អត្ថបទពាណិជ្ជកម្ម
អ្នកជំនាញ​ផលិត​ស្រា​បៀ និង​ភេសជ្ជៈ​ជុំវិញ​ពិភពលោក នឹង​មក​ទស្សនកិច្ច​សិក្សា​ស្វែងយល់ ពី​បច្ចេកវិទ្យា​ទំនើប​នៅ​រោងចក្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស​
22, May 2019 , 5:49 pm        
រូបភាព
ដោយ: ថ្មីៗ
​រោងចក្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស នឹង​ធ្វើជា​ម្ចាស់ផ្ទះ ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច របស់​សិក្ខាកាម​ដែល​មកពី​ជាង​១០​ប្រទេស ជុំវិញ​ពិភពលោក ដែល​មក​ចូលរួម​សិក្ខាសាលា ស្តីពី​ការផលិត​ស្រា​បៀ ទីក្រុង​បាងកក ឆ្នាំ​២០១៩ នាពេល​ឆាប់ៗ​ខាងមុខនេះ​។
 
​សិក្ខាសាលា ស្តីពី​ការផលិត​ស្រា​បៀ​ទីក្រុង​បាងកក ២០១៩ គឺជា​សិក្ខាសាលា ដែល​រៀបចំ​រួមគ្នា​ដោយ​សមាគមន៍ នៃ​ឧ​ស្សហកម្ម​ផលិត​ស្រា​បៀ ក្នុងប្រទេស​ថៃ (Thailand Beer Industry Guild) និង​សាកលវិទ្យាល័យ​ប៊ឺ​លីន (University of Berlin) ក្នុងប្រទេស​អាល្លឺម៉ង់ ដើម្បី​ចែករំលែក​បទពិសោធន៍ ចំណេះដឹង និង​ការសិក្សា​ស្រាវជ្រាវ​ថ្មីៗ​ទាក់ទង​នឹង​បច្ចេកវិទ្យា​ចុងក្រោយបង្អស់ ក្នុងការ​ផលិត​ស្រា​បៀ និង​ភេសជ្ជៈ​។ 


 
​សិក្ខាកាម​ទាំងនោះ សុទ្ធសឹងតែ​ជា​អ្នកជំនាញ អ្នកស្រាវជ្រាវ អ្នកផ្គង់ផ្គង់ ក៏ដូចជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ក្នុង​ឧស្សាហកម្ម​ផលិត​ស្រា​បៀ និង​ភេសជ្ជៈ​មកពី​ជុំវិញ​ពិភពលោក​។​
​ដំណើរ​ទស្សនកិច្ច​រោង​ចក្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស នេះ នឹង​ផ្តោតទៅលើ​គ្រឿងចក្រ និង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយបង្អស់ ដែល​ប្រើប្រាស់​ក្នុងការ​ផលិត​ស្រា​បៀ​កម្ពុជា និង​ភេសជ្ជៈ​ផ្សេងៗ​ទៀត​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​។​


 
​ដំណើរ​ទស្សនកិច្ច​រោង​ចក្រ​ផលិត​ស្រា​បៀ និង​ភេសជ្ជៈ គឺជា​សកម្មភាព​មួយ របស់​សិក្ខាសាលា​រយៈពេល​៣​ថ្ងៃ ដែល​គណៈប្រតិភូ អាចមាន​ឱកាស​ដើរ​ទស្សនកិច្ច និង​ទស្សនា​ដោយផ្ទាល់​ពី​ចង្វាក់ ផលិតកម្ម​ស្រា​បៀ និង​ភេសជ្ជៈ ក្នុង​រោងចក្រ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ 
 
​រោងចក្រ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺជា​រោងចក្រ​ក្នុងស្រុក​របស់​ខ្មែរ​ដំបូងបង្អស់ ដែល​រៀបចំ​ទទួល​ការជួបជុំ អ្នកជំនាញ​ជាន់ខ្ពស់ ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​ស្រា​បៀ និង​ភេសជ្ជៈ​ក្នុងប្រទេស​កម្ពុជា​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com