ជាតិ
សេដ្ឋកិច្ច
តម្លៃ​ជ្រូក​រស់​ឡើងដល់ ១១០០០​រៀល​មួយ​គីឡូក្រាម​, អ្នក​ចិញ្ចឹម​កំពុង​កើប​លុយ​?
22, May 2019 , 11:12 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នក​ក្នុង​វិស័យ​ចិញ្ចឹម​ជ្រូក​អះអាងថា អ្នក​ចិញ្ចឹម​ពិតជា​កំពុង​កាក់កប​ក្នុងស្ថានភាព​ទីផ្សារ​សព្វ​ថ្ងៃនេះ ខណៈ​ជ្រូក​រស់​ឡើងដល់​រង្វង់ ១១០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ តែ​តម្លៃ​នេះ ហាក់​មិនមាន​ស្ថិរភាព​នោះទេ ដោយ​ហេតុផល​ជំងឺប៉េស្ត​អាហ្វ្រិក និង​ករណី​បើ​វៀតណាម​អាច​នាំ​ចូលមក​កម្ពុជា​សាជាថ្មី​។ មួយវិញទៀត តម្លៃ​នេះ​ខ្ពស់​ពេក ដែល​អ្នកពាក់ព័ន្ធ​យល់ថា​តម្លៃ​សមរម្យ​គួរតែ​ត្រឹម ៩០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​


 
​កាលពី​ឆ្នាំ​២០១៧ គឺ​ចាប់ពី​ដើមឆ្នាំ​នោះ ទីផ្សារ​ជ្រូក​រស់នៅ​កម្ពុជា​ត្រូវបាន​វាយប្រហារ​ដោយ​ការ​នាំចូល​ជ្រូក​ពី​វៀតណាម ដោយ​សត្វ​ជ្រូក​ធ្លាក់​មក​ត្រឹម​រង្វង់ ៥០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ដែល​អ្នក​ចិញ្ចឹម​ថា​ក្រោម​ថ្លៃដើម​ផលិត​ឆ្ងាយ​។ អ្នក​ចិញ្ចឹម​ខ្នាតតូច​បាន​បោះ​បង់អស់​មួយចំនួនធំ​។ តែ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ទីផ្សារ​ជ្រូក​រស់នៅ​កម្ពុជា​បាន​ងើបឡើង​យ៉ាងខ្ពស់ ពោលគឺ​ហួស​ពី​ការចង់បាន​ទៅទៀត​។​
 
​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​មើលឃើញថា​តម្លៃ​ជ្រូក​រស់ ១១០០០​រៀល​នេះ​ពិតជា​ខ្ពស់​មែន ដែល​បង្កើត​ផល​ចំណេះ​ខ្លាំង​ដល់​អ្នក​ចិញ្ចឹម តែ​លោ​កថា​តែ​វា​ក៏​ជួយ​ប៉ះប៉ូវ ការខាតបង់​កន្លងមក គឺ​កាលដែល​តម្លៃ​ធ្លា​ក់មក ៥០០០​រៀល​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​តម្លៃ ១១០០០ ទៅ​១១៥០០​រៀល​នេះ គឺ​ចំណេញ​ច្រើន ហើយ​ច្រើន​ហួស​ពី​យើង​ចង់បាន​។ តែ​មកដល់​សព្វថ្ងៃនេះ ខ្ញុំ​គិតថា​អ្នក​ចិញ្ចឹម​ទើបតែ​រួចខ្លួន​ទេ ព្រោះ​កាល​ខាត គឺ​ខាត​ច្រើនពេក​»​។ 
 
​បើតាម​ប្រធាន​ស​មាគម​រូបនេះ អ្នក​ដែល​បោះបង់​ការចិញ្ចឹម​ជ្រូក​កាលពី​ខាតបង់​ខ្លាំង​ក្នុងអំឡុង​ឆ្នាំ​២០១៧ កន្លងមក គឺមាន​តែ ១​ភាគ​១០​ប៉ុណ្ណោះ ដែល​ងើប​មក​ចិញ្ចឹម​សារជាថ្មី​។​
​សព្វថ្ងៃ​ការ​ផ្គង់​ផ្គង់ ១០០​ភាគរយ គឺ​នាំចូល​ប្រមាណ ៣០​ភាគរយ និង​ចិញ្ចឹម​ក្នុងស្រុក ៧០​ភាគរយ ដោយ​ក្រុមហ៊ុន CP តែឯង​បាន​ផ្គត់ផ្គង់ ៥០​ភាគរយ​ទៅហើយ​។   នេះ​បើតាម​លោក ស្រ៊ុន ពៅ ។​
 
​គួរ​បញ្ជាក់ថា កន្លងមក​ការនាំ​ចូល​ជ្រូក ភាគច្រើន​គឺ​យក​ពី​វៀតណាម តែដោយសារ​ការផ្ទុះ​ជំងឺប៉េស្ត​អាហ្វ្រិក ការនាំ​ចូល​នេះ​ត្រូវ​បង្វែរ​យក​ពី​ប្រទេស​ថៃ​វិញ ដោយ​បិទ​ការនាំ​ចូល​ពី​វៀតណាម​។​
 
​លោក ស្រ៊ុន ពៅ ឲ្យ​ដឹងថា តម្លៃ​ជ្រូក​រស់​ដែល​អ្នក​ចិញ្ចឹម​អាច​ចំណេញ​គឺ​ពី ៨០០០ ទៅ ៩០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយក៏​ជាត​ម្លៃ​សមស្រប​សម្រាប់​អ្នក​បរិភោគ​ផងដែរ​។ លោក​បញ្ជាក់​ដូចនេះ​ថា​៖«​យើង​ចង់បាន​តម្លៃ​ទីផ្សារ​ពី ៨០០០ ទៅ ៩០០០​រៀល​បាន​ហើយ កុំ​ឲ្យ​វា​លើស​ជាង​នេះ​ពេក ដែល​យើង​ទូទាត់​អាច​ទទួលយកបាន​។ ហើយ​កាលណា​ឡើងថ្លៃ​ពេក​គឺ​ប៉ះពាល់​ដល់​អ្នក​បរិភោគ​រាប់លាន​នាក់​»​។​
 
​រីឯ​លោក លី ឡា​វី​ល អ្នកគ្រប់គ្រង​កសិក​ដ្ឋា​ន​ចិញ្ចឹម​ជ្រូក​នៃ​ក្រុមហ៊ុន M’s Pig របស់លោក ម៉ុង ឫទ្ធី ក៏​មើលឃើញថា តម្លៃ​ជ្រូក​រស់​សព្វថ្ងៃ​ផ្ដល់​ផលចំណេញ​ខ្ពស់​ដល់​អ្នកផ្គង់ផ្គង់​ផងដែរ ហើយ​លោក​ថា តម្លៃ​អាច​ទទួលយកបាន​គឺ​គួរតែ​ត្រឹម ៩០០០​រៀល​។ លោក​ប្រាប់ថា​ថ្លៃដើម​ផលិត គឺ​ក្នុង​រង្វង់ ៧៥០០​រៀល ឬ​អាច​ដល់ ៨០០០​រៀល​សម្រាប់​អ្នក​ចិញ្ចឹម​តូចៗ​ក្នុង​ជ្រូក​រស់​មួយ​គីឡូក្រាម ដូចនេះ​បើ​លក់​ចេញ ៩០០០ គឺ​អ្នក​ចិញ្ចឹម​អាច​ចំណេញ​បាន​ហើយ​។ 
 
​ទោះយ៉ាងណា​លោក ឡា​វី​ល មិន​សាទរ​នឹង​តម្លៃ​ខ្ពស់​នេះឡើយ ព្រោះ​ជាត​ម្លៃ​ដែល​គ្មាន​ស្ថិរភាព​។ «​អ្នក​ចិញ្ចឹម​ជ្រូក​ចង់​បានតែ ៩០០០​រៀល​ទេ តែ​ធ្វើ​យ៉ាងម៉េច​ឲ្យ​តម្លៃ​នោះ​មាន​ស្ថិរភាព​។ គេ​អត់​ចង់បាន​តម្លៃ ១១០០០​រៀល​នេះ​ទេ ខណៈ​វៀតណាម​តែ ៧០០០​រៀល​»​។​
 
​លោក ឡា​វិល អះអាងថា ដោយសារ​ជ្រូក​វៀតណាម​ហូរ​ចូល​មិន​រួច (​មិន​និយាយ​ដល់​ករណី​លួច​នាំចូល​តូចៗ​ខ្លះ​) ទើប​ជ្រូក​នៅ​កម្ពុជា​លក់បាន​ថ្លៃ​បែបនេះ បើ​ពុំ​ដូច្នោះ​ទេ​តម្លៃនឹង​ទាញ​តាម​តម្លៃ​ជ្រូក​វៀតណាម​មិន​ខាន​។ លោក​បន្តថា​តម្លៃ​ជ្រូក​នៅ​កម្ពុជា មិនមែន​អ្នក​ចិញ្ចឹម​ក្នុងស្រុក​ជា​អ្នកកំណត់​ទេ គឺ​តម្លៃ​រត់តាម​ទីផ្សារ​ប្រទេសជិតខាង ព្រោះ​កម្ពុជា​ពឹងផ្អែក​ការនាំ​ចូល​ពី​ប្រទេសជិតខាង​នៅឡើយ​។ 
 
​សព្វថ្ងៃ​ក្រសួងកសិកម្ម​បើក​ឲ្យ​នាំចូល​ជ្រូក​ពី ១០០០​ក្បាល ទៅ ១៥០០ក្បាល​ក្នុង​មួយថ្ងៃ​។ ដោយសារ​បិទ​ពី​វៀតណាម ដូចនេះ​ការនាំ​ចូល​នេះ​គឺ​យក​ពី​ប្រទេស​ថៃ​។ បើតាម​លោក ឡា​វិល តម្លៃ​ជ្រូក​នៅ​ថៃ​ក៏​ខ្ពស់​ដែរ គឺ​ប្រមាណ ១០០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ដូចនេះ​មិន​ទាញ​ឲ្យ​តម្លៃ​ជ្រូក​នៅ​កម្ពុជា​ធ្លាក់​មកក្រោម​នេះ​។ 
 
​ទោះ​តម្លៃ​ជ្រូក​បាន​ខ្ពស់ តែ​ស្ថានភាព​សព្វថ្ងៃ​នៅតែ​គំរាមកំហែង​ដល់​ទាំង​អ្នក​ចិញ្ចឹម​ស្រាប់ និង​អ្នក​ចង់​មក​ចិញ្ចឹម​ឡើងវិញ ព្រោះតែ​ជំងឺប៉េស្ត​អាហ្វ្រិក និង​លទ្ធភាព​ជ្រូក​ពី​ប្រទេសជិតខាង​អាច​ត្រូវ​នាំចូល​ខ្លាំង​នៅពេល​ជំងឺ​នេះ​ផុតរលត់​។ 
 
​តប​សំណួរ​ថា ហេតុអ្វី​កសិក​ដ្ឋា​ន M’s Pig មិន​ពង្រីក​ការចិញ្ចឹម​ឲ្យ​ខ្លាំង ដើម្បី​ចាប់​ឱកាស​ជ្រូក​ឡើងថ្លៃ​នេះ លោក លី ឡា​វី​ល ឆ្លើយ​ប្រាប់​ដូច្នេះ​ថា​៖«​នរណា​ហ៊ាន បើ​ជ្រូក​នៅ​វៀតណាម​ថ្លៃ ៧០០០​រៀល ហើយ​ឧទាហរណ៍​រដ្ឋាភិបាល​ថា​ជ្រូក​ថ្លៃ​ណាស់ ឲ្យ​ជ្រូក​ចូលមក​វិញ នោះ​តម្លៃនឹង​ដូច​វៀតណាម​ទៅហើយ​។ នេះ​ដោយសារ​ផ្ទុះ​ជំងឺ​នៅ​វៀតណាម តែបើ​គ្មាន​ជំងឺ​នៅ​វៀតណាម​ទេ ជ្រូក​ខ្មែរ​លក់បាន​ដល់ ៩០០០ ឬ​១០០០០​រៀល​បាន​ដោយ​របៀប​ណា​»​។ 
 
​លោក ឡា​វី​ល ថ្លែងបន្ត​ដូច្នេះ​ថា​៖«​ឥឡូវនេះ​យើង​អត់​ផ្ទុះ​ជំងឺ​ខ្លាំង​ទេ តែ​ឧបមា​ថា​ផ្ទុះ​រាលដាល​ដូច​នៅ​វៀតណាម ជ្រូក​នឹង​ធ្លា​ក់មក ៧០០០​រៀល ដូចនេះ​សួរថា​មាន​ស្ថិរភាព​មកពីណា នរណា​ហ៊ាន​ចិញ្ចឹម​»​។​
 
​ក្រុមហ៊ុន M’s Pig ផ្គង់​ផ្គង់​ប្រមាណ ៥​ទៅ​៨​ភាគរយ​នៃ​ចំណែក​ទីផ្សារ​សរុប​នៅ​កម្ពុជា បើ​ធៀប​នឹង​ក្រុមហ៊ុន CP គឺ​តិចជាង​ជិត​១០​ដង​ឯណោះ​។ នេះ​បើតាម​លោក លី ឡា​វី​ល ។​
 
​ទាក់ទិន​នឹង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ទាំង​លោក ស្រ៊ុន ពៅ និង​លោក លី ឡា​វី​ល សរសើរ​ចំណាត់ការ​របស់​ក្រសួងកសិកម្ម ក្នុងការ​ទប់ស្កាត់​ជំងឺ​នេះ​មិន​ឲ្យ​រាលដាល​ទៅ​ខេត្ត​ផ្សេងទៀត ក្រៅពី​តំបន់​ដែល​កើត​ជំងឺ​នេះ​នៅ​ខេត្តរតនគិរី និង​ស្នើ​ឲ្យ​ក្រសួង​បន្ត​ការប្រឹងប្រែង​នេះ​ទៀត​៕
 

Tag:
 ជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com