ជាតិ
ក្រសួងសាធារណការ និងអង្គការJICA នឹងចុះពិនិត្យស្ពានអ្នកលឿង ដែលខូចខាត នៅថ្ងៃស្អែក រូបពីហ្វេសប៊ុក
× ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន និងអង្គការJICA នឹងចុះពិនិត្យស្ពានអ្នកលឿង ឬស្ពានត្សឹបាសា ដែលរងខូចខាតដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២៤ឧសភា ឆ្នាំ១០១៩ ។ នេះបើតាមលោក ហ៊ាង សុទ្ធិយុត្ត អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
ស្ពានអ្នកលឿង ដែលមានការខូចខាតផ្នែកបង្កាន់ដៃ និងរនាំងដែកនៅគល់ស្ពាន តាំងពីអំឡុងខែមករាដើមឆ្នាំ២០១៩នេះ ពុំទាន់បានជួសជុលនៅឡើយទេ។ ដោយសារបញ្ហានេះហើយ ទើបប្រជាពលរដ្ឋ ដែលបានឃើញទិដ្ឋភាពខូចខាចនេះ បានបង្ហាញការសោកស្ដាយតាមរយៈហ្វេសប៊ុកព្រោងព្រាត រួមទាំងស្នើសុំឲ្យអាជ្ញាធរ ពាក់ព័ន្ធជួយជួសជុល ដើម្បីឲ្យមានសោភណ្ឌភាពឡើងវិញ។
តាមរយៈប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនេះ បានធ្វើឲ្យអាជ្ញាធរ និងមន្ត្រីជំនាញ ត្រៀមចុះដោះស្រាយបញ្ហានេះ ជូនពលរដ្ឋ ។ លោក ហ៊ាង សុទ្ធិយុត្ត បានប្រាប់សារព័ត៌មានថ្មីៗ(Thmey Thmey) តាមទូរស័ព្ទថា ក្រសួង និងអង្គការ JICA នឹងចុះទៅពិនិត្យស្ពានអ្នកលឿង នៅថ្ងៃទី២៤ ឧសភា។ ប៉ុន្តែសម្រាប់ការជួសជុលនោះ លោកមិនទាន់កំណត់ថ្ងៃទេ។ លោក ហ៊ាង សុទ្ធិយុត្ត បានអះអាងថា «កន្លងមកចាប់តាំងពីស្ពាននេះ មានការខូចខាត ខាងក្រសួងនិងអង្គការបានចុះសិក្សាសម្រាប់ការជួសជុលជាច្រើនលើមកហើយ។ ការជួសជុលនេះ មិនមែនជួសជុលបានភ្លាមៗនោះទេ ត្រូវការសិក្សាជួសជុលតាមបច្ចេកទេស។ ដូច្នេះទើបត្រូវការប្រើពេលវេលាយូរ»។
ករណីដែលបង្កឲ្យខូចខាតស្ពានអ្នកលឿង ឬស្ពានត្សឹបាសា បានកើតឡើងកាលពីខែមករា ឆ្នាំ២០១៩ ដោយសារតែរថយន្តសណ្ដោងមួយគ្រឿង (ខ្វះបច្ចេកទេស) បានយកខ្សែស្លាត់ទំហំតូចមកសណ្ដោងរថយន្ដប្រភេទធ្ងន់ឡើង ចំណោទទើបបណ្ដាលឲ្យដាច់ខ្សែ ហើយរអិលរថយន្តធុនធំថយក្រោយ ទៅបុកនឹងបង្កាន់ដៃស្ពាន ដែលនាំឲ្យខូចខាតបែបនេះ។
គួរបញ្ជាក់ថា ស្ពាន «ត្សឹបាសា» ត្រូវបានសាងសង់ឡើង កាលពីឆ្នាំ២០១៥ ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ដែលមានតម្លៃជាង ១០០លានដុល្លារ ។ ស្ពាននេះ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីឆ្នាំ២០១៥ ក្រោយពេលចំណាយពេលសាងសង់ប្រមាណជា ៥ឆ្នាំ។ ស្ពាននេះ ឆ្លងកាត់ទន្លេមេគង្គ ដែលមានប្រវែងឆ្ងាយជាងគេនៅកម្ពុជា៕
Tag:
ស្ពានអ្នកលឿង
ខូចខាត
ជួសជុល
© រក្សាសិទ្ធិដោយ thmeythmey.com