ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក​សុខ ឥសាន ថា​អ្នក​ចាំ​ទទួល​លោក​សម រង្ស៊ី «​យក​លេស​ហូប​នំ​បញ្ចុក​» បំភាន់​ភ្នែក​សមត្ថកិច្ច​
25, May 2019 , 7:39 pm        
រូបភាព
លោក សុខ ឥសាន ថ្លែងក្នុងសន្និសីទកាសែត នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (គ៨៥) កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ អំពីលទ្ធផលបោះឆ្នោតអាណត្តិ៦ (រូបពី AFP)
លោក សុខ ឥសាន ថ្លែងក្នុងសន្និសីទកាសែត នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (គ៨៥) កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ អំពីលទ្ធផលបោះឆ្នោតអាណត្តិ៦ (រូបពី AFP)
ដោយ: ថ្មីៗ
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច បំភ្លឺថា ការហូប​នំ​បញ្ចុក គឺ​គ្មាន​ទោស​ពៃ​អ្វី​ឡើយ​។ ប៉ុន្តែ សម្រាប់​ករណី​របស់​អតីតមន្ត្រី​គណបក្សប្រឆាំង គឺជា​រឿង​ផ្សេង​។​


 
​តាមរយៈ​សំណេរ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នា​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩ លោក សុខ ឥសាន បកស្រាយ​ថា អតីតមន្ត្រី​គណបក្សប្រឆាំង​មួយចំនួន​នៅក្នុង​ស្រុក បាន​ជួបជុំ​ពិភាក្សាគ្នា ដើម្បី​គាំទ្រ​និង​រង់ចាំ​ទទួល​លោក សម រង្ស៊ី និង អតីត​ថ្នាក់​នាំ​គណបក្សប្រឆាំង​ផ្សេងទៀត ដែល​ប្រកាស​វិល​មក​កម្ពុជា​វិញ​នាពេលខាងមុខ​។ លោក បន្ទោស អតីតមន្ត្រី​គណបក្សប្រឆាំង​នោះ​ថា ជ្រួលជ្រើម​តាម​ការ​ញុះញង់​របស់​មេដឹកនាំខ្លួន។  
 
​បង្ហាញ​ការយល់ឃើញ​បែបនេះ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ ក៏​ចោទ​អតីតមន្ត្រី​គណបក្សប្រឆាំង​ទាំងនោះ​យ៉ាង​ដូច្នេះ​ថា «​ដើម្បី​បិទបាំង​សកម្មភាព​នយោបាយ​គាំទ្រ​អតីត​គណបក្សប្រឆាំង  សកម្មជន​ទាំងនោះ បាន​យក​លេស​ការជួប​ជុំគ្នា​ហូប​នំ​បញ្ចុក ក្នុង​គោលបំណង​បំភាន់​ភ្នែក​សមត្ថកិច្ច​។ ក៏ប៉ុន្តែ  រាល់​សកម្មភាព​របស់​ពួកគេ មិនអាច​ធ្វើ​ឲ្យ​សមត្ថកិច្ច​យល់ច្រឡំ​ឡើយ​»​។ 
 
​មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​កាន់អំណាច​ខាងលើ បន្តថា ដោយសារតែ សមត្ថកិច្ច មើលឃើញ​បែបនេះហើយ ទើប​ចាត់វិធានការ និង​រហូតដល់​តុលាការ កោះហៅ​ពួកគេ​ទៅ​សាកសួរ​និង​អប់រំ ដើម្បី​កុំ​ឲ្យ​ល្មើសច្បាប់​ទៀត និង​ជៀសវាង​ចាញ់បោក​មេដឹកនាំ​របស់​ពួកគេ​នៅក្រៅ​ស្រុក ដែលមាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ 
 
​លោក បរិយាយ​បែបនេះ​ថា «​ជន​អគតិ​មួយចំនួន បាន​វាយប្រហារ​ថា រដ្ឋាភិបាល យាយី​លើ​ប្រជាជន ដែល​គ្រាន់តែ​នាំគ្នា​ជួបជុំ​ហូប​នំ​បញ្ចុក ក៏​មិនបាន​ផង  ដែលជា​ការរំលោភ​សិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​។ បើ​គ្រាន់តែ​ជួបជុំគ្នា​ហូប​នំ​បញ្ចុក​ធម្មតា  គ្មាន​បញ្ហា​អ្វី​ឡើយ​។ ប៉ុន្តែ មានការ​ជួបជុំ​ជា​បន្តបន្ទាប់​របស់​អតីត​សកម្មជន​គណបក្សប្រឆាំង គឺជា​សកម្មភាព​នយោបាយ ដែលមាន​ចរិត​អនុវត្តតាម​ឧបាយកល​របស់​មេដឹកនាំ​ឧទ្ទាម​ក្រៅច្បាប់ ដែល​ញុះញង់​ពី​ក្រៅប្រទេស ក្នុង​គោលដៅ​ចង់​ប្រោះ​អតីត​គណបក្សប្រឆាំង​ឲ្យ​រស់​ឡើងវិញ និង​បំផ្លាញ​សន្តិសុខ​ជាតិ​តែ​ប៉​ណ្ណោះ ដោយ​យក​លេស​ជា​រូបភាព​ជួបជុំ​ហូប​នំ​បញ្ចុក​មក​បិទបាំង​។ នេះហើយ ដែល​ហៅថា នំ​បញ្ចុក​នយោបាយ​នោះ​»​។ 
 
​ប៉ុន្មាន​ថ្ងៃនេះ គេ ឃើញ​តុលាការ​និង​នគរបាល កោះហៅ​អតីតមន្ត្រី​គណបក្សប្រឆាំង​នៅតាម​មូលដ្ឋាន​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​តែម្តង ដែលមាន​រហូតដល់​ទៅ​ជាង​១០០​នាក់​ឯណោះ​។
​តុលាការខេត្ត​ដំបង បាន​ហៅ​អតីតមន្ត្រី​គណបក្សប្រឆាំង​៣៥​នាក់ ទៅ​សួរ ក្រោយពី​ពួកគេ ហូប​នំ​បញ្ចុក​ជុំគ្នា ដែល​ធ្វើ​ឲ្យ​តុលាការ សង្ស័យថា ពួកគេ មាន​ចេតនា​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​សាលដីកា​របស់​តុលាការ​កំពូល ដែល​សម្រេច​រំលា​យគណ​បក្សប្រឆាំង​កាលពី​ចុងឆ្នាំ​២០១៧​។ 
 
​នៅ​ខេត្តកំពង់ធំ ក៏មាន​អតីតមន្ត្រី​គណបក្សប្រឆាំង​៣៥​នាក់​ដែរ ដែល​ត្រូវបាន​ហៅ​ទៅ​សួរនាំ ដោយ​សង្ស័យថា ចង់​ប្រឆាំងនឹង​សាលដីការ​របស់​តុលាការ​កំពូល​ដូចគ្នា​។ ប៉ុន្តែ ពួកគេ កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​នគរ​បាល​នៅឡើយ ដោយ​មិនទាន់​ត្រូវបាន​បញ្ជូនទៅ​តុលាការ​នោះទេ​។ 
 
​ក្រៅពី​ខេត្ត​ទាំងពីរ​នេះ នៅមាន​អតីតមន្ត្រី​គណបក្សប្រឆាំង​នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត ដែល​ត្រូវ​ហៅ​ទៅ​សួរ ដូចជា នៅ​ខេត្តកណ្តាល នៅ​ខេត្តកំពង់ស្ពឺ និង នៅ​ខេត្តបន្ទាយមានជ័យ ជាដើម​។ 
 
​ចំណាត់ការ​របស់​សម​ត្ថ​កិច្ច​និង​តុលាការ បាន​រង​ការរិះគន់​ពី​ក្រុម​អ្នកប្រឆាំង រួមទាំង​សង្គម​ស៊ីវិល​មួយចំនួន ថា​រឹតត្បិត​សិ​ទិ្ធ​សេរីភាព​។ លោក អេង ឆៃអ៊ាង អតីត​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ម្នាក់​របស់​គណ​បក្សប្រឆាំង ដែល​បច្ចុប្បន្ន​រស់នៅ​ក្រៅ​ប្រទេស បាន​សរសេរ​សារ​ចំអក​លើ​បណ្តាញ​សង្គម​ថា «​បទ​ចោទ​ថ្មី លក់​នំ​បញ្ចុក ឬ​ហូប​នំ​បញ្ចុក ត្រូវ​ជាប់ចោទ​ប្រឆាំង​សាលដីកា រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​»​។​
 
​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បានបង្ហាញ​ក្តីកង្វល់ ដែល​តុលាការ​និង​សមត្ថកិច្ច ហៅ​អតីតមន្ត្រី​គណបក្សប្រឆាំង ទៅ​សួរនាំ​ជា​បន្តបន្ទាប់​បែបនេះ​។ ស្ថាប័ន​តំណាង​ឲ្យ​អង្គការសហប្រជាជាតិ​មួយ​នេះ សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ ថា ខ្លួន​កំពុង​តាមដាន​រឿងនេះ​។​
 
​ចំណែក សហរដ្ឋអាមេរិក ក៏មាន​កង្វល់​នឹង​រឿងនេះ​ដែរ ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា  លុបបំបាត់​ការ​រឹតត្បិត និង​ដោះលែង​អ្នកទោស​ទាំងឡាយណា ដែល​ត្រូវបាន​ឃុំខ្លួន​តាម​អំពើ​ចិត្ត ដោយ​រួមទាំង​លោក កឹម សុខា ផង​។ តាមរយៈ​សេ​កច​ក្តី​ថ្លែងការណ៍ កាលពី​ថ្ងៃទី​១៧ ខែឧសភា ក្រសួងការបរទេស​អា​មេ​រិ​ក បាន​អំពាវនាវ​បែបនេះ​ថា «​យើង ក៏​សូម​អំពាវនាវ​ដល់​រដ្ឋា​ភិ​បាល​កម្ពុជា ឲ្យ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​ពិតប្រាកដ  ហើយ​ធ្វើយ៉ាងណា ឲ្យ​សកម្មភាព និង​ច្បាប់​របស់ខ្លួន  គោរព​ទៅតាម​កាតព្វកិច្ច​សិទ្ធិមនុស្ស របស់​កម្ពុជា ស្ថិតក្រោម​ច្បាប់​អន្តរជាតិ​»​។ 
 
​លើសពីនេះ ក្រសួងការបរទេស​អា​មេ​រិ​ក បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​ជាបន្ទាន់​លើ​មរណភាព​លោក ទិ​ត  រ៉​ន  កូនប្រុស​របស់​អតីត​សកម្មជន​គណបក្សប្រឆាំង នៅក្នុង​ពន្ធនាគារ​វត្ត​ឃ្មួ​ង​ខេត្តកំពង់ចាម​៕ 
 

Tag:
 សុខ ឥសាន​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com