ជាតិ
សេដ្ឋកិច្ច
ឥណ្ឌូណេស៊ី-កម្ពុជា ដែលធ្លាប់មានជើងហោះហើរត្រង់មុនឆ្នាំ១៩៧០ ឥឡូវចាប់ផ្ដើមឡើងវិញ
× ភ្នំពេញ៖ ជើងហោះហើរត្រង់ពីទីក្រុងហ្សាការតា-ភ្នំពេញ នឹងត្រូវចាប់ផ្ដើមដំណើរការចាប់ពីពាក់កណ្ដាលខែមិថុនាឆ្នាំ២០១៩ ឆាប់ខាងមុខនេះហើយ។ នេះបើតាមការអះអាងរបស់តំណាងក្រុមហ៊ុនអាកាសចររបស់ឥណ្ឌូណេស៊ី Citilink ក្នុងសន្និសីទកាសែតស្ដីពីការសម្ពោធជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌូណេស៊ី នៅថ្ងៃទី២៥ខែឧសភា។
លោក Heriyanto នាយករងផ្នែកសហប្រតិបត្តិការយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Citilink បានឲ្យដឹងថា ក្រុមហ៊ុនលោកនឹងចាប់ផ្ដើមការហោះហើរត្រង់ហ្សាការតា-ភ្នំពេញ ចាប់ពីពាក់កណ្ដាលខែមិថុនា ដោយដំណើរការបីថ្ងៃ ច័ន្ទ ពុធ សុក្រ ក្នុងមួយសប្ដាហ៍។ Citilink នឹងប្រើយន្តហោះ Airbus A320 សម្រាប់ប្រតិបត្តិការសេវាកម្មនេះ ដែលអាចផ្ទុកអ្នកដំណើរ ១៨០នាក់។
បើតាមលោក ថោង ខុន ឥណ្ឌូណេស៊ី ក៏ដូចជាសិង្ហបុរី ម៉ាឡេស៊ីជាដើម មានជើងហោះហើរត្រង់ជាមួយកម្ពុជា កាលពីមុនសម័យសង្គ្រាមឆ្នាំ១៩៧០ ហើយបានបញ្ឈប់ការហោះហើរត្រង់នេះអស់ជាច្រើនទស្សវត្សរ៍ រហូតដល់មានការចាប់ផ្ដើមជាថ្មីនាពេលបច្ចុប្បន្ននេះ។ មកទល់នៅពេលនេះ កម្ពុជាមានជើងហោះហើរត្រង់ជាមួយប្រទេសសមាជិកអាស៊ានស្ទើរទាំងអស់ គឺនៅសល់តែការតភ្ជាប់ផ្ទាល់ជាមួយប្រទេសព្រុយណេមួយទៀតប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ អះអាងថា ការបើកជើងហោះហើរត្រង់នេះ នឹងជំរុញកំណើនភ្ញៀវទេសចរប្រទេសទាំងពីរកម្ពុជា និងឥណ្ឌូណេស៊ី បន្ថែមទៀត។ លោក ថោង ខុន គូសបញ្ជាក់ដូច្នេះថា៖«មុនមានជើងហោះហើរត្រង់ ទេសចរឥណ្ឌូណេស៊ីមកកម្ពុជាមានកំណើនរួចទៅហើយ ដោយក្នុងឆ្នាំ២០១៨ មានចំនួន ៥,៥ម៉ឺននាក់ក្នុងកំណើន ១១,៨ភាគរយ និងនៅត្រីមាសទី១ឆ្នាំ២០១៩ មានចំនួន ១,៥ម៉ឺននាក់ កើន ១០,៨ភាគរយ។ យើងជឿជាក់ថានឹងមានការកើនឡើងភ្ញៀវទេចរឥណ្ឌូណេស៊ីមកកាន់កម្ពុជា ហើយក៏អាចនាំទេសចរកម្ពុជាទៅឥណ្ឌូណេស៊ីផងដែរ។ ហើយមិនត្រឹមតែផ្លាស់ប្ដូរទេសចរប្រទេសទាំងពីរប៉ុណ្ណោះទេ តែសំខាន់អាចទាក់ទាញទេសចរប្រទេសទីបីថែមទៀតផង»។
លោក ថោង ខុន រំពឹងថា ក្រៅពីចាកាតា និងភ្នំពេញ ជើងហោះហើរផ្ទាល់បែបនេះក៏នឹងមាន ទៅតំបន់ទេសចរណ៍សំខាន់ៗ ដូចជាកោះបាលី រមណីយដ្ឋានអង្គរ ជាដើម។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន បានគាំទ្រ និងបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះការបើកជើងហោះហើរត្រង់នេះ ដ្បិតថា កន្លងទៅនេះការធ្វើដំណើរតាមផ្លូវអាកាសរវាងកម្ពុជា និងឥណ្ឌូណេស៊ី ត្រូវផ្ទេរ (Transit) នៅប្រទេសដទៃសិន ដូចជាថៃ ម៉ាឡេស៊ី ជាមុនសិន ដែលត្រូវចំណាយពេលយូរច្រើនម៉ោង ឬអាចមួយយប់ឯណោះ។ អ្នកស្រីលើកឡើងដូច្នេះថា៖«កន្លងមកការហោះហើរត្រូវឆ្លងកាត់បាងកក ម៉ាឡេស៊ី ឬវៀតណាម ដែលពិបាកក្នុងការផ្ទេរជើងហោះហើរ ដែលជួនកាលរង់ចាំបួនប្រាំម៉ោងនៅចំណុចណាមួយ ទម្រាំទៅដល់ហ្សាការតា។ ឥឡូវនេះធ្វើឲ្យយើងចំណេញពេលវេលា ដែលធ្វើដំណើរត្រឹម ៣ម៉ោងកន្លះ ជាជាងយើងធ្វើដំណើរមួយថ្ងៃវាល់ល្ងាច ឬពេលខ្លះមួយយប់តែម្ដង»៕
Tag:
កម្ពុជា-ឥណ្ឌូណេស៊ី
ថោង ខុន
ហោះហើរត្រង់
© រក្សាសិទ្ធិដោយ thmeythmey.com