ជាតិ
ករណីផ្ទុះនៅលើអាកាសជាប់ព្រំដែនកម្ពុជា-ឡាវ បណ្ដាលមកពីការបាញ់ផ្កាយរណបបរាជ័យរបស់ចិន?
× ភ្នំពេញ៖ មកដល់ពេលនេះ មិនទាន់មានការសន្និដ្ឋានជាផ្លូវការ លើករណីផ្ទុះនៅលើអាកាសជាប់ព្រំដែនកម្ពុជា-ឡាវ នៅឡើយទេ ខណៈមានសេចក្តីរាយការណ៍ថា ករណីផ្ទុះនេះ អាចជាប់ពាក់ព័ន្ធនឹងការបាញ់ផ្កាយរណបបរាជ័យរបស់ចិន។
លោក ម៉ៅ តារា ស្នងការខេត្តស្ទឹងត្រែង បានប្រាប់សារព័ត៌មានថ្មីៗថា លោកបានស្នើមកកាន់ថ្នាក់ដឹកនាំ ដើម្បីបញ្ជូនមន្ត្រីជំនាញ ទៅសិក្សាលើបំណែក ដែលបានផ្ទុះពីលើអាកាសធ្លាក់ នៅក្នុងឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលជាប់ព្រំដែនកម្ពុជា-ឡាវ។ «យើងមិនទាន់អាចសន្និដ្ឋានថា តើករណីផ្ទុះ ហើយធ្លាក់បំណែកមកនេះ ជាករណីអ្វីនោះទេ? យើងកំពុងស្នើសុំថ្នាក់ដឹកនាំ បញ្ជូនអ្នកជំនាញមកពិនិត្យមើលលើបំណែកទាំងនេះ»។ នេះជាការបញ្ជាក់របស់លោក ម៉ៅ តារា ដែលកំពុងតាមដានករណីនេះ បានបន្ថែមថា វត្ថុទាំងនោះ កំពុងរក្សាទុកនៅអង្គភាពលោក។
ចំណែកលោក ម៉ុម សារឿង អភិបាលខេត្តស្ទឹងត្រែង ក៏មិនទាន់អាចសន្និដ្ឋានបានលើករណីផ្ទុះនេះដែរ។
តែយ៉ាងណាករណីផ្ទុះនេះ ត្រូវបានគេរាយការណ៍មកថា វាអាចជាប់ពាក់ព័ន្ធនឹងការបាញ់ផ្កាយរណបបរាជ័យរបស់ចិន។ ប្រភពដែលសុំមិនបញ្ចេញឈ្មោះ នៅក្នុងខេត្តចម្ប៉ាសាក់ ប្រទេសឡាវ បានប្រាប់សារព័ត៌មានThmeyThmeyថា ផ្កាយរណបបានផ្ទុះធ្លាក់នៅតំបន់ Boeng Ngam ចម្ងាយប្រហែលបីគីឡូម៉ែត្រពីខ្សែទឹក Veun Kham ដែលជាព្រំដែនកម្ពុជា-ឡាវ ឆ្លងកាត់ទន្លេមេគង្គ។ ប្រភពដដែលបានសង្កត់ធ្ងន់ដូច្នេះថា៖«វាជាផ្កាយរណបរបស់ចិន»។
ទីភ្នាក់ងារព័ត៌មានស៊ីនហួ បានចុះផ្សាយថា យានរ៉ុក្កែត Long-March Rocket-4C ដែលមានផ្ទុកផ្កាយរណប Yaogan 33 បានបរាជ័យ បន្ទាប់ពីការបាញ់បង្ហោះចេញពីខេត្តសានស៊ី កាលពីព្រឹកថ្ងៃព្រហស្បតិ៍។
ទីភ្នាក់ងារព័ត៌មានផ្លូវការចិនបាននិយាយថា «ដំណាក់កាលទី ១ និងទី ២ នៃរ៉ុក្កែតបានដំណើរការជាធម្មតា ខណៈដំណាក់កាលទី ៣ មានប្រតិបត្តិការខុសប្រក្រតី ។ ផ្អែកតាមទិន្នន័យត្រួតពិនិត្យដំណាក់កាលទី ៣ នៃកំទេចកំទីរ៉ុក្កែតនិងផ្កាយរណប បានធ្លាក់ចុះនៅលើដី»។
ចិន បាននិយាយថា ផ្កាយរណប Yaogan នេះ ត្រូវបានប្រើសម្រាប់ការស្រាវជ្រាវអេឡិចត្រូម៉ាញ៉េទិច និងការធ្វើតេស្តបច្ចេកវិទ្យាដែលទាក់ទងផ្សេងទៀត។ នេះបើយោងតាមសារព័ត៌មាន Space News។
ប៉ុន្តែក្រុមអ្នកវិភាគ យល់ឃើញថា ផ្កាយរណបទាំងនោះ គឺជា «ផ្កាយរណបរ៉ាដា អុបទិកនិងសំយោគ សម្រាប់គោលបំណងឈ្លបយកការណ៍យោធា» ៕
Tag:
ផ្កាយរណប
ព្រំដែន
ឡាវ
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com