កីឡាអន្តរជាតិ
អន្តរជាតិ
Lippi ទៅដឹកនាំជម្រើសជាតិចិនលើកទីពីរ ដោយផ្តោតលើ World Cup 2022 នៅកាតា
× លោក Marcello Lippi ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិចិនវិញ។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ចិន (CFA) នៅថ្ងៃទី២៤ ខែឧសភានេះ។
លោក Lippi ដែលជួយអ៊ីតាលីឈ្នះពាន World Cup ឆ្នាំ២០០៦ បានលាលែងពីតំណែងគ្រូបង្វឹកក្រោយដឹកនាំចិនធ្លាក់ត្រឹមវគ្គ ១/៤ ផ្តាច់ព្រ័ត្រពានរង្វាន់ Asian Cup កាលពីខែមករាកន្លងទៅ ហើយត្រូវជំនួសវិញដោយលោក Fabio Cannavaro។ ប៉ុន្តែក្រោយដឹកនាំបានតែ២ប្រកួត Cannavaro ក៏សម្រេចលាលែងពីតំណែងវិញក្រោយចិនចាញ់ថៃ និងអ៊ូសបេគីស្ថានក្នុងការប្រកួតពានរង្វាន់ China Cup។
ការវិលត្រឡប់សារជាថ្មីរបស់គ្រូសញ្ជាតិអ៊ីតាលីវ័យ៧១ឆ្នាំនេះគឺផ្តោតសំខាន់លើការនាំក្រុមយក្សចិនក្នុងយុទ្ធនាការជម្រុះដើម្បីដណ្តើមកៅអីទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០២២ នៅកាតា។ មហាអំណាចលំដាប់ទី២ពិភពលោកមួយនេះធ្លាប់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកម្តងក្នុងឆ្នាំ ២០០២។
លោក Lippi បានឡើងដឹកនាំក្រុមជម្រើសជាតិចិនលើកដំបូងក្នុងខែវិច្ឆិកា ឆ្នាំ ២០១៦ ហើយបរាជ័យក្នុងការជួយក្រុមពីតំបន់អាស៊ីនេះទៅបង្ហាញខ្លួនក្នុង World Cup នៅរុស្ស៊ីក្នុងឆ្នាំ២០១៨។
ចិនបានចំណាយប្រាក់ដ៏ច្រើនសន្ធឹកដើម្បីអភិវឍ្ឍវិស័យកីឡាបាល់ទាត់របស់ខ្លួនតាមរយៈការនាំយកអ្នកដែលមានឈ្មោះល្បីៗទៅបំផុសគំនិតកីឡាកររបស់ពួកគេដើម្បីឈានដល់កម្រិតខ្ពស់មួយ។ តួយ៉ាងដូចជាលោក Lippi នេះគឺចិនត្រូវចំណាយប្រាក់រាប់សិបលានដុល្លារក្នុងមួយឆ្នាំៗ។
កាលពីថ្មីៗនេះ ចិនថែមទាំងសម្រេចដាក់ពាក្យដេញថ្លៃជាផ្លូវការដើម្បីសុំសិទ្ធិដឹកនាំធ្វើម្ចាស់ផ្ទះកីឡាអាស៊ី (Asian Cup) ឆ្នាំ២០២៣ និងមានបំណងរៀបចំធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០ ទៀតផង៕
Tag:
បាល់ទាត់
Marcello Lippi
ចិន
Fabio Cannavaro
© រក្សាសិទ្ធិដោយ thmeythmey.com