ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកប្រឆាំង ធ្វើ​ពិធី​ប្រសិទ្ធ​ពរជ័យ​ជូន​លោក សម រង្ស៊ី មុន​ត្រឡប់មក​កម្ពុជា​
25, May 2019 , 3:39 pm        
រូបភាព
លោក សម រង្ស៊ី សំពះព្រះសង្ឃ ក្នុងពិធីរម្លឹកខួប៤០ឆ្នាំ នៃការរួចផុតពីរបបខ្មែរក្រហម ដែលពិធីនេះ រៀបចំដោយអតីតគណបក្សប្រឆាំង នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក កាលពីខែមេសា ឆ្នាំ២០១៥ (រូបពី AFP)
លោក សម រង្ស៊ី សំពះព្រះសង្ឃ ក្នុងពិធីរម្លឹកខួប៤០ឆ្នាំ នៃការរួចផុតពីរបបខ្មែរក្រហម ដែលពិធីនេះ រៀបចំដោយអតីតគណបក្សប្រឆាំង នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក កាលពីខែមេសា ឆ្នាំ២០១៥ (រូបពី AFP)
ដោយ: ថ្មីៗ
​ក្រុម​អ្នកប្រឆាំង​នៅក្រៅ​ប្រទេស នឹង​រៀបចំ​ពិធី​ប្រសិទ្ធ​ពរជ័យ​ជូន លោក សម រង្ស៊ី និង អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង មុននឹង​វិល​មក​ប្រទេស​កម្ពុជា​វិញ​។ គេ បានឃើញ​ខិត្តប័ណ្ណ ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម ដើម្បី​ជូនដំណឹង​ដល់​អ្នកគាំទ្រ​លោក សម រង្ស៊ី អំពី​ការរៀបចំ​ពិធី​នេះ​។


 
​ពិធី​ប្រសិទ្ធ​ពរជ័យ​នេះ នឹង​ប្រា​ព្ធ​ឡើង​ក្នុង​វត្ត​ខ្មែរ​មួយ​ឈ្មោះ មុនី​សុ​តា​រាម ដែល​ស្ថិត​ក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក នា​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​បួងសួង​ឲ្យ​លោក សម រង្ស៊ី និង​សហការី​របស់លោក ទទួលបាន​ជ័យ​ក្នុង​ការធ្វើ​មាតុភូមិ​និវត្ត និង​ឈានទៅរក​ការផ្លាស់ប្តូរ​នៅ​កម្ពុជា​។ តាមរយៈ​ខិត្តប័ណ្ណ​នោះ ក្រុម​អ្នកប្រឆាំង បាន​អំពាវនាវដល់​អ្នកគាំទ្រ​លោក សម រង្ស៊ី ទាំង​នៅក្នុង​សហរដ្ឋអាមេរិក និង​កាណាដា ឲ្យ​ចូលរួម​ក្នុង​ពិធី​ប្រសិទ្ធ​ពរជ័យ​នេះ​។​
 
​ការរៀបចំ​ពិធី​ប្រសិទ្ធ​ពរជ័យ​ខាងលើ ហាក់​ចង់បង្ហាញ​សញ្ញា​ថា លោក សម រង្ស៊ី នឹងធ្វើ​មាតុភូមិ​និវត្ត​នៅ​ឆ្នាំ​២០១៩​នេះ​ពិតប្រាកដ​មែន មិនមែន​គ្រាន់តែ​ប្រកាស​ចោល​នោះទេ​។ ថ្មីៗ​នេះ លោក សម រង្ស៊ី បានប្រកាសថា លោក នឹង​ឈាន​ជើង​ចូល​ប្រទេស​ថៃ ដើម្បី​ប្រមូល​ប្រជាពលរដ្ឋ​ខ្មែរ វិល​មក​កម្ពុជា​ជាមួយ​លោក​។ លោក សង្ឃឹមថា ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​បណ្តា​ប្រទេស​ផ្សេងទៀត ដូចជា កូរ៉េ ម៉ាឡេស៊ី សហរដ្ឋអាមេរិក និង កាណាដា ជាដើម ក៏​នឹង​មកជា​មួយ​លោក​ដែរ​។ 
 
​យ៉ាងណាក៏ដោយ គណបក្សកាន់អំណាច ដូចជា​មិន​ជឿ​ឡើយ​ថា លោក សម រង្ស៊ី ហ៊ាន​វិល​មក​កម្ពុជា​វិញ​។  គណបក្សកាន់អំណាច ធ្លាប់​ចំអក​ជា​ញឹកញាប់​ថា «​លោក សម រង្ស៊ី បានតែ​ប្រកាស​ប៉ុណ្ណោះ​»​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ទុកជាមុន​ថា «​គុក​និង​ខ្នោះ បាន​ត្រៀម​សម្រាប់​លោក សម រង្ស៊ី រួចហើយ​»​។ ចំណែក អ្នកនាំពាក្យ​រដ្ឋាភិបាល ក៏​ប្រកាស​រួចហើយ​ដែរ​ថា អាជ្ញាធរ នឹង​ចាត់វិធានការ​លើ​លោក សម  រង្ស៊ី បើ​មាន​ដីកា​ពី​តុលាការ​៕ 
 

Tag:
 សម រង្ស៊ី​
  មាតុភូមិ​និវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com