ថាធិប្បាយបន្ថែម ជុំវិញករណីខាងលើនេះឡើយ៕
Tag:
ទៀ បាញ់
ក្រសួងការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com