អន្តរជាតិ
លោក ត្រាំ ប្រកាស​ភាពអាសន្ន​ដើម្បី​លក់​អាវុធ​ឲ្យ​សម្ព័ន្ធមិត្ត​អារ៉ាប់ ដោយ​មិនចាំបាច់​ឆ្លង​សភា​
25, May 2019 , 11:00 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៤ ខែឧសភា បានសម្រេច​ចិត្ត​បន្ត​ផែន​ការលក់​អាវុធ​ទៅ​ឲ្យ​សម្ព័ន្ធមិត្ត​របស់ខ្លួន​នៅ​តំបន់​ឈូង​សមុទ្រ ជាទី​ដែល​ការប្រឈមមុខ​ជាមួយ​អ៊ីរ៉ង់​នៅតែ​ក្ដៅគគុក​ដដែល​។ ដោយសារ​ការតានតឹង​ជាមួយ​អ៊ីរ៉ង់​នេះ ទើប​លោក ត្រាំ បានប្រកាស​ស្ថានភាព​អាសន្ន​ថ្នាក់ជាតិ​មួយ​ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​លោក​លក់​អាវុធ​ដោយ​មិនចាំបាច់​ឆ្លងកាត់​សភា​ឡើយ​។ ចំណាត់ការ​នេះ រង​ប្រតិកម្ម​ខ្លាំង​ពីស​ភា ព្រោះ​វា​លុបបំបាត់​តួនាទី​សភា​ក្នុង​ត្រួតពិនិត្យ​ពាណិជ្ជកម្ម​អាវុធ​។​

 
​ទុក​សភា​មួយ​ឡែក ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជំរុញ​ការលក់​អាវុធ​តម្លៃ​ជាង​៨​ពាន់​លាន​ដុល្លារ​ទៅ​សម្ព័ន្ធមិត្ត​បី​ប្រទេស គឺ​អា​រ៉ា​ប៊ី​សា​អូឌីត អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​ហ្ស៊​កដា​នី​។ តាមពិតទៅ សភា​ប្រឆាំង​ការលក់​អាវុធ​ទៅ​ប្រទេស​ទាំងបី ដោយ​បារម្ភ​ថា អាវុធ​នឹងត្រូវ​ប្រើ​ក្នុង​សង្គ្រាម​នៅ​យេ​ម៉ែន​។ ប៉ុន្តែ​លោក ត្រាំ បានប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថាន​អាសន្ន ក្រោម​ហេតុផល​ការប្រឈមមុខ​ជាមួយ​អ៊ីរ៉ង់ ដើម្បី​បញ្ចប់​ការលក់​អាវុធ​តែម្ដងទៅ​។   
 
​រដ្ឋបាល​លោក ត្រាំ បាន​ជូនដំណឹង​ទៅកាន់​គណៈកម្មាធិការ​ស​ភា​រួច​ហើយពី​ការបន្ត​នីតិវិធី​លក់​អា​វុ​ធំ​នួន​២២​មុខ​។ សមាជិកសភា​អាមេរិក មិន​ពិតជា​សប្បាយចិត្ត​ដែល​លោក ត្រាំ ហ៊ាន​លក់​អាវុធ​ដោយ​មិន​ខ្វល់​ពី​ការសុំ​ភ្លើង​ពីស​ភា​ដូចដែល​ធ្លាប់ធ្វើ​នាពេល​កន្លងមក​។ ប៉ុន្តែ​ពួកគេ​ដឹង​ច្បាស់​ថា ប្រធានាធិបតី​អាមេរិក​រូបនេះ នឹង​ប្រើ​ចន្លោះប្រហោង​ក្នុង​ច្បាប់​គ្រប់គ្រង​ការនាំចេញ​អាវុធ​ដើម្បី​ជម្នះ​ការប្រឆាំង​របស់​សភា​។ 
 
​ក្នុង​ច្បាប់​គ្រប់គ្រង​ការនាំចេញ​អាវុធ លោក​ប្រធានាធិបតី ត្រាំ មាន​សិទ្ធិ​ប្រកាស​ស្ថានភាព​អាសន្ន​បាន ដើម្បី​នាំ​អាវុធ​ចេញ​ទោះ​សភា​ជំទាស់​ក្ដី​។ សមាជិក​ព្រឹទ្ធសភា Chris Murphy និយាយថា លោក ត្រាំ អាច​ប្រើប្រាស់​ច្បាប់​នេះ​បាន ព្រោះ​ដឹងថា សភា​មិនអាច​បដិសេធ​បាន​។ ប៉ុ​ន្ត​សមាជិក​ព្រឹទ្ធសភា​រូបនេះ មើលមិនឃើញ​ពី​ភាពអាសន្ន​ណាមួយ​ដែល​ថ្នាក់​ឲ្យ​លោក ត្រាំ ប្រើ​ជា​មូលហេតុ​ដើម្បី​លក់​អាវុធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រើ​នៅ​យេ​ម៉ែន​ឡើយ​។​
 
​សមាជិកសភា​ទាំង​បក្ស​សាធារណរដ្ឋ​របស់លោក ត្រាំ ទាំង​បក្ស​ប្រជាធិបតេយ្យ កំពុង​បារម្ភ​ខ្លាំង​ចំពោះ​សកម្មភាព​របស់លោក​ប្រធានាធិបតី​។ ដ្បិត​ការប្រកាស​ភាពអាសន្ន​ជា​សិទ្ធិ​ពេញទី​របស់​ប្រធានាធិបតី​មែនពិត ការកំណត់​មូលហេតុ​ឲ្យ​ច្បាស់លាស់​ក៏​ជា​រឿង​សំខាន់​ដែរ​។ សម្រាប់​ករណី​ចុង​ក្រោយនេះ ការអះអាង​ត្រឹម​ថា អ៊ីរ៉ង់​គំរាមកំហែង​អាមេរិក ហាក់​មិនទាន់​គ្រប់គ្រាន​ឡើយ​។ កាន់តែ​បារម្ភ​សម្រាប់​សមាជិកសភា​នោះ គឺ​ប្រធានាធិបតី​ក្រោយៗ អាចធ្វើ​តាម​លោក ត្រាំ ដែរ​មិន​ខាន​។​
 
​ជុំវិញ​ការលក់​អាវុធ​នេះ រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ផ្ញើ​បញ្ជី​ឈ្មោះ​អាវុធ​ដែល​ត្រូវ​លក់​ទៅកាន់​សភា​រួចហើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក​លើកឡើងថា ដៃគូ​អាមេរិក​នៅ​មជ្ឈិមបូព៌ា ត្រូវការ​ឲ្យ​កិច្ចព្រមព្រៀង​ទិញ​របស់​ពួកគេ​ឆាប់​ត្រូវបាន​បញ្ចប់ ដើម្បី​ទប់ទល់​អ៊ីរ៉ង់​។ ប្រមុខ​ការបរទេស​អា​មេ​រិ​ក​ដដែល​នេះ​បន្តថា ការសម្រេចចិត្ត​មិន​ឆ្លងកាត់​សភា​លើក​នេះ ជា​រឿង​ដែល​កើតឡើង​តែម្ដង​នេះ​ប៉ុណ្ណោះ​៕  

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  អ៊ីរ៉ង់​
  អា​រ៉ា​ប៊ី​សា​អូឌីត​
© រក្សាសិទ្ធិដោយ thmeythmey.com