កីឡាអន្តរជាតិ
អន្តរជាតិ
Pep ចេញពី Man City ទៅ​ចូលរួម​ជាមួយ Juventus ដោយ​ចុះកិច្ចសន្យា​៤​ឆ្នាំ​?
22, May 2019 , 3:58 pm        
រូបភាព
Pep Guardiola បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ចាក​ចេញពី​ក្រុម​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស Manchester City និង​ទៅ​បន្ត​តួនាទី​ជា​អ្នកចាត់ការ​ទូទៅ Juventus ជំនួស​លោក Massimiliano Allegri វិញ​។ នេះ​បើតាម​អ្នកយកព័ត៌មាន​ម្នាក់​។


 
​យោងតាម​ប្រភពពី​អ៊ីតាលី​តាមរយៈ​អ្នកយកព័ត៌មាន​លោក Adriano Del Monte របស់​ទូរទស្សន៍ SuperSportTV ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល​៤​ឆ្នាំ​ជាមួយ​ក្រុម​រហស្សនាម​សេះបង្កង់​ដោយ​គិត​ចាប់ពី​រដូវ​កាល​ក្រោយ​ទៅ​។​
 
 
​ក្នុង​វ័យ​៤៨​ឆ្នាំ លោក Pep បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​នៅ​ទឹកដី​អង់គ្លេស​តាមរយៈ​ការជួយ Man City លើក​ពាន​ក្នុងស្រុក​ចំនួន ៣ ក្នុង​មួយ​រដូវ​កាល​ក្នុងនោះ​មាន FA Cup, EFL Cup និង Premier League​។ 
 
​យ៉ាងណា​អតីត​គ្រូ Barcelona និង Bayern Munich រូបនេះ​បាន​បរាជ័យ​ក្នុង​ក្របខណ្ឌ​អឺរ៉ុប Champions League ជាថ្មី​ម្តងទៀត​បន្ទាប់ពី​មេឃ​ខៀវ​ចាញ់​Tottenham Hotspur ត្រឹម​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​។​
 
​ប្រសិន​ការ​លេច​ធ្លាយ​ព័​ត៌​នេះ​ជាការ​ពិត​នោះ Pep នឹង​កាន់កាប់​ក្រុម​យក្ស​អ៊ីតាលី​ដែល​ឈ្នះ​ពាន Serie A ចំនួន​៨​រដូវ​កាល​ជាប់​គ្នា​រួចទៅហើយ និង​ផ្តោត​សំខាន់​តែ​លើ​ការ​ឈ្នះ​ពាន​លំដាប់​កំពូល​អឺរ៉ុប​តែមួយ​មុខ​ប៉ុណ្ណោះ​។ ក្រុម​ដែល​សម្បូរ​ទៅដោយ​កីឡាករ​ល្អៗ​ជាច្រើន​ដូចជា Cristiano Ronaldo, Paulo Dybala និង Leonardo Bonucci ជាដើម​នោះ នឹង​បន្ថែម​ខ្ទង់ចំណាយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៀត​នៅ​រដូវ​កាល​ក្រោយ​បន្ទាប់ពី​ធ្លាក់​ក្រោម​ថ្វី​ជើង Ajax ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ Champions League​។​
 
​មួយវិញទៀត ការផ្ទេរ​ទៅកាន់​ក្រុម Juventus នេះ​នឹងធ្វើ​ឲ្យ​អ្នកគាំទ្រ Man City ខកចិត្ត​មិន​ស្ទើរ​ទេ​ខណៈដែល​បុរស​ដែល​កើត​នៅ​ទឹកដី Catalonia រូបនេះ​ទើបតែ​បានលើកឡើង​ថា​លោក​នឹង​បន្ត​ស្នាក់នៅ​ទឹកដី Etihad ហោចណាស់​ពីរ​ឆ្នាំ​ទៀត​៕
 

Tag:
 បាល់ទាត់​
  Pep Guardiola
© រក្សាសិទ្ធិដោយ thmeythmey.com