ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុអ្វី​ទើប​អ្នក​គួរ​ទទួលទាន​ខ្ញី​រាល់​ព្រឹក​?
25, May 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្ញី ត្រូវបាន​ចាត់ទុកថា​ជា​ផ្នែក​មួយ​នៃ​ឱសថ​បុរាណ​រាប់​ឆ្នាំ​មកហើយ​តាមរយៈ​សមាសធាតុ​សំខាន់ៗ​ដែល​វា​មាន​ផ្ទុក​។ ហើយ​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​បន្លែ​មើម​នេះ​ទ្វេដង ប្រសិនបើ​ព្យាយាម​ទទួលទាន​រាល់ថ្ងៃ ជាពិសេស​រួមជាមួយ​អាហារ​ពេលព្រឹក​។ ចំពោះ​អ្នក​ដែល​មិន​ចូលចិត្ត​ទទួលទាន​ខ្ញី​វិញ ក៏​ប្រហែលជា​នឹង​ប្ដូរ​ចិត្ត​ដែរ​ក្រោយ​អាន​អត្ថបទ​នេះ​រួច​!


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​រួមបញ្ចូល​ខ្ញី​ក្នុង​របប​អាហារ​ពេលព្រឹក ៖
 
១. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​ខ្ញី​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​មេរោគ​បាក់តេរី​ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​រាល់​បាក់តេរី​បង្ក​គ្រោះថ្នាក់​។ ប្រសិនបើ​អ្នកទទួល​ទាន​ខ្ញី​រាល់ថ្ងៃ អ្នកនឹង​មិន​ងាយ​កើត​ជំងឺ​ផ្ដាសាយ​ឡើយ​។ ខ្ញី​ក៏មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​កម្ចាត់​ការ​រលាក​ផ្សេងៗ​ក្នុង​ប្រព័ន្ធ​ប្រសាទ​នៃ​ប្រព័ន្ធ​ភាពស៊ាំ រួមបញ្ចូល​ទាំង​សមាសធាតុ​សកម្ម​បំផុត​ហៅថា gingerols ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​។​
 
២. បំបាត់​បញ្ហា​ផ្សេងៗ​ទាក់ទង​នឹង​ក្រពះ​
 
​រាល់​បញ្ហា​ទាក់ទង​នឹង​ក្រពះ​ចាប់ពី​ហើមពោះ​ដល់​ពិបាក​រំលាយ​អាហារ គឺ​ខ្ញី​អាចជួយ​ដោះស្រាយបាន​ទាំងអស់​។ ការទទួល​ទាន​ខ្ញី​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ក្រពះ​ពោះវៀន និង​រាគរូស​ផងដែរ​។​
 
៣. បង្កើន​សុខភាព​បេះដូង​
 
​ការទទួល​ទាន​ខ្ញី​អាចជួយ​បញ្ចុះ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែលជា​សត្រូវ​ធំ​បំផុត​របស់​បេះដូង​។ កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ទាប​នឹង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺលើសឈាម ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជាពិសេស​នោះ គឺ​ជំងឺ​បេះដូង​។​

៤. សម្អាត​បណ្ដាញ​ចរន្តឈាម​ក្នុង​សរសៃឈាម​តូច​បំផុត​ក្នុង​រាងកាយ​
 
​ការទទួល​ទាន​ទឹក​ខ្ញី​ស្រស់ គឺមាន​ប្រសិទ្ធិភាព​ជួយ​សម្អាត​បណ្ដាញ​ចរន្ត​ឈាម​ក្នុង​សរសៃឈាម​តូចៗ​នៃ​រាងកាយ រួមបញ្ចូល​ទាំង​រន្ធ​ឆ្អឹង ឬ​ប្រហោង​ឆ្អឹង (​ស៊ីនុស​) ដែល​អាច​បង្ក​ជំងឺ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ​នាពេល​រដូវ​ត្រជាក់​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ហាក់ដូចជា​ចង់​ផ្ដាសាយ ចូរ​ទទួលទាន​ទឹក​ខ្ញី ដើម្បី​ទប់ស្កាត់​ជាមុន​មិន​ឲ្យ​ធ្លាក់ខ្លួន​ឈឺ​។​
 
៥. កាត់បន្ថយ​សម្ពាធ​ឈាម​
 
​វិធី​មួយទៀត​ដើម្បី​ប្រើប្រាស់​ទឹក​ខ្ញី គឺ​នៅពេល​អ្នក​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ អ្នក​អាច​ទទួលទាន​ទឹក​ខ្ញី ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​សម្ពាធ​ឈាម​កើនឡើង​ខ្ពស់ ប៉ុន្តែ​កុំ​ភ្លេច​បន្ថែម​ទឹកឃ្មុំ​មួយចំនួន​ចូល​ផង ដើម្បី​បង្កើន​ឱជា​រស​ស្រួល​ទទួលទាន​។​
 
៦. បំបាត់​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​
 
​មិន​ថា​អ្នក​កំពុងមាន​ផ្ទៃពោះ ឬក៏​អត់ គឺ​ការ​ទទួលទាន​ខ្ញី​ជួយ​បំបាត់​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​បាន​យ៉ាង​ប្រសើរ​។​
 
៧. ជួយ​អោយ​ស្រក​ទម្ងន់​ឆាប់រហ័ស​
 
​ខ្ញី មាន​សមត្ថភាព​បង្កើន​ការរំលាយ​អាហារ និង​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ដែល​ប្រសើរ​បំផុត​ជួយ​ក្នុងការ​សម្រក​ទម្ងន់​។ ការទទួល​ទាន​ខ្ញី ឬ​ទឹក​ខ្ញី​នៅពេល​ព្រឹក​ជួយ​កាត់បន្ថយ​ចំណង់​អាហារ​គួរឱ្យកត់សម្គាល់​។​
 
៨. កាត់បន្ថយ​ការឈឺចាប់​
 
​ការទទួល​ទាន​ទឹក​ខ្ញី​អាចជួយ​កាត់បន្ថយ​អាកា​រៈ​ឈឺធ្មេញ ឈឺសន្លាក់ និង​សូម្បីតែ​ឈឺក្បាល​ប្រកាំង​។ នេះ គឺ​ព្រោះតែ​ខ្ញី​មាន​ផ្ទុក​សារធាតុ​ប្រឆាំងនឹង​ការ​រលាក ហើយ​ទប់ស្កាត់​ការ​រលាក​ដែល​រារាំង​សរសៃឈាម​មិន​ឲ្យ​ហូរ​បាន​ត្រឹមត្រូវ​។ ការ​រលាក​ត្រូវបាន​កាត់បន្ថយ ការឈឺចាប់​ក៏​បាត់​ទៅតាម​នោះដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com