ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​ព្រះអង្គ ប៊ុន សា​លួត តស៊ូ​ការពារ​ធម្មជាតិ​នៅ​អន្លង់វែង រហូត​ញ៉ាំង​ឲ្យ​គេ​ថត​ភាពយន្ត​ឯកសារ​ពី​ព្រះអង្គ​
25, May 2019 , 4:59 pm        
រូបភាព
​ភ្នំពេញ​៖ ភាពយន្ត​ឯកសារ​«​ឆ្មាំ​ព្រៃ​» ដែល​បង្ហាញ​ពី​ការការពារ​ដែន​អភិរក្ស​ព្រៃ​សង្ឃ​រុក្ខ​វ័ន បាន ជោគជ័យ ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ព្រះ​តេជគុណ ប៊ុន សា​លួត បាន​ក្លាយជា​គំរូ​ដ៏​ប្រពៃ សម្រាប់​ក្មេងជំនាន់ក្រោយ​អនុវត្តតាម​។ យុវជន ដែល​បាន​ចូល​ទស្សនា​ភាពយន្ត​ឯកសារ​នេះ មាន​កម្លាំងចិត្ត​កាន់តែ​ច្រើន ក្នុងការ​ធ្វើឱ្យ​ខ្លួន​ជា​ផ្នែក​មួយ​ជួយ​ការពារ​តំបន់​អភិរក្ស​ព្រៃ​ធម្មជាតិ​។​



​ភាពយន្ត​ឯកសារ​ដែលមាន​រយៈពេល​៥៦​នាទី បានបង្ហាញ​ពី​ទំនាក់ទំនង​រវាង​ព្រៃឈើ​ក្នុងស្រុក​អន្លង់វែង ជាមួយនឹង​របប​ខ្មែរក្រហម​។ អន្លង់វែង ដែលជា​តំបន់​កាន់កាប់​ចុងក្រោយ​របស់​ខ្មែរក្រហម នា​ចុង​ទសវត្សរ៍​ឆ្នាំ​៩០ ក្លាយ​មកជា​តំបន់​សន្តិភាព និង​ជា​តំបន់​ដ៏​ស្រស់បំព្រង​សម្រាប់​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ ភាពយន្ត​ឯកសារ​រឿង​«​ឆ្មាំ​ព្រៃ​»​នេះ បាន​បញ្ចាំង​ក្នុង​សាលាឆាន់​វត្ត​លង្ការ​។ អ្នកចូលរួម​ប្រមាណ​៦០០​អង្គ និង​នាក់ សុទ្ធតែ​តាមដាន​វីដេអូ «​ឆ្មាំ​ព្រៃ​» យ៉ាង​យកចិត្តទុកដាក់​។ 
 
​និស្សិត ខូវ ប្រុស ដែល​បាន​ទស្សនា​វីដេអូ​ឯកសារ​នេះ បង្ហាញ​ពី​ការយល់ឃើញ​របស់ខ្លួន​ថា បើ​មនុស្ស​គ្រប់គ្នា​មិន​ចូលរួម​ការពារ​ព្រៃឈើ នោះ​វា​នឹង​បាត់បង់​។ ប្រុស បានឱ្យ​តម្លៃ​ព្រះ​តេជគុណ ប៊ុន សា​លួត ថា​ជា​បុគ្គល​គំរូ ដ៏​សំខាន់​ដែល​បាន​ការពារ​ព្រៃឈើ សម្រាប់​ក្មេងជំនាន់ក្រោយ​។ ស្របពេល​មនុស្ស​ដទៃទៀត​ជជែក​គ្នា​ពីនេះ​ពី​នោះ យុវជន​រូបនេះ សង្កត់ធ្ងន់ថា ការចូលរួម​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ ត្រូវ​ពឹងផ្អែក​ខ្លាំង​លើ​ស្មារតី​តាំងចិត្ត​ខ្ពស់ ពី​យុវជន និង​មនុស្ស​រស់ក្នុង​សង្គម ទើប​អាចធ្វើ​ទៅបាន​។ 


 
​ស្ថិតក្នុង​វ័យ​សិក្សា​នេះ ប្រុស បាន​ចូលរួម​សកម្មភាព​សង្គម តាមរយៈ​ការផ្សព្វផ្សាយ​ពី​ការការពារ​បរិស្ថាន ការការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ​ជាច្រើន​ទៀត នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​។ បុរស​វ័យ​២១​ឆ្នាំ​មកពី​ព្រៃវែង ដែល​នឹងធ្វើ​ការទាក់ទង​នឹង​បរិស្ថាន ក្រោយពី​គាត់​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ បានបញ្ជាក់​ដូច្នេះ ៖«​ខ្ញុំ​ក៏បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​បញ្ហា​បរិស្ថាន​នៅក្នុង​សហគមន៍ តាម​បណ្ដា​ខេត្ត​នានា​ច្រើន​ដែរ​។ ពេល​រៀន​ចប់​ខ្ញុំ​នឹងធ្វើ​ការទាក់ទង​នឹង​បរិស្ថាន​។ ខ្ញុំ​យល់ថា​ការងារ​នេះ​ទាល់តែ​មានការ​តាំងចិត្ត​ខ្ពស់ ទើប​ធ្វើ​បានល្អ​»​។​


 
​ចំណែក​កញ្ញា សាយ លឹម​ជូ វិញ ចាប់អារម្មណ៍​ចំពោះ​ការលះបង់​របស់​ព្រះ​តេជគុណ ប៊ុន សា​លួត ក្នុងការ​ការពារ​ដែន​ព្រៃ​សង្ឃ​រុក្ខ​វ័ន​។ នារី​សម្ដី​មួយៗ​ច្បាស់ៗ​រូបនេះ បាន​មើលឃើញ​ពី​ជោគជ័យ​ក្នុងការ​កៀងគរ​យុវជន និង​ប្រជាពលរដ្ឋ រួមទាំង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ការពារ​ដែន​អភិរក្ស​។ មិន​ខ្វល់​ពី​សំឡេង​រំខាន​នៅ​ជុំវិញ និស្សិត​អាយុ​២១​ឆ្នាំ​រូបនេះ បង្ហាញ​អារម្មណ៍​មោទកភាព​ចំពោះ​លទ្ធផល​របស់ព្រៃ​សង្ឃ​រុក្ខ​វ័ន ដែល​បាន​ក្លាយជា​គំ​រួ​ដ៏​ត្រចះត្រចង់ ដល់​យុវជន​ជំនាន់​ក្រោយ​ឆ្លុះបញ្ចាំង​ពី​ខ្លួនឯង​។ កញ្ញា​បន្ថែម​ទាំង​សម្ដី​ម៉ឺងម៉ាត់ ៖«​លទ្ធផល​របស់​ព្រះសង្ឃ ប៊ុន សា​លួត និង​ដែន​ព្រៃ​សង្ឃ​រុក្ខ​វ័ន គឺជា​គំរូ​ដ៏​ល្អ​សម្រាប់​ក្មេងជំនាន់ក្រោយ ឱ្យ​ពួកគាត់​ឆ្លុះបញ្ចាំង​ពី​ខ្លួនឯង ថា​តើ​ពួកគាត់​គួរ​ធ្វើយ៉ាងណា​ខ្លះ ដើម្បី​បរិស្ថាន​»?
 
​ជា​តួអង្គ​សំខាន់​ក្នុង​វីដេអូ​ឯកសារ “​ឆ្មាំ​ព្រៃ “ ព្រះ​តេជគុណ ប៊ុន សា​លួត បានធ្វើ​ការងារ​នេះ តាំងពី​ឆ្នាំ​២០០០​មកម្ល៉េះ​។ តាម​បទពិសោធ​នៅ​តំបន់​ផ្សេង ឬ​ខេត្ត​ផ្សេងៗ​ទៀត ការការពារ​ព្រៃ​អភិរក្ស​ឬ​សត្វព្រៃ គឺជា​ការងារ​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​បំផុត​ជាមួយ​ឈ្មួញ​ទុច្ចរិត​។​


 
​ទោះជា​យ៉ាងណាក៏ដោយ ព្រះ​តេជគុណ ប៊ុន សា​លួត បានការ​ពារ​ដី​ក្នុង​ដែន​អភិរក្ស​ព្រៃ​សង្ឃ​រុក្ខ​វ័ន​បាន​១០០​ភាគរយ ព្រៃឈើ​បាន​ប្រមាណ​៩៥​ភាគរយ និង​សត្វព្រៃ​ប្រមាណ​៧០​ភាគរយ ព្រោះ​ព្រះអង្គ​តែង​យក​ព្រះធម៌​មក​ដោះស្រាយ​បញ្ហា​។ ព្រះអង្គ​មិនមាន​អាវុធ​ការពារ​ព្រះកាយ​អ្វី​ទាំងអស់​ពេល​ចុះ​ល្បាត​ព្រៃ​។ «​យើង​ដោះស្រាយ​ជាមួយ​គាត់​ដោយ​យក​ព្រះធម៌​ទៅ​និយាយ និង​សួររក​ឯកសារ​ពាក់ព័ន្ធ​ពី​គាត់​។ កាលពី​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៧ យើង​មាន​បញ្ហា​ប្រឈម​ច្រើន​ដែរ តែ​យើង​មិនមាន​គ្រោះថ្នាក់​អ្វី​ទេ ព្រោះ​យើង​តែង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​ព្រះ​តេជគុណ ប៊ុន សា​លួត​។​
 
​ព្រោះតែ​ជោគជ័យ​ក្នុងការ​ការពារ​ដែន​អភិរក្ស​ព្រៃ​សង្ឃ​រុក្ខ​វ័ន​លើ​ផ្ទៃដី ១៨,២៦១​ហិកតា បាន​ជំរុញ​ទឹកចិត្ត​ថ្នាក់ដឹកនាំ​កំពូល​សម្ដេចនាយក​រដ្ឋមន្ត្រី  ឱ្យ​ផ្ដល់​តំបន់​ការពារ​បន្ថែម​សរុប​ផ្ទៃដី​ដល់​ទៅ ៣០២៥៤​ហិកតា ដល់​ព្រះអង្គ​ការពារ​បន្ត​។ ព្រះអង្គ​សង្កត់ធ្ងន់​ដូច្នេះ​ថា​« ព្រោះតែ​អាត្មា​បាន​ដើរ​ត្រូវ​តួនាទី ទើប​សម្ដេចនាយក​រដ្ឋមន្ត្រី​បានផ្ដល់​តំបន់​បន្ថែម ឱ្យ​អាត្មា​ការពារ​បន្ត​។ បើ​អាត្មា​ធ្វើ​ការងារ​មិនបាន​ជោគជ័យ​ទេ រដ្ឋាភិបាល​នឹង​ដក​យកទៅ​វិនិយោគ ដូច្នេះ​អាត្មា​ប្រឹងប្រែង​ណាស់​»​។​
 
​ជា​ផលិតករ​វីដេអូ​ឯកសារ "​ឆ្មាំ​ព្រៃ​" លោក អ៊ូច មករា បាន​ចំណាយពេល​រហូតដល់​ទៅជិត​មួយឆ្នាំ ទម្រាំ​ផលិត​បាន​វីដេអូ​ឯកសារ​ដែលមាន​រយៈពេល​៥៦​នាទី​នេះ​។ បាន​ស្គាល់​ដែន​ព្រៃ​សង្ឃ​រុក្ខ​វ័ន ស្គាល់​ព្រះសង្ឃ ប៊ុន សា​លួត និង​ការងារ​ការពារ​បរិស្ថាន​របស់​ព្រះអង្គ តាមរយៈ​ដំណើរ​ទស្សនាចរ​ទៅ​តំបន់​អន្លង់វែង​ជាច្រើនលើក​។ លោក អ៊ូច មករា បាន​មើលឃើញ​ពី​ការលះបង់​មួយ​ដែល​គួរ​ជា​គំរូ​សម្រាប់​ក្មេងជំនាន់ក្រោយ​។ 


 
​ទោះជា​យ៉ាងណាក៏ដោយ ដំណើរ​ការថត​ភាពយន្ត​ឯកសារ​នេះ មិនមែនជា​រឿង​ងាយ​ឡើយ ជាពិសេស​ការ​ផ្ដិត​យក​រូបភាព​សត្វព្រៃ​។ បុរស​អាយុ​៣០​ឆ្នាំ​ដែលមាន​ស្រុកកំណើត​នៅ​ទីក្រុង​ភ្នំពេញ​រូបនេះ សង្ឃឹមថា​ភាពយន្ត​ឯកសារ​រឿង “​ឆ្មាំ​ព្រៃ​" នឹង​ក្លាយជា​ផ្នែក​មួយ​ជួយ​ជំរុញ​ទឹកចិត្ត​អ្នកទស្សនា ស្វែងយល់​នឹង​គាំទ្រ​ការងារ​របស់​ព្រះអង្គ ប៊ុន សា​លួត​។​
​សូមបញ្ជាក់ថា បច្ចុប្បន្ន​ព្រះសង្ឃ ប៊ុន សា​លួត កំពុង​ការពារ​ដែន​ព្រៃ​សង្ឃ​រុក្ខ​វ័ន ដែលមាន​៣​ស្រុក​គឺ​ស្រុក​អន្លង់វែង ស្រុក​ចុងកាល់ និង​ស្រុក​សំរោង ក្នុង​ផ្ទៃដី​សរុប​ចំនួន ៣០,២៥៤​ហិកតា​៕
 

Tag:
 ឆ្មាំ​ព្រៃ​
 ​ភាពយន្ត​ឯកសារ​
 ​ភាពយន្ត​
 ​ប៊ុន សា​លួត​
 ​ព្រៃឈើ​
 ​សត្វព្រៃ​
 ​បរិស្ថាន​
 ​អន្លង់វែង​
 ​ឧ​ត្ត​រ​មានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com