ជាតិ
ពីនេះ ពីនោះ
ត្រីក្រាយ ចាប់សត្វល្អិតដែលធ្វើសកម្មភាពនៅលើផ្ទៃទឹក នាពេលយប់ជាអាហារ ត្រីក្រាយ។ រូបភាព៖ Dinh D. Tran / ffish.asia
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីមានស្រកាមួយប្រភេទ ដែលជាប្រភេទត្រីទឹកសាប រស់នៅក្នុងទន្លេធំៗ និងមធ្យម ដែលមានចរន្តទឹកហូរ និងជាពិសេសក្នុងអាងទឹកជ្រៅតាមដងទន្លេមេគង្គ និងទន្លេសាប។
ត្រីក្រាយ មានឈ្មោះវិទ្យាសាស្ត្រ (Chitala ornata) និងឈ្មោះជាភាសាអង់គ្លេស Clown featherback ដែលយើងអាចសម្គាល់វាបាន តាមរយៈចំណុចមូលខ្មៅៗ ៧-៩ ចំណុច ស្ថិតនៅក្បែរព្រុយពោះ តាមបណ្តោយដងខ្លួនផ្នែកខាងកន្ទុយ។ ត្រីក្រាយ មានប្រវែងដងខ្លួនអតិបរមា ១០០ ស.ម និងទម្ងន់អតិបរមា ៥គីឡូក្រាម។
ត្រីក្រាយ ជាប្រភេទ ««មំសាហារសត្វ»» ពោលគឺជាប្រភេទត្រីដែលស៊ីសាច់ជាអាហារ។ វាស៊ីពពួកសត្វល្អិតដែលធ្វើសកម្មភាពនៅលើផ្ទៃទឹកនាពេលយប់ និងពពួកសត្វមានសម្បកដូចជាក្តាម កំពិសជាដើមជាអាហារ។ ត្រីក្រាយធ្វើចរាចរផ្លាស់ទីចូលទៅក្នុងតំបន់ព្រៃលិចទឹក ដូចជាបឹងទន្លេសាប ក្នុងអំឡុងពេលទឹកទន្លេមេគង្គចាប់ផ្តើមឡើង និងហូរឆ្លងកាត់ទន្លេសាប ចូលទៅក្នុងបឹងទន្លេសាប ចាប់ពីខែមិថុនា ដល់ខែតុលា។ ពេលទឹកស្រក វាត្រឡប់ចូលមកក្នុងបឹង ស្ទឹង និងទន្លេវិញ។ ត្រីក្រាយ ជាប្រភេទត្រីពងដាក់ឲ្យតោងព្រៃលិចទឹក ឬផ្ទាំងថ្មក្នុងទឹក ទីដែលមានចរន្តទឹកនឹង ដោយទាំងញីទាំងឈ្មោលនៅការពារសម្បុកពងរបស់វា។
ត្រីក្រាយ ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីរក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១២ ជាប្រភេទត្រីមានការព្រួយបារម្ភតិចតួច ដែលនឹងឈានទៅផុតពូជ។ ការនេសាទហួសកម្រិតពីអតីតកាល និងទៅអនាគត ការបាត់បង់ និងការប្រែប្រួលទីជម្រក ការបាត់បង់ព្រៃលិចទឹក ការសាងសង់ទំបន់វារិអគ្គិសនី ទំនងជាបញ្ហាអវិជ្ជមាន ដែលបន្តប៉ះពាល់ដល់ជីវិតមច្ឆាប្រភេទនេះ និងប្រភេទផ្សេងទៀតនាពេលបច្ចុប្បន្ន។
© រក្សាសិទ្ធិដោយ thmeythmey.com