ជាតិ
នយោបាយជាតិ
× ភ្នំពេញ៖ តើអ្វីទៅជានយោបាយអត្តឃាត «Suicidal Politics» « Politique Suicidaire» ? នយោបាយនេះ គឺសំដៅទៅលើការធ្វើនយោបាយ ដោយគ្មានមូលដ្ឋានរឹងមាំ ហើយទទួលបរាជ័យវិញ នៅក្រោយការប្រកួតប្រជែងបោះឆ្នោត។
វាប្រហែលជាមានការយល់ឃើញ និងឲ្យនិយមន័យខុសគ្នា ជុំវិញពាក្យនយោបាយអត្តឃាត ពីសំណាក់សាស្ត្រាចារ្យ ឬអ្នកសិក្សាស្រាវជ្រាវផ្នែកការទូត នយោបាយការបរទេស និងភូមិសាស្ត្រនយោបាយជាដើម។ ហើយសារព័ត៌មានThmeyThmey ក៏មិនអាចជំទាស់រាល់ការឲ្យនិយមន័យលើពាក្យនយោបាយអត្តឃាតនេះដែរ។
ប៉ុន្តែតាមរយៈសារព័ត៌មានThmeyThmey សូមលើកយកនិយមន័យពាក្យនយោបាយអត្តឃាត ដែលស្រង់ចេញពីសទ្ទានុក្រមវិទ្យាសាស្ត្រនយោបាយ និងការទូតខ្មែរ-អង់គ្លេស-បារាំង នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលចេញផ្សាយកាលពីឆ្នាំ២០១៤ មកបកស្រាយ។
ពាក្យនយោបាយអត្តឃាត នៅក្នុងសទ្ទានុក្រមនេះ បានពន្យល់ថា បុគ្គល ឬក្រុមបក្សនយោបាយណាមួយ ដែលបង្កើតឡើងគ្មានមូលដ្ឋានរឹងមាំ ហើយត្រូវទទួលបរាជ័យ និងបាត់ឈ្មោះពីក្នុងគណបក្សនយោបាយទៅវិញ ក្រោយពីមានការប្រកួតប្រជែង។
ប៉ុន្តែពាក្យនយោបាយអត្តឃាត នៃភាសាអង់គ្លេស«Suicidal Politics» នេះ ក៏មានការពន្យល់ផងដែរថា រាល់បុគ្គលនយោបាយ ឬក្រុមបក្សនយោបាយណាមួយ ដែលត្រូវបានបាត់បង់ការជឿទុកចិត្ត ឬការគាំទ្រ ពីសំណាក់សាធារណមតិនោះ ពួកគេតែងតែទទួលរងនូវសំណើរអវិជ្ជមាន ឬការគំរាមកំហែងទៅដល់តួនាទី និងមុខតំណែងរបស់ពួកគេ។ ត្រង់ចំណុចនេះ មានន័យថា រាល់អ្នកនយោបាយដែលគេឃើញថា មានឆន្ទៈ ឬការប្ដេជ្ញាចិត្តពិតប្រាកដ ហើយប្រើប្រាស់នយោបាយអត្តឃាតនេះ គឺរូបគេប្រហែលជាត្រូវបង្ខំចិត្តលាលែងពីមុខតំណែង ឬតួនាទីអ្វីមួយ ដោយសារសម្ពាធពីសង្គមខាងក្រៅ និងសម្ពាធពីផ្ទៃក្នុងបក្ស តាមរយៈថ្នាក់ដឹកនាំ ឬសមាជិកបក្សជាដើម។
ក្នុងន័យនេះ គេអាចឲ្យជាឧទាហរណ៍បានថា បើសិនជាបុគ្គលនយោបាយ ឬគណបក្សនយោបាយណា ដែលឈ្នះឆ្នោតដឹកនាំប្រទេស តាមរយៈការគាំទ្ររបស់ប្រជាពលរដ្ឋហើយ បែរជាមិនបានអនុវត្តតាមការសន្យាខ្លួន ដែលប្រកាសឃោសនាមុនការបោះឆ្នោត ឬដឹកនាំមិនបានល្អនោះ ពួកគេអាចប្រឈមមុខនិងការតវ៉ាប្រឆាំងរដ្ឋាភិបាលនោះ ដោយការទាមទារឲ្យចុះចេញពីតំណែង ឬលែងបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តឲ្យទៀតនៅអាណត្តិ្កក្រោយ។ ប៉ុន្តែបើសិនជាអ្នកនយោបាយ ឬមេដឹកនាំនោះ មានឆន្ទៈ ឬការប្ដេជ្ញាចិត្តខ្ពស់នោះ ប្រហែលជារូបគេនឹងសុំលាលែងពីតំណែងនេះ ដើម្បីរក្សាប្រជាប្រិយភាពបក្ស។
ជាក់ស្ដែងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ថេរ៉េសា ម៉េយ៍ នៅថ្ងៃទី២៤ ខែឧសភា បានប្រកាសលាលែងពីតំណែងហើយ បន្ទាប់ពីលោកស្រីរងសម្ពាធខ្លាំងទាក់ទងការអូសដៃអង់គ្លេសចញពីសហភាពអឺរ៉ុប។ ការលាលែងពីតំណែងរបស់លោកស្រី ទំនងជាការបំបែកភាពទ័លច្រកនៅក្នុងសភាជុំវិញការចាកចេញពីអឺរ៉ុប ដែលមកទល់ពេលនេះ មិនទាន់មានការយល់ព្រមនៅឡើយ។ តាមរយៈប្រជាមតិខែមិថុនា ឆ្នាំ២០១៦ ប្រជាជនអង់គ្លេសសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប ដែលកាលនោះលោក ដេវីដ កាមេរ៉ូន ជានាយករដ្ឋមន្ត្រីនៅឡើយ។ ប៉ុន្តែជិតបីឆ្នាំមកនេះ អង់គ្លេស នៅតែមិនអាចចាកចេញពីសហភាពអឺរ៉ុបដដែល ដ្បិតកិច្ចព្រមព្រៀងជាមួយអឺរ៉ុប ត្រូវបានសភាអង់គ្លេសបោះឆ្នោតប្រឆាំងដល់ទៅបីដង។ លោកស្រី ម៉េយ៍ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចរចាជាមួយដៃគូអឺរ៉ុប ប៉ុន្តែមិនអាចបញ្ចុះបញ្ចូលសមាជិកសភាខ្លួនឯងទៅវិញ។ ការលាលែងពីតំណែងប្រធានបក្ស ក៏ដូចជាការលាលែងពីតំណែងនាយករដ្ឋមន្ត្រីដែរ ក្រោមហេតុផលថា លោកស្រីមិនអាចទាញអង់គ្លេសចេញពីសហភាពអឺរ៉ុប តាមបំណងប្រជាជនខ្លួន។
ឧទាហរណ៍មួយទៀត យើងអាចលើកករណីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ជាឧទាហរណ៍បានថា មុនការបោះឆ្នោតលោក ត្រាំ បានសន្យាសាងសង់ជញ្ជាំងព្រំដែនអាម៉េរិកនិងម៉ិកស៊ីកូ ។ ការសន្យានេះហើយ វាជាផ្នែកមួយដែលជួយឲ្យលោក ត្រាំ ទទួលបានប្រជាប្រិយភាព រហូតដល់ឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលអាម៉េរិក កាលពីឆ្នាំ២០១៦។ ប៉ុន្តែការសន្យាសាងសង់ជញ្ជាំងនេះ មិនបានលេចចេញជារូបរាងដូចការលើកឡើងទេ ដោយសារបញ្ហាអនុម័តថវិកា។ ដូច្នេះបើសិនជាការសន្យាសាងសង់នេះ មិនដូចការពិត ហើយគណបក្សសាធារណរដ្ឋ ចាញ់ឆ្នោតនៅអាណត្តិក្រោយ ដោយសារការបាត់បង់ទំនុកចិត្តពីអ្នកគាំទ្រនោះ វាប្រហែលអាចមកពីមូលហេតុសន្យារបស់លោក ត្រាំ នេះដែរ៕
Tag:
នយោបាយ
អត្តឃាត
សទ្ទានុក្រម
© រក្សាសិទ្ធិដោយ thmeythmey.com