ជាតិ
កសិករម្នាក់យកគ្រាប់មិនទាន់ផ្ទុះ ដាក់លើចុងត្នោតដើម្បីឲ្យផុតពីដៃក្មេង កសិករចង្អុលបង្ហាញប្រាប់មន្ត្រី CMAC ទាក់ទងគ្រាប់មិនទាន់ផ្ទុះដែលគាត់យកទៅចងលើដើមត្នោត។ រូបថត ហ្វេសប៊ុក លោក ហេង រតនា
× កសិករម្នាក់ដែលរស់នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានសម្រេចយកគ្រាប់មិនទាន់ផ្ទុះទៅទុកលើចុងត្នោត ដើម្បីឲ្យបានផុតពីដៃក្មេង។ នេះបើតាមសំណេរនៅលើហ្វេសប៊ុករបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់នាថ្ងៃនេះ។ លោកបានបញ្ជាក់ថា កសិកររូបនោះ បានប្រទះឃើញគ្រាប់មិនផ្ទុះតាមផ្លូវ ពេលគាត់បររទេះគោ។
«មិនមែនត្រៀមបាញ់ផ្លោងស្អីទេ ស្រុកទេសមានសន្តិភាពហើយ! តាមពិត គាត់ (កសិករម្នាក់)គិតថា ធ្វើយ៉ាងម៉េចយកគ្រាប់មិនទាន់ផ្ទុះដែលគាត់បានជួបប្រទះទាំងនេះយកទៅទុកដាក់ឲ្យផុតពីដៃក្មេងៗ ខ្លាចក្រែងក្មេងៗយកទៅលេងមានគ្រោះថ្នាក់! ដូចនេះមានតែទុកលើចុងត្នោត(កូនត្នោត)!»។ នេះជាការបញ្ជាក់របស់អគ្គនាយកស៊ីម៉ាក់។
លោកបានលើកឡើងថា នេះជាគំនិតល្អ ប៉ុន្តែទង្វើបែបនេះ គ្មានសុវត្ថិភាពឡើយ ដោយកសិករត្រូវរាយការណ៍ទៅសមត្ថកិច្ច ឬស្ថាប័នជំនាញ ព្រោះការយកគ្រាប់ចេញពីកន្លែងដើម អាចបណ្តាលឲ្យគាត់មានគ្រោះថ្នាក់គ្រប់ពេល។
© រក្សាសិទ្ធិដោយ thmeythmey.com