ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វិស័យផលិតសម្ភារធ្វើដំណើរ កាបូប វ៉ាលី...កំពុងលេចមុខមាត់ថ្មីនៅកម្ពុជា លោក កាំង ម៉ូនីកា អគ្គលេខាធិការរង GMAC
× ភ្នំពេញ៖ ចាប់តាំងពីសហរដ្ឋអាមេរិកលើកលែងពន្ធ ១០០ភាគរយ លើផលិតផលសម្ភារធ្វើដំណើរដល់កម្ពុជា ក្រោមប្រព័ន្ធអនុគ្រោះពន្ធ GSP កាលពីឆ្នាំ២០១៦ វិស័យនេះកាន់តែទាក់ទាញការវិនិយោគ និងបង្ហាញសក្ដានុពលខ្ពស់។ ការនាំចេញផលិតផលនេះទៅអាមេរិក ដែលមានទំហំត្រឹម ៤៨លានដុល្លារកាលពីឆ្នាំ២០១៥ ឥឡូវបានកើនរហូតដល់ ៤០០លានដុល្លារនៅឆ្នាំ២០១៨។ ហើយបើគិតទីផ្សារអន្តរជាតិទាំងមូលគឺកម្ពុជានាំចេញទំហំ ៥៦០លានដុល្លារ។ តែទំហំនេះ នៅតិចតួចនៅឡើយ បើធៀបនឹងបណ្ដាប្រទេសនាំចេញមួយចំនួនទៀត ដែលទាមទារឲ្យកម្ពុជា លើកកម្ពស់ភាពប្រកួតប្រជែងបន្ថែម តាមរយៈកាត់បន្ថយថ្លៃដើម ផលិតជាដើម។
ដើម្បីជ្រាបច្បាស់ សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលហៅកាត់ថា GMAC ដូចតទៅនេះ៖
លោក កាំង ម៉ូនីកា ឲ្យដឹងតាមរយៈ បទសម្ភាសនេះថា ការផលិតសម្ភារធ្វើដំណើរ ដូចជាកាបូប វ៉ាលិសជាដើមនេះ អាចនឹងមានសក្ដានុពលខ្លាំង ជាងផ្នែកកាត់ដេរសម្លៀកបំពាក់ទៅទៀត ដោយសារទំនិញទាំងនេះ មានតម្លៃបន្ថែមខ្ពស់ ជាងសម្លៀកបំពាក់។ ម្យ៉ាងទៀតការដាក់ពន្ធរបស់អាមេរិក ទៅលើប្រទេសចិន អាចនឹងផ្ដល់ឱកាសឲ្យកម្ពុជា ចាប់យកក្រុមហ៊ុន ផលិត ដែលអាចរើចេញពីប្រទេសចិន ទៅបណ្ដាប្រទេសផ្សេងៗ។
«នៅពេលនេះផ្នែកនេះ អាចមានសក្ដានុពលខ្លាំងជាងផ្នែកកាត់ដេរសម្លៀកបំពាក់ ព្រោះថាទី១ ផលិតផលនេះមានតម្លៃបន្ថែមខ្ពស់ ជាងសម្លៀកបំពាក់»។ នេះជាការគូសបញ្ជាក់របស់លោក កាំង ម៉ូនីកា ។ លោកបន្តដូច្នេះថាទៀតថា៖«ហើយយើងឃើញថាក្នុងពេលថ្មីៗនេះ ដោយសារមានវិវាទពាណិជ្ជកម្មអាមេរិក និងចិន នៅជុំទី២ នៃការដាក់ពន្ធលើការនាំចេញពីប្រទេសចិន គឺមានផលិតផលធ្វើដំណើរនេះដែរ ជាពិសេស ផលិតផលដែលធ្វើពីស្បែក ត្រូវចូលក្នុងបញ្ជីបង់ពន្ធបន្ថែមទៀត ដែលឡើងដល់ ២៥ភាគរយ។ ដូចនេះ វាជាឱកាសមួយសម្រាប់កម្ពុជា ក្នុងការទទួលយកការផ្លាស់ប្ដូរទីតាំងផលិតចេញពីចិនមក»។
Tag:
សម្ភារធ្វើដំណើរ
កាបូប
កាំង ម៉ូនីកា
© រក្សាសិទ្ធិដោយ thmeythmey.com