ជាតិ
សង្គមជាតិ
JICA,CMAC និង​ក្រសួងកសិកម្ម បានរួម​គ្នា​ផលិត​ចំណី​សត្វ​ពី​ស្មៅ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​
25, May 2019 , 7:19 pm        
រូបភាព
រូបភាពទី១ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​​នេសាទ
រូបភាពទី១ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​​នេសាទ
ដោយ:
​ភ្នំពេញ​៖ អង្គការ JICA បាន​សហការ​ជាមួយ​ក្រសួងកសិកម្ម និង​មជ្ឈមណ្ឌល​ជាតិ​កំចាត់មីន​កម្ពុជា ដើម្បី​ដាំ និង​ធ្វើ​អាជីវកម្ម​ស្មៅ ប្រភេទ Sorghum Silage សម្រាប់​ផលិត​ចំណី​សត្វ​។ គម្រោង​នេះ បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៨​មក​។


 
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានទទួល​ជួបពិភាក្សា​ជាមួយ​លោក Yuji SEGOSHI ទីប្រឹក្សា និង​ជា​អ្នកសម្របសម្រួល​គម្រោង​របស់​អង្គការ JICA និង​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​កំចាត់មីន​កម្ពុជា អំពី​គម្រោង​ដាំ និង​ការធ្វើ​អាជីវកម្ម​ប្រភេទ​ស្មៅ​ចំណី Sorghum Silage​នេះ កាលពី​ថ្ងៃទី​២១ ខែឧសភា​។  គម្រោង​នេះ​ទទួលបាន​ការឧបត្ថម្ភ ពី​អង្គការ JICA រយ​:​ពេល​២​ឆ្នាំ និង​អនុវត្ត​ដោយ​ក្រុមហ៊ុន Applied Natural Products Co., Ltd (ANP) សហការ​និង​សម្របសម្រួល​ជាមួយ​អង្គការ CMAC និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុង​ខេត្តបាត់ដំបង​។​
 
​ក្នុងជំនួប​នោះ លោក វេ​ង សាខុន បានបង្ហាញ​ការគាំទ្រ​ចំពោះ​គម្រោង​ដាំ​ស្មៅ​ចំណី Sorghum Silage នេះ ខណៈដែល​ក្រសួង ក៏​កំពុង​ជំរុញ​ផលិតកម្ម​សត្វ និង​ចំណី​សត្វ​ដែរនោះ​។ 


 
Yuji SEGOSHE ទីប្រឹក្សា និង​ជា​អ្នកសម្របសម្រួល​គម្រោង​របស់​អង្គការ JICA បាន​ថ្លែង​ក្នុងជំនួប​នោះ កាលពី​ឆ្នាំ​២០១៨ គម្រោង​នេះ​ផលិត​ចំណី​សត្វ​បាន​ប្រមាណ ២១១​តោន សម្រាប់​ផ្គត់ផ្គង់​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​មួយ នៅ​រាជធានី​ភ្នំពេញ ដោយ​ក្នុង​១​តោន ទទួលបាន​តម្លៃ​ពី ៧០-៨០​ដុល្លារ​អាមេរិក​។ ដោយឡែក​ក្នុង​ឆ្នាំ​២០១៩​នេះ គម្រោង​នេះ គ្រោង​បង្កើន​ការផលិត ឲ្យ​បាន​៤៥០​តោន​។ បើតាម​លោក Yuji ក្រុមហ៊ុន​ក៏មាន​បំណង​បោះទុន​វិនិយោគ យក​ស្មៅ​ប្រភេទ​នេះ មក​ផលិត​ជា​ជី​កុំ​ប៉ុស្តិ សម្រាប់​បម្រើ​ឲ្យ​វិស័យ​កសិកម្ម នាពេល​អនាគត​ផងដែរ​។​
 
​ទោះជា​យ៉ាងនេះ​ក្តី គម្រោង​នេះ ក៏​ជួប​ប្រឈម​បញ្ហា​មួយចំនួន​ដែរ​។  បើតាម​លោក Yuji SEGOSHE គឺ​ការផលិត​នៅមានកម្រិត ដែល​នាំ​ឲ្យ​ការផ្គត់ផ្គង់​មិន​គ្រប់​តាម​តម្រូវការ​ទីផ្សារ ហើយ​បញ្ហា​ចម្បង​ក្នុងពេល​បច្ចុប្បន្ន គឺ​មធ្យោបាយ និង​តម្លៃ​នៃ​ការដឹកជញ្ជូន រួមជាមួយ​ការខ្វះ​ប្រភពទឹក​ស្រោចស្រព​។​
 
​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់មីន​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា ការដាំដុះ​ស្មៅ Sorghum Silage សម្រាប់​ផលិត​ជា​ចំណី​សត្វ​នេះ កំពុង​អនុវត្ត​នៅ​មណ្ឌល​អភិវឌ្ឍន៍​ស៊ីម៉ាក់​មរតក​តេ​ជោ នៅ​ឃុំ​ឆ្លាស់​មាន់ ស្រុក​គាល់​ក្រឡ ខេត្តបាត់ដំបង​។ គម្រោង​នេះ គ្រោង​ចំណាយ​ថវិកា​ជិត​១​លាន​ដុល្លារ ហើយ JICA ជួយ​សាងសង់​ឃ្លាំង​មួយ​,​ផ្តល់​ត្រាក់ទ័រ​៤​គ្រឿង និង​សម្ភារ​វេច​ខ្ចប់​ផលិតផល​ចំណី​ផ្អាប់​ស្មៅ sorghum តាម​ខ្សែចង្វាក់​គ្រឿងចក្រ​ទាំងស្រុង​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហេង រតនា​៕










 

Tag:
 JICA
  CMAC
  ស្មៅ​
  ជីវៈវិទ្យា​
  ចំណី​សត្វ​
 ​បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com