ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​ទឹកដូង គួរតែ​ញ៉ាំ​ពេលណា ទើប​ល្អ​បំផុត​?
23, May 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទឹកដូង​ត្រូវបាន​គេ​ស្គាល់​ថា ជា​ភេសជ្ជៈ​ធម្មជាតិ​ដ៏​ល្អ​បំផុត​។ វា​មាន​កាឡូរី​ទាប និង​មាន​ជាតិ​រ៉ែ ព្រមទាំង​អង់ស៊ីម​ធម្មជាតិ​ជាច្រើន​ដូចជា ប៉ូ​តា​ស្យូ​ម​ជាដើម ដើម្បី​ក្លាយខ្លួនជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​។ យើង​អាច​ញ៉ាំ​ទឹកដូង​បាន​គ្រប់ពេល មិន​ថា ពេល​មាន​ជំងឺ មិន​ស្រួលខ្លួន ឬ​ស្រេកទឹក​ឡើយ​។ ប៉ុន្តែ​ការ​ញ៉ាំ​វា​តាម​ពេលវេលា​ដែល​ត្រឹមត្រូវ​អាច​បង្កើន​ជា​ប្រយោជន៍​ចំពោះ​សុខភាព​បាន​។


 
​ដូច្នេះ​ខ្ញុំ​សូម​ណែនាំ​អំពី​ពេលវេលា​ដែល​ល្អ​បំផុត​ក្នុងការ​ទទួលទាន​ទឹកដូង​ដូចខាងក្រោម​នេះ​៖
 
​ពេលព្រឹក​ជាពិសេស​មិនទាន់​មានអី​ក្នុង​ពោះ​
 
​វត្តមាន Luaric Acid របស់​ទឹកដូង​ដែល​ញ៉ាំ​ក្នុងពេល​មិនទាន់មាន​អ្វី​ក្នុង​ពោះ នឹង​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង​បែប​ធម្មជាតិ ច្រោះ​ជាតិពុល​ក្នុង​ខ្លួន និង​ជំរុញ​ដល់​ការរំលាយ​អាហារ​។ ជាមួយគ្នានេះដែរ ការ​ញ៉ាំ​ទឹកដូង​ទៀងទាត់​នឹង​ជួយ​រក្សា​តុល្យភាព​អេ​ឡិច​ត្រូ​លីត្រ ដូច្នេះ​វា​នឹង​ពង្រឹង​ដល់​មុខងារ​ពោះវៀន និង​សម្រួល​ដល់​សម្ពាធ​ឈាម​ផង​។ 

​មុន​ឬ​ក្រោយ​ហាត់ប្រាណ​
 
​ទឹកដូង​គឺជា​ភេសជ្ជៈ​កីឡា​បែប​ធម្មជាតិ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ការបង្កើន​ថាមពល និង​បង្គ្រប់​ជាតិ​ទឹក​ក្នុង​រាងកាយ​មុនពេល​ហាត់ប្រាណ​។ ក្រោយពី​ហាត់ប្រាណ​រួច ទឹកដូង​នឹង​ជួយ​ជំនួស​ឡើងវិញ​នូវ​អេ​ឡិច​ត្រូ​លីត្រ​ដែល​បាត់បង់​។ វា​ក៏​ជួយ​ប្រឆាំង​ការនឿយហត់ អស់កម្លាំង និង​បង្កើន​ថាមពល​ទ្វេដង​ផងដែរ​។ 
 
​មុនពេល និង​ក្រោយ​ពេលបាយ​
 
​ការ​ញ៉ាំ​តឹក​ដូង​មុន​ពេលបាយ​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆាប់​ឆ្អែត និង​បង្ការ​កុំ​ឲ្យ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​បាន​។ ខណៈពេលដែល​ការ​ញ៉ាំ​ទឹកដូង​ក្រោយ​បាយ​អាចជួយ​បង្កើន​ការរំលាយ​អាហារ និង​បញ្ហា​ដូចជា​ចង្អោ ឬ​ហើមពោះ តែ​សារធាតុ Tannins របស់​ទឹកដូង​នឹង​ប្រឆាំង​ការបង្ក​រោគ​ក្នុង​ពោះវៀន​បានដែរ​។ 
 
​មុនពេល​គេង​
 
​ចូរ​ញ៉ាំ​ទឹកដូង​ខ្លះ​មុនពេល​គេង ដើម្បី​រំងាប់​អារម្មណ៍ និង​ប្រឆាំង​ស្ត្រេ​ស​។ ការ​ញ៉ាំ​ទឹកដូង​នៅពេល​គេង​អាចជួយ​សម្អាត​ផ្លូវ​បង្ហួរនោម និង​ច្រោះ​ជាតិពុល​បាន ដូច្នេះ​វា​ក៏​បង្ការ​ការបង្ក​រោគ និង​បញ្ហា​នៅ​តម្រងនោម​ផងដែរ​។ 
 
​សម្រាប់​អ្នក​ស្រវឹង​
 
​គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន ដែល​អាច​នាំ​ឲ្យ​ឈឺក្បាល និង​អារម្មណ៍​ចង្អោ​នៅពេល​ព្រឹក​បាន​។ ទឹកដូង​អាចជួយ​ទប់ស្កាត់​រឿង​ទាំងពីរ​នេះ​បាន ហើយក៏​ជួយ​ស្តា​ឡើងវិញ​នូវ​ចំនួន​អេ​ឡិច​ត្រូ​លីត្រ​ដែល​បាត់បង់​ដែរ ដូច្នេះ វា​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​កាន់តែ​ល្អ​។ 
 
​ក្នុងពេល​មាន​ផ្ទៃពោះ​
 
​វា​គឺជា​រឿង​មាន​សុវត្ថិភាព​ណាស់​ក្នុងការ​ញ៉ាំ​ទឹកដូង​កម្រិត​មធ្យម​ក្នុងពេល​មាន​ផ្ទៃពោះ ព្រោះ​វា​ផ្ទុក​ទោ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​។ ទឹកដូង​នឹង​សម្រួល​ដល់​ការ​ខ្សោះ​ជាតិ​ទឹក​ដែល​បង្កឡើង​ដោយ​ការ​ចាញ់កូន​ក្នុង​ត្រីមាស​ដំបូង​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com