ONE Championship
កីឡាជាតិ
ជាតិ
កីឡាករ MMA ថៃ រិទ្ធី ទៅ​បង្ហាត់​ប្រដាល់​នៅ​សៀមរាប​ទទួល​ប្រាក់​ឈ្នួល​ច្រើនជាង​នៅ​ភ្នំពេញ​
23, May 2019 , 8:59 pm        
រូបភាព
ដោយ​៖ ស៊ី​ធី​

​កីឡាករ ថៃ រិទ្ធី ដែល​ចាប់ផ្ដើម​ប្រឡូក​ក្បាច់គុន​ចម្រុះ​តាំងពី​ឆ្នាំ ២០១៣ មក​នោះបាន​សម្រេចចិត្ត​ទៅ​បង្ហាត់​គុន​ខ្មែរ​នៅ​ក្លិប​ប្រដាល់ «MrLy Gym and Boxing» នៅ​ខេត្តសៀមរាប ដោយ​ផ្អែកលើ​ហេតុផល​ទទួលបាន​ប្រាក់កម្រៃ​ល្អប្រសើរ​ជាង​នៅ​ភ្នំពេញ​ទោះ​ឆ្ងាយ​ពី​គ្រួសារ​ក្ដី​។

 
​អ្នកលេង​គុន​ចម្រុះ​រូបនេះ​បញ្ជាក់ថា​៖«​ខ្ញុំ​ផ្លាស់​មក​ធ្វើការ​នៅទីនេះ​ប្រហែល ២​សប្ដាហ៍​នៅ​ក្លិប MrLy Gym and Boxing​។ ខ្ញុំ​បង្ហាត់​កូនសិស្ស​វ៉ៃ អាជីព ៥ ទៅ​៦​នាក់ ហើយ​ផ្សេងទៀត​អ្នក​ហាត់គុន​ខ្មែរ​ដើម្បី​សុខភាព មាន​ខ្មែរ និង ជនបរទេស​ជាច្រើន​នាក់​។ ខ្ញុំ​បង្ហាត់​ទីនេះ​អត់​មាន​កុងត្រា​ទេ ប៉ុន្តែ​បង្ហាត់​ស៊ីម៉ោង​។ ខ្ញុំ​ទទួលបាន​តម្លៃ​ពី​ម៉ោង​បង្ហាត់​គួរសម​។ វា​នៅ​ឆ្ងាយ​ពី ប្រពន្ធ​កូន​បន្តិច ប៉ុន្តែ មិន​អី​ទេ ពេល​សម្រាក ខ្ញុំ​អាច​ឡើងទៅ​ភ្នំពេញ​សួរសុខទុក្ខ​គាត់​ញឹកញាប់​»​។ ការដែល​មក​បង្ហាត់​ក្លិប​នៅ​សៀមរាប​នេះ ត្រូវបាន​កីឡាករ​ដដែល​បង្ហើប​ថា អត់​មាន​កិច្ចសន្យា​អ្វី​នោះទេ ពោល បង្ហាត់​ស៊ី​ភាគរយ​។ ពេល​កូនសិស្ស​ច្រើន​ក៏បាន​កម្រៃ​ច្រើន​ទៅតាម​ហ្នឹង​ដែរ​។ មួយវិញទៀត វា​ជា​រឿង​ងាយស្រួល​ដែរ ពេល​អត់​កិច្ចសន្យា គឺ គេ​អត់​ចងជើង​។ 
 
​អ្នកលេង​ក្បាច់គុន​ល្បុក្កតោ គុន​ខ្មែរ និង គុន​ចម្រុះ​សង្កត់ធ្ងន់ថា​៖«​បើ​បង្ហាត់​នៅ​ភ្នំពេញ​មានតែ​កូនសិស្ស​ខ្មែរ និង ជួយ​បង្ហាត់​បង ធន់ សុភា ប៉ុណ្ណោះ​។ យើង​អត់​មាន​ទទួលបាន​លុយ​ទេ តែ​យើង​ហាត់​ខ្លួនឯង​ផង ដើម្បី​ឡើង​រេញ​វ៉ៃ​ខ្លួនឯង​។ ដូច្នេះ​នៅ​សៀមរាប​លក្ខខណ្ឌ​ល្អ​ជាង​ឆ្ងាយ​»​។ 
​កីឡាករ​វ័យ ២១ ឆ្នាំ​បាន​រៀបរាប់ថា បើ​រស់នៅ​ភ្នំពេញ គេ​ជួយ​បង្ហាត់​សិស្ស​ជាមួយ​បងថ្លៃ ធន់ សុភា នៅ​ក្លិប​ក្រសួងការពារជាតិ និង ហ្វឹកហាត់​ឡើង​ប្រកួត​ខ្លួនឯង​។ មួយរយៈ​មុននេះ គេ​ក៏បាន​ឡើង​ប្រកួត​លើស​ង្វៀន​ទូរទស្សន៍​នានា​ញឹកញាប់​។ រហូតដល់​ពេលនេះ កីឡាករ​សម្បុរ​ស្រអែម​រូបនេះ ចាំបាន​កំណត់ត្រា​ប្រកួត​គុន​ខ្មែរ​ចំនួន ៣៧​ដង ដោយ​ក្នុងនោះ​ឈ្នះ ៣០ ដង​។ 


 
​រិ​ទ្ធ ជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​កម្មវិធី Khmer Warriors Challenges រដូវ​កាល​ទី​៣ ដែល​រៀបចំ​ដោយ ស៊ី​ធី​អិន​និង MyTV  និង​ជា​ម្ចាស់​មេដាយមាស​ជើងឯក​ល្បុក្កតោ​ឆ្នាំ ២០១៥ ថ្នាក់ជាតិ​។ កូនសិស្សលោក ហ៊ុន ច័ន្ទ​រាជ្យ ធ្លាប់​ប្រឡូក​លើស​ង្វៀន ONE Championship បាន​ចំនួន ២ លើក​។ ម្ចាស់​មេដាយមាស​ល្បុក្កតោ​រូបនេះ ឈ្នះ Jerome S.Paye ដោយ​វ៉ៃ​ឲ្យ​ចុះចាញ់​ត្រឹម​ទឹក​ទី​២ នា​ខែ កញ្ញា ឆ្នាំ ២០១៧ មុន​ចាញ់​ឃ្លេ​កីឡាករ​ចិន Zhao Zhi Kang នៅ​ការប្រកួត​លើក​ទី​២ នា​ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅ​ប្រទេស​ហ្វីលីពីន​។ ក្រៅពី​សង្វៀន ONE គេ​ប្រលូក​លើស​ង្វៀន​អន្តរជាតិ FULL METAL DOJO ជា​ញឹកញាប់​នៅ​ប្រទេស​ថៃ​។ បើ​សរុបមក កីឡាករ​គុន​ខ្មែរ​រូបនេះ​ប្រកួត​លើស​ង្វៀន​គុន​ចម្រុះ​បាន​ចំនួន ៩ ដងដោយ​ឈ្នះ ៦ លើក និង ចាញ់ ៣ លើក​តាំងពី​ឆ្នាំ ២០១៣ មក​។ 
 
​ថៃ រិ​ទ្ធិ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​ថោង ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។ នៅ​ឆ្នាំ ២០១១ រិទ្ធី ហ្វឹកហាត់​កីឡាប្រដាល់​ជាមួយ គ្រូបង្វឹក​ទេព ស៊ី​វុត្ថា បាន​ប្រហែល ២ ឆ្នាំមុន ក្លិប​អង្គរ​គុន​ខ្មែរ​ត្រូវ​បិទទ្វារ និង បន្ត ទៅ​ហ្វឹកហាត់​ជាមួយ​លោកគ្រូ ប៉ាន់ ស៊ី​ថៃ​។ ចាប់ពី​ឆ្នាំ ២០១៣ គេ​បាន​ចូល​ហ្វឹក​ហាត់គុន​ចម្រុះ​ពេល ស៊ី​ធី​អិន និង MyTV  រៀបចំ​ការប្រកួត​ជើងឯក​គុន​ចម្រុះ Khmer Warriors Challenges មុនពេល​ចូល​ហ្វឹកហាត់​ជាមួយ​គ្រូ​គុន​ចម្រុះ ហ៊ុន ច័ន្ទ​រាជ្យ នៃ ក្លិប Cambodian Top Team ដល់​ឆ្នាំ ២០១៨៕ 
 

Tag:
 MMA
  ថៃ រិទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com