អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Brexit៖ លោកស្រី ម៉េ​យ៍ ត្រៀម​កិច្ចព្រមព្រៀង​ថ្មី​ដើម្បី​អូស​អង់គ្លេស​ចេញពី​អឺរ៉ុប​
22, May 2019 , 10:08 am        
រូបភាព
ក្នុង​សន្និសីទ​សារព័ត៌មាននា​ថ្ងៃទី​២១ ខែឧសភា លោកស្រី ម៉េ​យ៍ បានស្នើ​ឲ្យ​អ្នកប្រឆាំង​ពិចារណា​សំណើ​ថ្មីខ្លួន។ រូបថត AFP
ក្នុង​សន្និសីទ​សារព័ត៌មាននា​ថ្ងៃទី​២១ ខែឧសភា លោកស្រី ម៉េ​យ៍ បានស្នើ​ឲ្យ​អ្នកប្រឆាំង​ពិចារណា​សំណើ​ថ្មីខ្លួន។ រូបថត AFP
នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ នៅ​ថ្ងៃទី​២១ ខែឧសភា បាន​បញ្ចេញ​កិច្ចព្រមព្រៀង​ដកខ្លួន​ពី​សហភាព​អឺរ៉ុប​ថ្មី​មួយទៀត ដើម្បី​សុំ​ការយល់ព្រម​ពីស​ភា​។ ប៉ុន្តែ មិនទាន់​ទាំង​យកទៅ​ជជែក​នៅ​សភា​ផង​នោះ កិច្ចព្រមព្រៀង​ថ្មី រង​ការរិះគន់​ខ្លាំង​ទៅហើយ​។ អ្នកនយោបាយ​ទាំង​បក្សប្រឆាំង និង​បក្ស​កាន់អំណាច បានប្រកាស​ជាស្រេច​ថា ពួកគេ​នឹង​បដិសេធ​សំណើ​ថ្មី​របស់​លោកស្រី ម៉េ​យ៍ ដែល​បើកផ្លូវ​ដល់​ការធ្វើប្រជាមតិ​លើក​ទី​ពីរ​ផង​នោះ​។​



​បន្ទាប់ពី​បរាជ័យ​បី​ដង​ទៅហើយ នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ បានរៀបចំ​កិច្ចព្រមព្រៀង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ថ្មី​មួយទៀត​។ ការព្យាយាម​លើក​បួន​នេះ អាច​ជាការ​ភ្នាល់​លើកចុងក្រោយ​សម្រាប់​លោក​ស្រី ម៉េ​យ៍ ដែល​ព្យាយាម​ឥត​សំចៃ​ក្នុងការ​អនុវត្តតាម​ល​ទ្ធ​ផល​ប្រជាមតិ​បី​ឆ្នាំមុន​ដែល​ប្រជាជ​អង់គ្លេស​ភាគច្រើន​ជ្រើសរើស​ការចាកចេញ​ពីស​ហ​ភាព​អឺរ៉ុប​នោះ​។ ខណៈ​ការចរចា​ជាមួយ​អឺរ៉ុប​មិនសូវ​លំបាក លោកស្រី ម៉េ​យ៍ បែរជា​ត្រូវ​ទ័លច្រក​ជាមួយ​អ្នកនយោបាយ​ក្នុងស្រុក​ខ្លួនឯង​ទៅវិញ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ដោយ​ប្រញាប់ប្រញាល់​នៅ​ថ្ងៃទី​២១ ខែឧសភា លោកស្រី ម៉េ​យ៍ បានស្នើ​ឲ្យ​អ្នកប្រឆាំង​ពិចារណា​សំណើ​ថ្មី​នេះ តែ​បាន​ព្រមាន​ថា ការប្រឆាំង​កិច្ចព្រមព្រៀង​ដែល​ត្រូវដាក់​ទៅកាន់​សភា​នៅពេល​ខាងមុខនេះ ជាការ​បោះឆ្នោត​ប្រឆាំង​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​។ នាយករដ្ឋមន្ត្រី​រូបនេះ អះអាងថា នេះ​ជា​ឱកាស​ចុងក្រោយ​ដើម្បី​ធ្វើតាម​បំណង​ប្រជាជន ហើយ​វា​ដល់​ពេលដែល​ក្រុមប្រឆាំង​បន្ទន់ឥរិយាបថ​វិញ​ហើយ​។​

​ក្នុង​សេចក្ដីស្នើច្បាប់​ស្ដីពី​ការចាកចេញ​ដែល​នឹង​បោះពុម្ព​អំឡុង​សប្ដាហ៍​នេះ ឬ​សប្ដាហ៍​ក្រោយ លោកស្រី ម៉េ​យ៍ សន្យា​ផ្ដល់​ការធានា​ជាថ្មី​សម្រាប់​សិទ្ធិ​កម្មករ ការការពារ​បរិស្ថាន និង​បញ្ហា​ព្រំដែន​ជាមួយ​អៀរ​ឡង់ និង​ការសម្របសម្រួល​ទាក់ទង​នឹង​សហភាព​ពន្ធគយ​រួមជាមួយ​អឺរ៉ុប​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ប្រមុខ​រដ្ឋាភិបាល​អង់​គ្លេ​ស ក៏​បើកផ្លូវ​ឲ្យ​សភា​មាន​សិទ្ធិ​បោះឆ្នោត​ថា ត្រូវធ្វើ​ប្រជាមតិ​ជា​លើក​ទី​ពីរ​ដើម្បី​សម្រេច​ចុងក្រោយ​លើ​ការចាកចេញ​ពី​អឺរ៉ុប​។​

​គ្រាន់តែ​លោកស្រី ម៉េ​យ៍ បញ្ចេញ​ចំណុច​សំខាន់ៗ​ខ្លះ​នៃ​សំណើ​កិច្ចព្រមព្រៀង​ថ្មី​ដែលមាន​១០​ចំណុច មេដឹកនាំ​បក្សប្រឆាំង និង​អ្នកនយោបាយ​បក្ស​អភិរក្ស​របស់លោក​ស្រី​ខ្លះ​បានបង្ហាញ​ជំហរ​ជំទាស់​បាត់ទៅហើយ​។ ប្រធាន​បក្ស​ពលករ​ដែលជា​បក្សប្រឆាំង Jeremy Corbyn និយាយថា សំណើ​ថ្មី​នេះ ជា​សំណើ​ចាស់​ប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល​លោកស្រី ម៉េ​យ៍ គ្មាន​សមត្ថភាព​ដើម្បី​បំពេញ​តាម​ការប្ដេជ្ញាចិត្ត​របស់​ខ្លួនឯងបាន​។

​ចំណែក​សមាជិកសភា​ប​ក្ស​កាន់អំណាច​មួយចំនួនទៀត ដែល​ធ្លាប់​បោះឆ្នោត​គាំទ្រ​សំណើ​ចាកចេញ​កាលពី​ខែមីនា​នោះ ប្រកាស​ជំទាស់​សំណើ​លើក​ទី​បួន​នេះ​។ អតីតរដ្ឋមន្ត្រី​ការបរទេស និង​ជា​សមាជិកសភា បូរី​ស ច​ន​សុន និយាយថា សំណើ​របស់​លោកស្រី ដើរ​ផ្ទុយ​ពី​គោលនយោបាយ​បក្ស ហើយ​លោក​នឹងមិន​បោះឆ្នោត​គាំទ្រ​ឡើយ​។ ចំណែក​អតីតរដ្ឋមន្ត្រី​ការងារ និង​សោធន​និវត្តន៍ Stephen Crabb បញ្ជាក់ថា គម្រោង​ប្រជាមតិ​ជាថ្មី ជា​រឿង​ហួសហេតុ​ពេក​៕




Tag:
 Brexit
  អឺរ៉ុប​
  ថេ​រ៉េ​សា ម៉េ​យ៍
© រក្សាសិទ្ធិដោយ thmeythmey.com