ជាតិ
អាជ្ញាធរអប្សរាទទួលស្គាល់បញ្ហាចំណតនៅមុខអង្គរវត្ត តែប្រាប់ថាមានគម្រោងអភិវឌ្ឍន៍ហើយ
× សៀមរាប៖ បញ្ហាចំណតនៅមុខប្រាសាទអង្គរវត្ត បានរងការរិះគន់ជាថ្មី បន្ទាប់ពីមានភ្លៀងធ្លាក់ និងមានការដក់ទឹក បង្កជាភក់ជុំវិញបរិវេណនោះ។ បញ្ហានេះ ត្រូវបានអាជ្ញាធរទទួលស្គាល់ថា បានកើតមានក្នុងដែនសមត្ថកិច្ចខ្លួនពិតមែន ប៉ុន្តែបានប្រាប់ថា ទីតាំងនោះ មានផែនការ និងគម្រោងអភិវឌ្ឍន៍ហើយ រង់ចាំថវិកាធ្លាក់មកតែប៉ុណ្ណោះ។
បញ្ហាចំណតរថយន្តនៅបរិវេណមុខប្រាសាទអង្គរវត្ត រងការរិះគន់ពីអ្នករកស៊ី ក្នុងវិស័យទេសចរណ៍និងដឹកជញ្ជូនជាថ្មី ក្នុងនោះ ក៏មានមហាជនក្នុងបណ្ដាញសង្គមផងដែរ។ ការរិះគន់នេះ បន្ទាប់ពីរដូវវស្សាចូលមកដល់ និងមានភ្លៀងធ្លាក់ បង្កឱ្យទីតាំងចំណតដែលមិនទាន់រៀបចំនោះ បែកភក់ និងមានទឹកដក់ បង្កការលំបាកដល់ការចតយានយន្ត និងបង្កើតរូបភាពមិនស្អាត។
ចំពោះបញ្ហាចំណតនេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានបំភ្លឺយ៉ាងដូច្នេះថា៖« ការងារនេះមិនមែនយើងមិនដឹងទេ តែរង់ចាំថវិកាអនុវត្តន៍ការងារសិន ក្នុងរយៈពេលបច្ចុប្បន្ន អ្វីដែលបានធ្វើ យើងបានខិតខំជួសជុលផ្លូវ ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើន ដើម្បីទ្រទ្រង់សេវាកម្មទេសចរណ៍ ក្នុងនោះដែរ ក៏សូមការអធ្យាស្រ័យចំពោះបងប្អូនប្រជាពលរដ្ឋចំពោះចំណុចនេះ»៕
Tag:
យាន្តយន្ត
ចំណត
ឡុង កុសល
ទេសចរណ៍
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com