ជាតិ
លោក ហ៊ុន ម៉ា​នី ថា ការអប់រំ ជា​កត្តា​កំណត់​ជោគវាសនា​ប្រទេសជាតិ​
24, May 2019 , 5:22 pm        
រូបភាព
​តើ​យើង​ចង់ឃើញ​វិស័យ​អប់រំ​របស់​កម្ពុជា​យ៉ាងណា​ក្នុង​រយៈពេល​១០​ឆ្នាំ ២០​ឆ្នាំ ឬ​៥០​ឆ្នាំ​ខាងមុខ​? លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា បាន​លើក​សំណួរ​នេះ​ច្រើនដង​ទៅកាន់​គ្រូឧទ្ទេស គរុ​និស្សិត​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​ប្រមាណ​១០០០​នាក់​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែឧសភា ក្នុងឱកាស​ដែល​លោក​កំពុង​ធ្វើ​បាឋកថា​ស្តីអំពី​«​ស្ថានភាព​អប់រំ​ក្នុង​បរិបទ​កម្ពុជា​»​។ ទោះ​កម្រិត​វិស័យ​អប់រំ​យ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ា​នី ថ្លែងថា វា​ត្រូវមាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ ពិសេស​លោកគ្រូ​អ្នកគ្រូ​។​

 
​សម្រាប់​លោក ហ៊ុន ម៉ា​នី វិស័យ​អប់រំ គឺជា​អ្វីៗ​ទាំងអស់​សម្រាប់​កម្ពុជា​នៅ​ថ្ងៃ​អនាគត ដោយ​រាប់​ចាប់ពី​ការធានា​កំណើនសេដ្ឋកិច្ច ការធ្វើទំនាក់ទំនង​អន្តរជាតិ និង​ការ​ការពារជាតិ​ផង​។ តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​បន្តថា កម្ពុជា​ត្រូវការ​វាយតម្លៃ​ស្ថានភាព​អប់រំ ដើម្បី​ដឹងថា​ខ្លួន​កំពុង​ស្ថិតនៅ​ទីតាំង​ណា ដោយ​ប្រៀបធៀប​ជាមួយ​ពិភពលោក និង​ជាពិសេស​ជាមួយ​តំបន់​។​
 
​នៅ​ចំពោះមុខ គ្រូឧទ្ទេស និង​គរុ​សិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ លោក ហ៊ុន ម៉ា​នី បាន​ទាញ​ចំណាប់អារម្មណ៍​អនាគត​គ្រូបង្រៀន​ទាំងនោះ​យ៉ាង​ដូច្នេះ​៖«​មិនមែន​ខ្មែរ​ប្រកួត​ជាមួយ​ខ្មែរ​គ្នាឯង​នោះទេ​។ សម្រាប់​រឿង​ខ្លះ វា​គឺជា​ការត្រៀម​ប្រកួតប្រជែង​ក្នុង​ក្របខណ្ឌ​តំបន់​។ នៅក្នុង​អាស៊ាន យើង​ដាក់​សិង្ហ​បុរី ជា​គោលដៅ​ប្រកួតប្រជែង​។ ខួរក្បាល​កូន​ខ្មែរ មិន​ខ្សោយ​ជាង​ជនជាតិ​សិង្ហ​បុរី​នោះទេ​»​។​
 
​លោក ហ៊ុន ម៉ា​នី គឺជា​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​ដែល​ត្រូវ​តាមដាន​ការអនុវត្ត​វិស័យ​អប់រំ​របស់​រដ្ឋាភិបាល​ បាន​ដឹកនាំ​សមាជិក​គណៈកម្មការ​ចុះ​សិក្សា​ស្ថានភាព​អប់រំ​បាន​១៤​ខេត្តហើយ មកដល់ពេលនេះ​។ ចំពោះ​លោក ហ៊ុន ម៉ា​នី កម្ពុជា​កំពុង​អនុវត្ត​គោលនយោបាយ​អប់រំ​ត្រឹមត្រូវ​រួចហើយ ប៉ុន្តែ​ថា​កម្ពុជា​ក៏​ត្រូវធ្វើ​បច្ចុប្បន្នភាព​គោលនយោបាយ និង​កម្មវិធីសិក្សា​ដើម្បី​ឆ្លើយតប​នឹង​ការ​ទីផ្សារការងារ និង​ការប្រកួតប្រជែង​ដែរ​។​


 
​ការកែទម្រង់​ក្នុង​វិស័យ​អប់រំ គឺជា​រឿង​សំខាន់​មួយ​សម្រាប់​លោក ហ៊ុន ម៉ា​នី បើសិនជា​វា​ចាំបាច់​មែន​នោះ​។ ប៉ុន្តែ​អ្វីដែល​សំខាន់​ដែល​ធ្វើឱ្យ​កំណែទម្រង់​មាន​ប្រសិទ្ធភាព គឺ​ការចូលរួម​ពី​លោកគ្រូ​អ្នកគ្រូ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​សិស្ស​និស្សិត​។ ពីលើ​វេទិកា អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ា​នី បាន​រំ​ឮ​ក​ប្រាប់​អ្នកចូលរួម​ផងដែរ​ អំពី​កំណែទម្រង់​ប្រព័ន្ធ​ប្រព័ន្ធ​អប់រំ និង​កម្មវិធីសិក្សា​រប​ស់​ប្រទេស​សិង្ហ​បុរី​កាលពីពេល​ថ្មីៗ​នេះ បើទោះជា​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​នេះ និង​ធនធានមនុស្ស​របស់​សិ​ង្ហ​បុរី ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​រួចទៅហើយ​ក៏ដោយ​។​
 
«​ការអប់រំ គឺជា​កត្តា​កំណត់​ជោគវាសនា​ជាតិ​។ សម្តេច​តេ​ជោ​ធ្លាប់មាន​ប្រសាសន៍ថា ឧបករណ៍​ក្នុង​ដៃ​ដើម្បី​គ្រប់គ្រង​រដ្ឋ គឺមាន​ក្រសួង​៤​សំខាន់​ជាងគេ​៖ គឺ​ក្រសួងការពារជាតិ សន្តិសុខ​ជាតិ ការបរទេស និង ក្រសួង​សេដ្ឋកិច្ច​។ សម្រាប់​ខ្ញុំ វិស័យ​អប់រំ គឺជា​កត្តា​កំណត់​ដែល​ធានាថា វិស័យ​ទាំង​៤​នេះ ត្រូវមាន​ធនធាន​មាន​សមត្ថភាព​»​។ នេះ​ជាការ​យល់ឃើញ​របស់លោក ហ៊ុន ម៉ា​នី​។​
​កាលពី​ខែមីនា ក្នុងឱកាស​ដែល​លោក​ជួប​សំណេះសំណាល​ជាមួយ​យុវជន​ថ្នាក់ដឹកនាំ​នៅតាម​ក្រសួង​និង​មន្ទីរ​របស់​រដ្ឋ លោក​ក៏បាន​អំពាវនាវ និង​លើកទឹកចិត្ត​ឱ្យ​ពួកគេ​ពង្រីក​ចំណេះ និង​សម្រួច​ជំនាញ​ក្នុង​បរិបទ​នៃ​ការវិវត្ត​របស់​កម្ពុជា និង​ពិភពលោក​ផងដែរ​។​
 
​បន្ទាប់មក​នៅ​ថ្ងៃទី​២២​ខែមេសា​កន្លងទៅ គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា បាន​សហការ​ជាមួយ​ក្រសួង​អប់រំ ដើម្បី​រៀបចំ​សិក្ខាសាលា​មួយ​ស្តីពី​ការវិវត្ត​វិស័យ​អប់រំ​ក្នុង​បរិបទ​ឌីជីថល​ក្នុង​ក្របខណ្ឌ​សកល​និង​កម្ពុជា​។ អ្នកជំនាញ​វិស័យ​អប់រំ​ខ្មែរ និង​បរទេស​ជាច្រើនរូប​ត្រូវបាន​អញ្ជើញ​ឱ្យធ្វើ​បទ​បង្ហាញ​នៅក្នុង​សិក្ខាសាលា​នោះ​ដែលមាន​ការចូលរួម​ពី​សំណាក់​អ្នកតំណាងរាស្ត្រ មន្ត្រី​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​ថ្នាក់ដឹកនាំ​គ្រឹះស្ថានសិក្សា​ផង​៕


 

Tag:
 អប់រំ​
  គរុ​សិស្ស​
  ហ៊ុន ម៉ា​នី​
© រក្សាសិទ្ធិដោយ thmeythmey.com