ជាតិ
សេដ្ឋកិច្ច
ADB ជួយ​សង់​ឧទ្យាន​ថាមពល​ពន្លឺព្រះអាទិត្យ​កម្លាំង​១០០​មេ​ហ្គា​វ៉ា​ត់ នៅ​កម្ពុជា​
24, May 2019 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​ផ្តល់​កម្ចី​ជាង​២១​លាន​ដុល្លារ ដល់​កម្ពុជា សម្រាប់​សាងសង់​ឧទ្យាន​ថាមពល​ពន្លឺព្រះអាទិត្យ​កម្លាំង​១០០​មេ​ហ្គា​វ៉ា​ត់​។ កម្ចី​នេះ នឹង​ជួយ​កម្ពុជា​អភិវឌ្ឍ​ធនធាន​ថាមពល​កកើត​ឡើងវិញ ធ្វើ​ពិពិធ​កម្ម​ប្រភព​ថាមពល និង​ពង្រឹង​ការប្រកួតប្រជែង​សេដ្ឋកិច្ច​របស់ខ្លួន​នៅ​កម្ពុជា​។ សេចក្តីប្រកាស​ព័ត៌មាន​របស់ ADB ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៤​ឧសភា បញ្ជាក់ថា កម្ចី​ជាង​២១​លាន​ដុល្លារ ក្នុង​គម្រោង​នេះ មាន​១៤​លាន​ដុល្លារ ជា​កម្ចី​ឥត​សំណង​។

 

 
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​ឲ្យ​ដឹងថា កម្ចី​ឥត​សំណង​១៤​លាន​ដុល្លារ​នេះ ទទួលបាន​ពី​មូលនិធិ​អាកាសធាតុ​យុទ្ធសាស្ត្រ តាមរយៈ​កម្មវិធី​ពង្រីក​ថាមពល​កកើត​ឡើងវិញ​។  បន្ថែម​ពីនេះ ក៏មាន​កម្ចី​ឥត​សំណង​៥០​ម៉ឺន​ដុល្លារ សម្រាប់​ជំនួយ​បច្ចេកទេស ដែល​ផ្តល់​ដោយ​មូលនិធិ​e-Asia និង​ភាពជា​ដៃគូ​ចំណេះដឹង​នៃ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​សមត្ថភាព​របស់​អគ្គិសនី​កម្ពុជា (EDC) និង អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EAC)​។  EDC និង EAC   ជា​និយ័ត​ករ​អគ្គិសនី​ជាតិ​អំពី​បច្ចេកវិទ្យា​ប​ម្លែ​ង​ពន្លឺ​ទៅជា​ថាមពល​អគ្គិសនី និង​រៀបចំ​គម្រោង​ឧទ្យាន​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ធនធាន​របស់ ADB​។ 
 
​លោក Pradeep Tharakan ប្រធាន​ក្រុម​អ្នកឯកទេស​ផ្នែក​ការប្រែប្រួល​អាកាសធាតុ​របស់​ADB បាន​និយាយថា «​ការ​មាន​ប្រភព​ថាមពល​ដែល​គួរ​ឲ្យ​ជឿជាក់​បាន មាន​និរន្ត​ភាព មានតម្លៃ​សមរម្យ  មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ដូចជា​កម្ពុជា​។  ជំនួយ​របស់ ADB មិន​គ្រាន់តែ​ជួយ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ថាមពល​របស់​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​ថាមពល​ពន្លឺព្រះអាទិត្យ​ប៉ុណ្ណោះ​ទេ​។ វា​ក៏​ជួយ​ឲ្យ​កម្ពុជា​សម្រេចបាន​នូវ​គោលដៅ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់ខ្លួន យោងតាម​កិច្ចព្រមព្រៀង ស្តីពី​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​ផងដែរ​»​។ 
 
​គម្រោង​ឧទ្យាន​ជាតិ​ថាមពល​ពន្លឺព្រះអាទិត្យ នឹង​ជួយ EDC ដែលជា​សេវា​ផ្គត់ផ្គង់​អគ្គិសនី​ជាតិ​របស់​កម្ពុជា​អាច​សាងសង់​ឧទ្យាន​ជាតិ​ថាមពល​ពន្លឺព្រះអាទិត្យ ដែលមាន​កម្លាំង​១០០​មេ​ហ្គា​វ៉ា​ត់ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​ផ្សេងៗ ដូចជា ធ្វើ​ផ្លូវ​ចេញ​-​ចូល របង និង​ប្រព័ន្ធ​បង្ហូរទឹក ក្នុង​ខេត្តកំពង់ឆ្នាំង​។ គម្រោង​នេះ ក៏​កសាង​ប្រព័ន្ធ​ប​ញ្ចូ​ន​អគ្គិសនី ដែល​ត​ភ្ជាប់​ទៅនឹង​បណ្តាញ​ចែកចាយ​ចម្បង​ក្បែរ​រាជធានី​ភ្នំពេញ និង​ផ្គត់ផ្គង់​ថាមពល​ទៅ​បណ្តាញ​ចែកចាយ​ជាតិ​ផងដែរ​។ 
 
​គម្រោង​ឧទ្យាន​ជាតិ​ថាមពល​ពន្លឺព្រះអាទិត្យ នឹងត្រូវ​ដាក់​ដេញថ្លៃ​ឲ្យ​ក្រុមហ៊ុន​ផលិត​ថាមពល​ឯករាជ្យ (IPP) ជា​ពីរ​ដំណាក់កាល​។ ដំណាក់​កាលពី​ទីមួយ មាន​គោលបំណង​ផលិត​ថាមពល​ក្នុង​កម្លាំង​៦០​មេ​ហ្គា​វ៉ា​ត់ ដែល​ការិយាល័យ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង ADB កំពុង​ដើរតួនាទី​ជាទី​ប្រឹក្សា ដើម្បី​ជួយ EDC ក្នុង​ចេតនា និង​រៀបចំ​ដំណើរ​ដេញថ្លៃ​ប្រកួតប្រជែង​ដោយ​បើកចំហ​។ 
 
​ក្នុង​ឆ្នាំ​២០១៨ កម្ពុជា អាច​ផ្គត់ផ្គង់​អគ្គស​នី បាន​ជាង​២​ពាន់​មេ​ហ្គា​វ៉ា​ត់​។ ក្នុងនោះ ថាមពល​ពី​វា​រី​អគ្គិសនី​មាន​ជាង​១​ពាន់​០​មេ​ហ្គា​វ៉ា​ត់ ដែល​ស្មើ​៦២​ភាគរយ និង​ថាមពល​អគ្គិសនី​ពី​ឥន្ទ​នៈ​ហ្វូ​ស៊ី​ល​មាន​៧៨០​មេ​ហ្គា​វ៉ា​ត់ ស្មើ​៣៦​ភាគរយ​។ ដោយឡែក បច្ចុប្បន្ន កម្ពុជា ផលិត​ថាមពល​ពន្លឺព្រះអាទិត្យ បានតែ​១០​មេ​ហ្គា​វ៉ា​ត់​ប៉ុណ្ណោះ​។ 
 
​តាម​ការសិក្សា​របស់ ADB កម្ពុជា អាច​បន្ថែម​ថាមពល​ព​ន្លឺ​ព្រះអាទិត្យ​បាន​ប្រមាណ​២០០​មេ​ហ្គា​វ៉ា​ត់ ទៅក្នុង​បណ្តាញ​ចែកចាយ​ត្រឹម​ឆ្នាំ​២០២១ ដោយ​ប្រើ​បច្ចេកទេស​ដែលមាន​ស្រាប់ និង​មិន​ប៉ះពាល់​ដល់​បណ្តាញ​ចែកចាយ​៕

Tag:
 ឧទ្យាន​
  ថាមពល​ពន្លឺព្រះអាទិត្យ​
  ADB
© រក្សាសិទ្ធិដោយ thmeythmey.com