ជាតិ
​​​ន​យោ​បាយ​ជាតិ​
នយោបាយការ៉ុត និងដំបង!
22, May 2019 , 12:09 pm        
រូបភាព
ភ្នំពេញ៖ អ្វីទៅជានយោបាយការ៉ុត និងដំបង «Carrot and Stick Policy» ឬ «Politique (f.) de la carotte et du baton»? នយោបាយនេះ គឺសំដៅទៅលើការដោះស្រាយបញ្ហានានា តាមរយៈការប្រើប្រាស់នយោបាយការទូត បែបវិធានការក្តៅ និងត្រជាក់។



វាអាចមានការយល់ឃើញ ហើយឲ្យនិយមន័យផ្សេងៗគ្នា លើពាក្យនយោបាយការ៉ុត និងដំបង ពីសំណាក់សាស្រ្តាចារ្យ ឬអ្នកសិក្សាស្រាវជ្រាវលើផ្នែកការទូត ,ភូមិសាស្រ្តនយោបាយ ឬទំនាក់ទំនងការបរទេសជាដើម នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែនៅពេលនេះ សារព័ត៌មានThmeyThmey សូមលើកយកនិយមន័យនយោបាយការ៉ុត និងដំបង ដែលដកស្រង់ចេញពីសទ្ទានុក្រមវិទ្យាសាស្រ្តនយោបាយ និងការទូតខ្មែរ -អង់គ្លេស-បារាំង ក្រុមប្រឹក្សាជាតិភាសាខ្មែរ ឆ្នាំ២០១៤ មកពន្យល់ដូចខាងក្រោម៖

តាមរយៈសទ្ទានុក្រមនេះ ពាក្យនយោបាយការ៉ុត និងដំបង ចង់សំដៅទៅលើនយោបាយប្រើប្រាស់ការទូតផង និងកម្លាំងផង នៅក្នុងពេលតែមួយ តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន រួមមានការចរចា ការផ្ដល់ជំនួយ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការផ្ដាច់ទំនាក់ទំនងការទូត និងការប្រើប្រាស់កម្លាំងយោធាជាដើម។

ក្នុងន័យនេះ គេអាចឲ្យជាឧទាហរណ៍បាន ទាក់ទងនឹងការប្រើប្រាស់នយោបាយការ៉ុត និងដំបងរបស់អង្គការសហប្រជាជាតិ ចំពោះប្រទេសអ៊ីរ៉ង់ ជុំវិញបញ្ហាអាវុធនុយក្លេអ៊ែរ នាពេលកន្លងមក ដោយមានទាំងការប្រើប្រាស់នយោបាយការទូតចរចាដោយសន្តិវិធី និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីជាសម្ពាធឲ្យអ៊ីរ៉ង់បញ្ឈប់សកម្មភាព និងបំណងដែលចង់ផលិតអាវុធបរមាណូ ។ តាមរយៈនយោបាយនេះ អង្គការសហប្រជាជាតិ ក៏បានអនុម័តកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ស្តីពីអាវុធនុយក្លេអ៊ែរ កាលពីខែកក្កដា ឆ្នាំ២០១៥ ដែលជាកិច្ចព្រមព្រៀងមិនឲ្យអ៊ីរ៉ង់ ផលិតអាវុធបរមាណូ ជាថ្នូរនឹងការលុបចោលទណ្ឌកម្មសេដ្ឋកិច្ច ពីសំណាក់អង្គការសហប្រជាជាតិ និងពួកបស្ចិមប្រទេស។

ឧទាហរណ៍ជាក់ស្ដែងមួយទៀត គេអាចឃើញការប្រើប្រាស់នយោបាយការ៉ុត និងដំបង រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ជុំវិញបញ្ហានុយក្លេអ៊ែរផងដែរ។ កន្លងមកអាមេរិក តែងតែព្រមានប្រើកម្លាំងយោធា និងការដាក់ទណ្ឌសេដ្ឋកិច្ច ដោយមានការគាំទ្រពីសំណាក់ប្រទេសម្ព័ន្ធមិត្តខ្លួន លើប្រទេសកូរ៉េខាងជើង។ ប៉ុន្តែកូរ៉េខាងជើង មិនបានចុះញ៉មនឹងការគំរាមកំហែងរបស់អាមេរិកនេះឡើយ។ កូរ៉េខាងជើង ថែមទាំងផ្គើនអាមេរិក និងសម្ព័ន្ធមិត្តរបស់ប្រទេសមហាអំណាចមួយនេះ តាមរយៈការសាកល្បងអាវុធនុយក្លេអ៊ែរជាបន្តបន្ទាប់ ព្រមទាំងព្រមានចង់សាកកម្លាំងយោធាជាមួយអាមេរិកទៀតផង។ ប៉ុន្តែចុងក្រោយ ប្រទេសទាំងពីរ បានឈានចូលតុចរចាដោយសន្តិវិធីរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ចំនួន២ដងរួចមកហើយ គឺជំនួបនៅសិង្ហបុរី កាលពីឆ្នាំ២០១៨ និងនៅវៀតណាមនៅឆ្នាំ២០១៩នេះ។ ចំណុចទាំងនេះ គឺជានយោបាយការ៉ុត និងដំបង។

អត្ថបទទាក់ទង
  

ពាក្យនយោបាយការ៉ុត និងដំបងនេះ គឺដកស្រង់ចេញពីសទ្ទានុក្រមវិទ្យាសាស្ត្រនយោបាយ និងកាទូតខ្មែរ អង់គ្លេស បារាំង ដែលចងក្រងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលផ្ដល់សិទ្ធិឲ្យសារព័ត៌មានThmeyThmey ចុះផ្សាយ។

ប្រវត្តិសង្ខេប៖ នយោបាយការ៉ុត និងដំបង គឺចេញពីរូបថ្លុករបស់លោក Boardman Robinson (កើតនៅឆ្នាំ១៨៧៦ និងស្លាប់នៅឆ្នាំ១៩៥២) ដែលជាអ្នកនិពន្ធ វិចិត្រករ និងជាអ្នកគូររូបថ្លុកកំប្លែង សញ្ជាតិកាណាដា-អាមេរិក។ លោក Boardman បានកើតនៅក្នុងរដ្ឋ Nova Scotia ប្រទេសកាណាដា។ លោក បានគូររូបថ្លុកមួយ ដែលបង្ហាញពីមនុស្សជិះលើខ្នងសត្វលា ដោយក្នុងដៃកាន់ដំបងផង និងមានឈើមួយចងខ្សែនិងការ៉ុត ដាក់នៅពីមុខសត្វលា ដើម្បីបញ្ឆោតឲ្យសត្វលានោះ ខំប្រឹងធ្វើដំណើរទៅមុខ ដើម្បីតាមខាំស៊ីការ៉ុតនៅចំពោះមុខ។ អត្ថន័យនេះ គឺចង់បង្ហាញថា ម្ចាស់សត្វលានោះ មិនចង់ប្រើប្រាស់ដំបងវាយទៅលើសត្វលា ដើម្បីឲ្យដើរទៅមុខទេ ប៉ុន្តែគេចង់ប្រើធម៌ត្រជាក់ ដោយប្រើប្រាស់ការ៉ុតបញ្ឆោតសត្វលានោះ ឲ្យដើរទៅមុខជំនួសការប្រើប្រាស់ហិង្សាលើសត្វវិញ។ លោក Boardman បានគូររូបថ្លុកនេះ នៅក្នុងឆ្នាំ១៩១៦។ 

តាមរយៈរូបភាពបែបនេះហើយ ទើបមេដឹកនាំពិភពលោក ក្នុងតំបន់អឺរ៉ុប យកនិយមន័យរូបភាពនោះ មកបង្កើតទៅជាគោលនយោបាយការ៉ុត និងដំបង។ គោលនយោបាយនេះ ត្រូវបានលោក Sir Winston Leonard Spencer-Churchill (កើតនៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ ១៨៧៤ ដល់ ២៤ មករា ១៩៦៥) ដែលជាអតីតរដ្ឋបុរសនៃចក្រភពអង់គ្លេស ហើយក៍ជាអ្នកនិពន្ធនោះ បានយកពាក្យ«ការ៉ុត និងដំបង» ប្រើប្រាស់ដំបូងគេ នៅក្នុងជំនួបជជែកពិភាក្សាការងារពីយុទ្ធសាស្ត្រដឹកនាំ។ លោក Sir Winston Leonard Spencer-Churchill ជាមេដឹកនាំប្រទេសអង់គ្លេសពីឆ្នាំ១៩៤០ ដល់១៩៥៥។ ហើយគោលនយោបាយការ៉ុត និងដំបងនេះ ក៏ត្រូវបានលោក Joseph Vissarionovich Stalin (១៨ ធ្នូ ១៩៧៨ ដល់ ៥ មីនា ១៩៥៣ ) ដែលជាអតីតមេដឹកនាំសហភាពសូវៀត (បច្ចុប្បន្នជាប្រទេសរុស្ស៊ី) យកទៅប្រើប្រាស់គ្រប់គ្រង់ទៅលើបណ្ដារដ្ឋ ដែលស្ថិតក្រោមឥទ្ធិពលខ្លួនផងដែរ។ លោក Joseph Vissarionovich Stalin បានដឹកនាំសហភាពសូវៀត ពីឆ្នាំ១៩២០ ដល់ ១៩៥៣៕

Tag:
 នយោបាយ
  សន្ទានុក្រម
  ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com