កីឡាអន្តរជាតិ
អន្តរជាតិ
Hiroshima ធ្វើឲ្យ Keisuke Honda ខកចិត្តសម្រាប់ជំនួបចុងក្រោយនៅ Melbourne
×
ជំនួបលាគ្នារបស់ Keisuke Honda ជាមួយក្លិប Melbourne Victory ទទួលបានត្រឹមខកចិត្តប៉ុណ្ណោះក្រោយចាញ់ Sanfrecce Hiroshima ៣-១ ក្នុងផ្ទះខ្លួនឯង នាការប្រកួតជុំចុងក្រោយពូល F ពានរង្វាន់ AFC Champions League នៅថ្ងៃទី២២ ខែឧសភា។
Honda បានប្រកាសរួចហើយថាជំនួបរវាង Melbourne និង Hiroshima ជាការបង្ហាញខ្លួនចុងក្រោយរបស់គេសម្រាប់ក្រុមនៃលីគកំពូលអូស្ត្រាលី A-League នេះ។ អតីតខ្សែបម្រើក្រុមជម្រើសជាតិជប៉ុនវ័យ៣២នេះបានផ្លាស់ពី Pachuca នៃលីគកំពូលម៉ិកស៊ិកទៅកាន់ទឹកដីអូស្ត្រាលីដោយចុះកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយ Melbourne កាលពីខែសីហាឆ្នាំ ២០១៨។
Taishi Matsumoto ជាអ្នករកគ្រាប់បាល់នាំមុខឲ្យ Hiroshima តាំងពីនាទីទី៥ ដោយលទ្ធផល ១-០ បន្តរហូតចប់វគ្គទី១។ ចូលដល់តង់ទី២ ខណៈការប្រកួតដំណើរការបាន២៥នាទី Ola Toivonen បានរកគ្រាប់បាល់តាមស្មើឲ្យ Melbourne វិញ មុនពេល Yusuke Minagawa និង Tsukasa Morishima រកបានម្នាក់មួយគ្រាប់ដើម្បីជួយ Hiroshima ឈ្នះក្រុមរបស់ Honda ដោយលទ្ធផល ៣-១។
Melbourne អស់សិទ្ធិទៅវគ្គបន្តក្រោយរកបានតែមួយពិន្ទុប៉ុណ្ណោះពីការប្រកួត៥លើក ខណៈ Hiroshima ក្រុមពីលីគកំពូលជប៉ុន J.League បានកៅអីទៅវគ្គ១៦ចុងក្រោយសម្រាប់ពានក្របខណ្ឌតំបន់អាស៊ី ACL នេះ ដោយបញ្ចប់ទៅក្នុងកំពូលតារាងពូល F មាន១៥ពិន្ទុ។ Guangzhou Evergrande ស្ថិតនៅចំណាត់ទី២មាន១០ពិន្ទុក៏បានទៅវគ្គបន្តដែរ ហើយ Daegu FC ដែលរកបាន៩ពិន្ទុត្រូវហាលអាវ។
វាជារឿងគួរឲ្យសោកស្តាយផងដែរសម្រាប់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជារូបនេះដែលមិនអាចជួយក្រុមទទួលបានលទ្ធផលល្អសម្រាប់ការបង្ហាញខ្លួនលើកចុងក្រោយរបស់ខ្លួន។
មួយវិញទៀតការចាកចេញពី Melbourne Victory របស់ Honda គេមិនទាន់ដឹងពត៌មានច្បាស់ការណាមួយថាកីឡាកររូបនេះនឹងទៅប្រកបអាជីពជាមួយក្លិបណាផ្សេងនៅឡើយទេ ហើយក៏មិនប្រាកដថារូបគេនឹងមកជួយពង្រឹងសមត្ថភាពក្រុមជម្រើសជាតិកម្ពុជា ដោយចំណាយពេលច្រើនជាងមុនឬយ៉ាណានោះដែរ៕
VIDEO
© រក្សាសិទ្ធិដោយ thmeythmey.com