កីឡាជាតិ
ជាតិ
ទ័ព​ប្រជែង​ជាមួយ​វិសាខា ក្រោយ​អង្គរ​ថៃ​ហ្គឺ​រ​ប៉ះ​ប៉ូលិស និង​អាស៊ី​អឺរ៉ុប​ជួប​បឹងកេត​
25, May 2019 , 12:09 pm        
រូបភាព
ដោយ:
​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ឈានដល់​សប្តាហ៍​ទី​៩ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​២៥ ឧសភា ឆ្នាំ​២០១៩​នេះ មានការ​ប្រកួត​ចំនួន​៣​គូ ដែល​រៀបចំ​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​)​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ស្តា​ត​ចាស់​ស្វាគមន៍​ភ្ញៀវ​វិសាខា ក្រោយ​អង្គ​រថា​យ​ហ្គឺ​រត​ទល់​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​(​ប៉ូលិស​)​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ខណៈ​អាស៊ី​អឺរ៉ុប​បើកទ្វារ​កីឡដ្ឋាន A.E.U Sport Park ទទួល​បឹងកេត​។

 
​ក្រសួងការពារជាតិ​ប៉ះ​វិសាខា វេលា​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​
 
​នេះ​អាច​ចាត់ទុកជា​ជំនួប​ដ៏​សំខាន់​ជាងគេ​ប្រចាំថ្ងៃ​សោ​រ៍​នេះ ព្រោះ​ក្រុម​ទាំងពីរ​មាន​សមត្ថ​ភាពខ្លាំង​ប្រហាក់ប្រហែលគ្នា​។ ក្រោយ​ចាញ់​បឹងកេត ២-០ ក្នុង​សប្តាហ៍​ទី​៥ ក្រសួងការពារជាតិ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​សូល​ទី​ឡូ​អង្គរ បន្ទាប់មក​ក្រុម​នេះ​បាន​យកឈ្នះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ៤-៣ តែ​ចាញ់​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ៤-១​។ ក្រោយ​បរាជ័យ​នេះ គេ​សង្កេតឃើញ​មិនមាន​វត្តមាន​លោក ភា សុ​ភ័​ក្ត្រា ដឹកនាំ​បង្វឹក​ក្រុម​កីឡាករ​ក្រសួងការពារជាតិ​នោះទេ​។ តែ​យ៉ាងណា គេ​មិនដឹង​ពី​មូលហេតុ​នៃ​អវត្តមាន​នេះឡើយ​។ 
 
​ចំណែក​ក្រុម​វិសាខា​ត្រូវការ​ឈ្នះ​ទ័ព​នៅថ្ងៃនេះ ដើម្បី​ឡើងទៅ​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​។ វិសាខា​ស្គាល់​បរាជ័យ​តែមួយ​លើក​ប៉ុណ្ណោះ​ក្នុងចំណោម​៨​ប្រកួត​របស់គេ ដោយ​កាលនោះ​ចាញ់​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​លទ្ធផល ២-១​។ បន្ទាប់មក ពួកគេ​បាន​ស្តារ​មុខមាត់​ឡើងវិញ តាមរយៈ​យកឈ្នះ​គូប្រជែង​៣​ប្រកួត​ជាប់​គ្នា ដោយ​លត់​កំពង់ចាម ១៤-០ ឈ្នះ​បឹងកេត ៣-២ និង​ឈ្នះ U18 បាទី ៥-១​។ បច្ចុប្បន្ន​ក្រុម​នេះ​ស្ថិតនៅ​លេខ​រៀង​ទី​៣​មាន​១៩​ពិន្ទុ ក្រោយ​ឈ្នះ​៦ ស្មើ​១ និង​ចាញ់​១ ខណៈ​ទ័ព​ស្ថិតនៅ​លេខ​រៀង​ទី​៥​មាន​១៤​ពិន្ទុ ជាមួយ​ជ័យជម្នះ​៤ ស្មើ​២ និង​ចាញ់​២​។ 

​អង្គ​រថា​យ​ហ្គឺ​រ​ប៉ះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​
 
​ក្រោយ​ណាហ្គា​វើ​ល​ធ្វើ​ឲ្យ​ស្គាល់​បរាជ័យ​លើកដំបូង​កាលពី​សប្តាហ៍​មុន​ជាមួយ​លទ្ធផល ៤-០ អង្គ​រថា​យ​ហ្គឺ​រ​រំពឹង​ប្រើ​ភាពជា​ម្ចាស់ផ្ទះ​យកឈ្នះ​ប៉ូលិស​នៅថ្ងៃនេះ ដើម្បី​ស្តារ​មុខមាត់ ក៏ដូចជា​ពង្រឹង​ទីតាំង​របស់ខ្លួន​។ បច្ចុប្បន្ន​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ​ស្ថិតនៅ​លេខ​រៀង​ទី​៤​មាន​១៥​ពិន្ទុ ក្រោយ​៨​ប្រកួត​ឈ្នះ​៤ ស្មើ​៣ និង​ចាញ់​១​។ មុន​ចាញ់​ណាហ្គា​វើ​ល​ក្នុង​សប្តាហ៍​ទី​៨ ក្រុម​នេះ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​លទ្ធផល​នេះ​ធ្វើ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​ធ្លាក់​ពី​កំពូល​តារាង​មកឈ​រលេ​ខ​រៀង​ទី​២​។ បន្ទាប់មក​ក្រុម​នេះ​យកឈ្នះ​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល ៦-១​។ 
 
​ចំណែក​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ស្ថិតនៅ​លេខ​រៀង​ទី​១២​មាន​៧​ពិន្ទុ ក្រោយ​ឈ្នះ​២ ស្មើ​១ និង​ចាញ់​៥​។ ក្រោយ​ស្មើ ២-២ ជាមួយ​សូល​ទី​ឡូ​អង្គរ ប៉ូលិស​ចាញ់​គីរីវង់​សុខ​សែន​ជ័យ ៣-២ ចាញ់​ភ្នំពេញ​ក្រោ​ន ៣-០ តែ​យកឈ្នះ​អគ្គិសនី​កម្ពុជា ១-០​។  
 
​អាស៊ី​អឺរ៉ុប​ប៉ះ​បឹងកេត វេលា​ម៉ោង​៣:៣០​នាទី​រសៀល នៅ​កីឡដ្ឋាន A.E.U Sport Park
 
​អាស៊ី​អឺរ៉ុប​បាន​យកឈ្នះ​កំពង់ចាម​ក្នុង​លទ្ធផល ៥-០ កាលពី​សប្តាហ៍​មុន បន្ទាប់ពី​ពួកគេ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ អគ្គិសនី​កម្ពុជា និង​ចាញ់​អង្គ​រថា​យ​ហ្គឺ​រ ៦-១​។ បច្ចុប្បន្ន​ក្រុម​នេះ​ស្ថិតនៅ​លេខ​រៀង​ទី​៧​មាន​១០​ពិន្ទុ​ក្រោយ​ឈ្នះ​៣​ស្មើ​១ ចាញ់​៤​។ បឹងកេត​ត្រូវការ​ជាដាច់ខាត​នៅថ្ងៃនេះ ដើម្បី​រក្សា​រក្សា​គម្លាត​កុំ​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង​។ ពួកគេ​ស្ថិតនៅ​លេខ​៦​មាន​១៤​ពិន្ទុ ក្រោយ​ឈ្នះ​៤ ស្មើ និង​ចាញ់​២ ខណៈ​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល​មាន​២១​ពិន្ទុ​។ សម្រាប់​៣​ប្រកួត​ចុងក្រោយ ពួកគេ​យកឈ្នះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ៣-១ ចាញ់​វិសាខា ៣-២ និង​ស្មើ ២-២ ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​៕ 
 

Tag:
 Cambodian League 2019
  វិសាខា​
  ទ័ព​
© រក្សាសិទ្ធិដោយ thmeythmey.com