ការផ្សំចូលគ្នានៃការក្តៅខ្លួន និងឈឺខ្លួនច្រើនតែបង្កឡើងដោយការបង្ករោគដោយបាក់តេរី ឬវីរុស ហើយភាគច្រើនជាវីរុសជំងឺផ្តាសាយតែម្តង។ ការបង្ករោគនៅពោះវៀន រលាកសួត និងផ្លូវទឹកម៉ូត្រក៏មានអាការៈក្តៅខ្លួន និងឈឺខ្លួនដែរ។ការបង្ករោគដោយបាក់តេរីអាចព្យាបាលបានដោយថ្នាំផ្សះ ប៉ុន្តែបើវីរុសវិញ ច្រើនតែជាវិញដោយខ្លួនឯង។ យ៉ាងណាមិញ មិនខ្វល់ថា ភាពមិនស្រួលខ្លួននេះព្យាបាលដោយរបៀបណាឡើយ តែបើសិនជាអ្នកប្រើរបៀបរស់នៅដូចខាងក្រោមនេះ វានឹងជួយបញ្ចុះកម្តៅ និងបន្ថយការឈឺចាប់បានកាន់តែលឿនផង។
សម្រាកឲ្យបានគ្រប់គ្រាន់
ការសិក្សាបានឲ្យដឹងថា ការគេងមិនបានគ្រប់គ្រាន់អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ហើយការសម្រាកគ្រប់គ្រាន់អាចបង្កើនមុខងាររបស់វាវិញបាន។ រាងកាយនឹងមានសមត្ថភាពក្នុងការសម្លាប់ការបង្ករោគដែលធ្វើឲ្យក្តៅខ្លួន និងឈឺខ្លួនបាន។ ទោះបីជាអ្នកប្រើថ្នាំបំបាត់រោគសញ្ញាក៏ដោយ ក៏រាងកាយត្រូវការសម្រាកដែរ ដើម្បីមានសមត្ថភាពកាន់តែខ្លាំងប្រឆាំងនឹងការបង្ករោគ។
ប្រើទឹកក្តៅឧណ្ហៗដើម្បីបញ្ចុះកម្តៅ
ចូរព្យាយាមងូតទឹកក្តៅឧណ្ហៗ ឬប្រើកន្សែងជូតខ្លួន ដើម្បីផ្តល់ភាពត្រជាក់ដល់រាងកាយ។ ចូរចាំថា អ្នកមិនគួរធ្វើបែបនេះឡើយបើសិនជាកំពុងតែមានអាការៈគ្រុន។ ការត្រជាក់រាងកាយនឹងធ្វើឲ្យញាក់ខ្លាំង ហើយក៏ធ្វើឲ្យក្តៅខ្លួនកាន់តែខ្លាំងទៀតដែរ។
ញ៉ាំទឹកឲ្យបានច្រើន
នៅពេលរាងកាយក្តៅខ្លួនខ្លាំង រាងកាយនឹងបាត់បង់ជាតិទឹកកាន់តែលឿន។ ការខ្សោះជាតិទឹកអាចធ្វើឲ្យអាការៈនេះកាន់តែធ្ងន់ធ្ងរបានបើសិនជាការក្តៅខ្លួនកើតឡើងជាមួយនឹងការក្អួត ឬរាករូស។ រាងកាយត្រូវការជាតិទឹកច្រើនដើម្បីជាមូលដ្ឋានសម្រាប់ជំរុញដល់ការឆាប់ជាពីការបង្ករោគ។ ចូរញ៉ាំទឹកត្រជាក់ដើម្បីបង្គ្រប់ជាតិទឹកក្នុងខ្លួនផង និងផ្តល់ភាពត្រជាក់ដល់រាងកាយផង។ ការញ៉ាំតែបៃតងនឹងជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ តែបើអ្នករាកវិញ វានឹងធ្វើឲ្យរាកកាន់តែខ្លាំង ដូច្នេះកុំញ៉ាំតែបៃតងពេលកំពុងតែរាកអី។
ញ៉ាំអាហារសម្បូរសារធាតុអង់ទីអុកស៊ីដង់
អាហារដែលផ្ទុកទៅដោយអង់ទីអុកស៊ីដង់អាចជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងធ្វើឲ្យរាងកាយកាន់តែងាយស្រួលប្រឆាំងនឹងការបង្ករោគបាន។ អាហារដែលអ្នកគួរតែញ៉ាំនោះគួរតែជា បឺរីពណ៌ខៀវ ប៉េងប៉ោះ និងផ្លែឈើផ្សេងៗទៀតដែលមានពណ៌ចាស់ៗ។ បន្លែក៏ល្អដែរជាពិសេសម្ទេសប្លោក។
ចូរពាក់ស្រោមជើងសើម
វិធីសាស្ត្រមួយនេះនឹងជួយបញ្ចុះកម្តៅរាងកាយបាន។ ចូរពាក់ស្រោមជើងស្តើងដែលជ្រលួកនឹងទឹកក្តៅឧណ្ហៗ។ ចូរពាក់ស្រោមជើងនេះនៅជើងទាំងសងខាង និងក្នុងពេលគេង។ ការធ្វើបែបនេះ វានឹងជំរុញដល់ឈាម និងទឹករងៃធ្វើចរាចរណ៍ក្នុងរាងកាយកាន់តែល្អ ព្រមទាំងភ្ញោចដល់ប្រព័ន្ធភាពស៊ាំទៀត។ អ្នកអាចធ្វើបែបនេះ ៥ ទៅ ៦យប់បាន។ បន្ទាប់មក សម្រាករយៈពេល ២យប់សិនចាំបន្តទៀត៕
ត្រួតពិនិត្យដោយ www.health.com.kh