បំណងដកតំណែងប្រធានាធិបតីពីលោក ដូណាល់ ត្រាំ មិនទាន់ស្ងប់នៅឡើយទេក្នុងចំណោមសមាជិកបក្សប្រជាធិបតេយ្យ។ ក្រុមប្រជាធិបតេយ្យ បានជំរុញដំណើរការប្រឆាំងលោក ត្រាំ ដោយយោងលើបទល្មើសបង្អាក់ដំណើរការយុត្តិធម៌ ជាទោសមួយចែងក្នុងច្បាប់អាមេរិកដែលនាំទៅរកការដកតំណែងប្រធានាធិបតីបាន។ ប៉ុន្តែបើចង់ដកតំណែងប្រធានាធិបតីពីលោក ត្រាំ មែន បក្សប្រជាធិបតេយ្យ ត្រូវឆ្លងកាត់នីតិវិធីច្រើន និងចំណាយរាប់ខែ។
ក្រោមរដ្ឋធម្មនុញ្ញអាមេរិក ប្រធានាធិបតី អាចរបូតតំណែងរបស់ខ្លួន បើរកឃើញថា ប្រព្រឹត្តកំហុសធ្ងន់ធ្ងរដូចជា ទោសក្បត់ជាតិ ស៊ីសំណូក ឬបទឧក្រិដ្ឋកម្រិតខ្ពស់ផ្សេងទៀត។ ការបង្អាក់ដំណើរការយុត្តិធម៌ ឬការលាក់បាំង ក៏ជាទោសដែលអាចនាំទៅរកការដកតំណែងដែរ។
មកទល់បច្ចុប្បន្ន មិនទាន់មានប្រធានាធិបតីណា ត្រូវបានដកហូតតំណែងនៅឡើយទេ។ មានប្រធានធិបតីបីរូបដែលធ្លាប់ឆ្លងកាត់នីតិវិធីដកតំណែងនេះ។ ប្រធានាធិបតី រីឆាត និកសុន ដែលរងរឿងអាស្រូវ Watergate បានសុំលាលែងពីតំណែងក្នុងឆ្នាំ១៩៧៤ ជាជាងរង់ចាំដល់ការដកហូតតំណែង។ ប្រធានាធិបតីពីររូបទៀតដែលរងការចោទប្រកាន់ គឺលោក អ៊ែនឌ្រូ ចនសុន និងលោក ប៊ីល គ្លីនតុន សុទ្ធតែអាចរួចខ្លួនវិញក្នងករណីរៀងៗខ្លួន។
នីតិវិធីដកតំណែងប្រធានាធិបតី
ក្នុងករណីសមាជិកសភាជឿថា ប្រធានាធិបតីប្រព្រឹត្តកំហុសដូចករណីចែងខាងលើ ពួកគេអាចចាប់ផ្ដើមនីតិវិធីដកតំណែងបាន។ ដំណើរការចាប់ផ្ដើមជាដំបូងនៅសភាតំណាងរាស្ត្រ ដោយសមាជិកណាមួយ អាចផ្ដើមសេចក្ដីស្នើច្បាប់ស្ដីពីការដកតំណែង ហើយបញ្ជូនទៅកាន់គណៈកម្មាធិការជំនាញ ដែលជាទូទៅ គឺគណៈកម្មាធិការយុត្តិធម៌នៃសភាតំណាង។
គណៈកម្មាធិការខាងលើ នឹងត្រួតពិនិត្យភស្តុតាងដែលខ្លួនទទួលបាន ឬបើកការស៊ើបអង្កេតដោយខ្លួនឯង។ ក្នុងករណីរកឃើញភស្តុតាងរឹងមាំហើយ គណៈកម្មាធិការអាចសរសេរមាត្រាពីការដកតំណែងនេះតែម្ដង ដោយបញ្ជាក់ពីបទល្មើស រួចបញ្ជូនទៅកាន់សភាតំណាងរាស្ត្រ។ នៅសភាជាន់ទាប សំណើច្បាប់ដកតំណែងនេះ អាចត្រូវបានអនុម័តដោយសំឡេងភាគច្រើនធម្មតា។ បើត្រូវបានអនុម័តហើយ ជំហានបន្ទាប់ គឺព្រឹទ្ធសភា។
ព្រឹទ្ធសភាអាមេរិក នឹងដើរតួនាទីជាតុលាការដើម្បីសម្រេចក្ដីនេះ។ ជានីតិវិធី តំណាងនៃសភាតំណាង នឹងដើរតួជារដ្ឋអាជ្ញា ឯប្រធានាធិបតី និងរដ្ឋមន្ត្រីយុត្តិធម៌ជាចុងចោទ។ ចុងក្រោយ សមាជិកព្រឹទ្ធសភាទាំង១០០រូប នឹងសម្រេចថា ត្រូវដកតំណែងប្រធានាធិបតី ឬអត់។ ត្រង់ចំណុច គេត្រូវការសំឡេងពីរភាគបីនៃសំឡេងសមាជិកព្រឹទ្ធសភាទាំងអស់ដើម្បីចោទប្រកាន់ រួចដកតំណែងតែម្ដង។
តើលោក ត្រាំ អាចអស់តំណែងឬទេ?
លទ្ធផលស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេស Robert Mueller លើករណីលូកលាន់ការបោះឆ្នោតពីសំណាក់រុស្ស៊ី លោក ត្រាំ បានបង្ហាញពីសកម្មភាពរបស់លោកក្នុងការបង្អាក់ដំណើរការស៊ើបអង្កេត ដែលនេះអាចប្រើក្នុងដំណើរការដកតំណែងបាន។ ជាមួយគ្នានោះ លទ្ធផលនៃការស៊ើបអង្កេតរបស់លោក Mueller ក៏អាចជួយកាត់បន្ថយរយៈពេលការស៊ើបអង្កេតរបស់សភាផងដែរ បើសិនជាសភាចាប់ផ្ដើមនីតិវិធីដកតំណែង។
ក្នុងករណីនីតិវិធីដកតំណែងចាប់ផ្ដើមមែននោះ លោក ត្រាំ ក៏មិនសូវបារម្ភដែរ។ ការប៉ុនប៉ងដកតំណែងលោក អាចឆ្លងកាត់សភាតំណាងរាស្ត្រដោយស្រួល ព្រោះក្រុមប្រជាធិបតេយ្យមានសំឡេងភាគច្រើនស្រាប់។ ប៉ុន្តែពេលទៅដល់ដំណាក់កាលព្រឹទ្ធសភា ការប្រឹងប្រែងរបស់ក្រុមប្រជាធិបតេយ្យ ប្រហែលជាត្រូវអសារបង់ ព្រោះក្រុមសាធារណរដ្ឋកាន់កាប់សំឡេងភាគច្រើនទៅហើយ លើកលែងតែបក្សសាធារណរដ្ឋបោះបង់លោក ត្រាំ ៕