កីឡាជាតិ
ជាតិ
ស​.​ស​.​យ​.​ក ភ្នំពេញ ចាប់ដៃ​ជាមួយ​បឹងកេត បង្កើតពាន​វិទ្យាល័យ ដើម្បី​រួមចំណែក​អភិវឌ្ឍ​កីឡាបាល់ទាត់​
24, May 2019 , 3:34 pm        
រូបភាព
លោក ងួន សុភៈ(ទី៣រាប់ពីស្តាំ)ពេលចូលរួមសន្និសីទសារព័ត៌មានស្តីពីការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យ
លោក ងួន សុភៈ(ទី៣រាប់ពីស្តាំ)ពេលចូលរួមសន្និសីទសារព័ត៌មានស្តីពីការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យ
ដោយ:
​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​) រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្លិប​បាល់ទាត់​បឹងកេត រៀបចំ​ពានរង្វាន់​ជើងឯក​វិទ្យាល័យ ដើម្បី​ផ្តល់ឱកាស​ឲ្យ​យុវជន និង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។ នេះ​ជា​ឱកាសល្អ​សម្រាប់​យុវជន​ដែល​ចង់​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព ព្រោះ​ក្លិប​បឹងកេត​នឹង​សំឡឹងមើល​ជន​យុវជន​មាន​ទេពកោសល្យ​ពី​ពានរង្វាន់​នេះ ដើម្បី​យកមក​ធ្វើជា​យុវជន​ថ្នាល​។ ក្រុម​ជើងឯក​ប្រចាំ​ពាន​វិទ្យាល័យ​លើក​ទី​១ ដែលមាន​៩​ក្រុម​ចូលរួម​នេះ នឹង​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​៦០​លាន​រៀល​។

 
«​ជើងឯក​វិទ្យាល័យ​» គឺជា​ឈ្មោះ​ពានរង្វាន់​បាល់ទាត់​មួយ ដែល​ទើប​បង្កើតឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​ក្រោម​កិច្ចសហការ​ជំនួយ​បច្ចេកទេស​ពី​ក្លិប​បាល់ទាត់​បឹងកេត​។ ពានរង្វាន់​នេះ បង្កើតឡើង​ដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា និង​ជំរុញ​ចលនា​កីឡាបាល់ទាត់​តាម​សាលា​ឲ្យ​មាន​សកម្មភាព​កាន់តែ​ផុសផុល ពិសេស​ផ្តល់ឱកាស​ឲ្យ​យុវជន​បានបង្ហាញ​សមត្ថភាព​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ងួន សុភៈ ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត​។  
 
«​យើង​បង្កើតពាន​ជើងឯក​វិទ្យាល័យ​នេះ ក្នុង​គោលបំណង​រួមចំណែក​លើកកម្ពស់​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​មាន​សកម្ម​ភាពរស់រវើក​និង​រីកចម្រើន​កាន់តែ​ប្រសើរ សំដៅ​បណ្តុះ​ស្មារតី​ឲ្យ​ស្រលាញ់​កីឡា សុខភាព ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន សម្រិតសម្រាំង​ធនធាន​កីឡាករ​បន្តវេន រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​សិស្សានុសិស្ស​»​។ លោក ងួន សុភៈ លើកឡើង​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២៣ ឧសភា នៅ​ទីស្នាក់ការ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​។ 


 
​ជាការ​ប្រកួតប្រជែង​ដណ្តើមយក​ពាន​ក៏ពិតមែន តែ​វា​ជា​ឱកាសល្អ​សម្រាប់​យុវជន​ក្នុងការ​សម្រេច​គោលបំណង ដែល​ចង់​ក្លាយជា​កីឡាករ​អាជីព​នាពេល​អនាគត​។ លោក បែ មករា អ្នក​ចាត់​ទូទៅ​ក្លិប​បឹងកេត​បាន​និយាយថា លោក​នឹង​ចាត់​ក្រុមការងារ ដើម្បី​សំឡឹងមើល​កីឡាករ​មាន​ទេពកោសល្យ​ក្នុងការ​ប្រកួត​នេះ ដើម្បី​ធ្វើជា​យុវជន​ថ្នាល​។ តែ​យ៉ាងណា នេះ​គ្រាន់តែ​ជា​គោលបំណង​តែប៉ុណ្ណោះ ការពិត​ជាក់ស្តែង​អាស្រ័យ​លើ​អ្នកជំនាញ​របស់​ក្លិប និង​ការបង្ហាញ​សមត្ថភាព​របស់​កីឡាករ​។ 
 
​អ្នកចាត់ការ​ទូទៅ​រូបនេះ​បាន​បន្ថែមថា​៖«​យើង​តែងតែ​ចង់បាន​កីឡាករ​ល្អៗ ហើយ​គោលបំណង​របស់​ក្លិប​ចូលរួម​រៀបចំ​ពានរង្វាន់​នេះ គឺ​ចង់បាន​កីឡាករ​ល្អៗ ថ្មីៗ​បន្ថែមទៀត​។ យើង​តែងតែមាន​ក្រុមបច្ចេកទេស​ជំនាញ​តាមដាន​គ្រប់ការ​ប្រកួត ដើម្បី​ជ្រើសរើស​កីឡាករ​ល្អ​ពិតប្រាកដ​។ មានពេលខ្លះ​យើង​សន្យាថា​នឹង​យក តែ​បែ​ជា​យក ដោយសារ​សមត្ថភាព​ពួក​គេ​មិន​ដល់​កម្រិត​ដែល​យើង​ចង់បាន និង​មាន​លក្ខខណ្ឌ​ច្រើន​ទៀត​ដូចជា​ឪពុកម្តាយ​មិន​ឯកភាព ឬ​កីឡាករ​ខ្លួនឯង​មិន​ចង់​ធ្វើជា​កីឡាករ​អាជីព​ជាដើម​»​។   
 
​ពានរង្វាន់​នេះ នឹង​បើក​រដូវ​កាល​ថ្មី​នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ ដោយមាន​ក្រុម​មកពី​គ្រឹះស្ថាន​ចំណេះ​ទូទៅ​របស់​រដ្ឋ និង​ឯកជន​ចំនួន​៩​ចូលរួម​។ ក្រុម​ទាំងនេះ​រួមមាន​វិទ្យា ជា ស៊ីម ច្បារអំពៅ​, វិទ្យាល័យ​ឥន្ទ្រ​ទេវី​, វិទ្យាល័យ​ចាក់អង្រែ​, វិទ្យាល័យ​ឫស្សី​កែវ​, វិទ្យាល័យ ជា ស៊ីម សាមគ្គី​, វិទ្យាល័យ​បឹង​ត្របែក, សាលា​វេ​ស្ទ​ឡា​ញន៍​, វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​វិទ្យាល័យ​សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី​។​
 
​ការប្រកួត​ធ្វើឡើង​តាម​រូបមន្ត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ គឺ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុងការ​ប្រ​វិលជុំ Home Away នឹង​ក្លាយជា​ជើងឯក​តែម្តង ខណៈ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជា​បន្តបន្ទាប់​នឹង​ទទួលបាន​ចំណាត់ថ្នាក់​តាម​លំដាប់​។ ក្រុម​ម្ចាស់​ជើងឯក​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​៦០​លាន​រៀល ជើងឯក​រង​៤០​លាន​រៀល និង​លេខ​៣​បាន​២០​លាន​រៀល​។ ក្រៅពីនេះ ក៏​ពានរង្វាន់​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ​៕   

Tag:
 បឹងកេត​
  ស​.​ស​.​យ​.​ក​
  បែ មករា​
  ងួន សុភៈ
© រក្សាសិទ្ធិដោយ thmeythmey.com