កីឡាជាតិ
ជាតិ
ណាហ្គាអាចបន្តឈរកំពូលតារាង ខណៈម្ចាស់ផ្ទះភ្នំពេញក្រោន EDC និង U18 បាទីនឹងជួបការលំបាក
26, May 2019 , 1:10 pm        
រូបភាព
ដោយ:
ការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគសប្តាហ៍ទី៩នៅថ្ងៃអាទិត្យនេះ មានការប្រកួតចំនួន៤គូដែលធ្វើឡើងនៅទីលានផ្សេងៗគ្នា។ ក្នុងនោះក្រុមបាតតារាងកំពង់ចាមប៉ះណាហ្គាវើល រីឯយុវជនអាយុក្រោម១៨ឆ្នាំបាទីស្វាគមន៍ស្វាយរៀង ខណៈអគ្គិសនីកម្ពុជាជួបសូលទីឡូអង្គរ មុនភ្នំពេញក្រោនទទួលភ្ញៀវមកពីខេត្តតាកែវគីរីវង់សុខសែនជ័យ។ សម្រាប់ការប្រកួត កាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិបានផ្តល់មេរៀនចាញ់ជាលើកទី២សម្រាប់វិសាខា ក្រោយអង្គរថាយហ្គឺរ និងបឹងកេតទទួលបាន៣ពិន្ទុរៀងៗខ្លួន ដើម្បីពង្រឹងទីតាំង។



ក្រុមបាល់ទាត់ណាហ្គាវើលអាចមានភាគរយខ្ពស់ក្នុងការបន្តគ្រងកំពូលតារាងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគប្រចាំសប្តាហ៍ទី៩ ខណៈពួកគេត្រូវប្រជែងជាមួយក្រុមកំពង់ចាមនៅកីឡដ្ឋានស្តាតចាស់ នាវេលាម៉ោង៣:៣០នាទីរសៀលថ្ងៃទី២៦ ឧសភានេះ។ ការវាយតម្លៃបែបនេះដោយសារកំពង់ចាមជាក្រុមមានសមត្ថភាពខ្សោយជាងគេបើធៀបនឹងក្រុមដទៃនៅរដូវកាលនេះ។

សម្រាប់៨ប្រកួតកន្លងមក ក្រុមទើបឡើងមកលីគកំពូលដោយមិនឆ្លងកាត់ការប្រកួតលីគទី២មួយនេះ បានរបូតគ្រាប់បាល់រហូត៦៤គ្រាប់ ហើយពួកគេរកបានតែ១គ្រាប់ប៉ុណ្ណោះ។ បរាជ័យដ៏ជូរចត់ជាងគេសម្រាប់ពួកគេ គឺចាញ់ក្រុមវិសាខា ១៤-០ និងចាញ់ព្រះខ័នរាជស្វាយរៀង ១៣-០។ ដូច្នេះសម្រាប់ការប៉ះជាមួយណាហ្គាវើលនៅថ្ងៃនេះ ជ័យជម្នះមិនមែនជាក្តីរំពឹងរបស់កំពង់ចាមនោះទេ ពោលគឺការទប់មិនឲ្យរបូតគ្រាប់បាល់ច្រើន ទើបជាក្តីរំពឹងរបស់ពួកគេ។

បច្ចុប្បន្នក្រុមនេះស្ថិតនៅបាតតារាងមាន៣ពិន្ទុជាមួយជ័យជម្នះ១លើក មិនដែលស្មើ និងចាញ់៧លើក ខណៈណាហ្គាវើលស្ថិតនៅកំពូលតារាងមាន២១ពិន្ទុជាមួយជ័យជម្នះ៧ និងចាញ់១។ ក្រោយបរាជ័យ ៤-២ ក្រោមថ្វីជើងក្រសួងការពារជាតិនៅសប្តាហ៍ទី២ ណាហ្គាវើលបានស្តារមុខមាត់ជាមួយជ័យជម្នះ៦លើកជាបន្តបន្ទាប់ ដោយយកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ៦-០ សូលទីឡូអង្គរ ១-០ គីរីវង់សុខសែនជ័យ ៣-១ ភ្នំពេញក្រោន ៣-០ អគ្គិសនីកម្ពុជា ៣-០ និងអង្គរថាយហ្គឺរ ៤-០។

នៅម៉ោង៣រសៀលនេះដែរ ក្រុមប្រើប្រាស់ធនធានកីឡាករកម្ពុជាសុទ្ធយុវជនអាយុក្រោម១៨ឆ្នាំបាទី ត្រូវបើកទ្វរកីឡដ្ឋានសាលាបាល់ទាត់ជាតិបាទីស្វាគមន៍ភ្ញៀវព្រះខ័នរាជស្វាយរៀង។ ទោះបីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដាក់ U18 ដើម្បីប្រកួតជាការដកស្រង់បទពិសោធ តែពួកគេបានបង្ហាញទម្រង់យ៉ាងល្អ ពោលគឺក្រុមផ្សេងៗមិនអាចយកឈ្នះដោយងាយស្រួលនោះឡើយ ពេលប៉ះជាមួយពួកគេ។

ប៉ុន្តែ៨ប្រកួតកន្លងមកក្រុមប្រើប្រាស់ធនធានកីឡាករកម្ពុជាសុទ្ធមួយនេះ ស្គាល់ជ័យជម្នះតែមួយលើកប៉ុណ្ណោះ ដោយយកឈ្នះកំពង់ចាមក្នុងលទ្ធផល ៣-០។ ដូច្នេះការប៉ះជាមួយព្រះខ័នរាជស្វាយរៀង ជ័យជម្នះមិនមែនជាក្តីរំពឹងសម្រាប់ពួកគេនោះទេនៅថ្ងៃនេះ។ តែអ្វីដែលជាក្តីរំពឹងរបស់ពួកគេ គឺធ្វើយ៉ាងណាទប់កុំឲ្យមានការបំប៉ោងសំណាញ់ទីច្រើនពីភ្ញៀវតែប៉ុណ្ណោះ។

បច្ចុប្បន្នក្រុមយុវជនអាយុក្រោម១៨ឆ្នាំបាទីស្ថិតនៅលេខរៀងទី១៣មាន៣ពិន្ទុ។ សម្រាប់៣ប្រកួតចុងក្រោយពួកគេចាញ់បឹងកេត ៣-១ ក្រសួងការពារជាតិ ៤-៣ និងចាញ់វិសាខា ៥-១។ ចំណែកព្រះខ័នរាជស្វាយរៀងស្ថិតនៅលេខរៀងទី២មាន២០ពិន្ទុ។ ៣ប្រកួតចុងក្រោយរបស់ពួកគេ គឺស្មើ ១-១ ជាមួយអង្គរថាយហ្គឺរ ឈ្នះកំពង់ចាម ១៣-០ និងស្មើ ២-២ ជាមួយបឹងកេត។

នៅម៉ោងដំណាលគ្នានេះផងដែរ ក្រុមអគ្គិសនីកម្ពុជាក្រោយបរាជ័យក្រោមថ្វីជើងប៉ូលិសកាលពីសប្តាហ៍មុនបើកទ្វារកីឡដ្ឋានខ្លួនទទួលភ្ញៀវសូលទីឡូអង្គរ ដែលយកឈ្នះភ្នំពេញក្រោន ១-០។ បច្ចុប្បន្នអគ្គិសនីកម្ពុជាស្ថិតនៅលេខរៀងទី១១មាន៧ពិន្ទុជាមួយជ័យជម្នះ២លើក ស្មើ១ និងចាញ់៥។ បើមើលពីបីប្រកួតចុងក្រោយរបស់ពួកគេ គឺស្មើ ២-២ ជាមួយអាស៊ីអឺរ៉ុប ចាញ់ណាហ្គា ៣-០ និងចាញ់អគ្គស្នងការដ្ឋាននគរបាលជាតិ ១-០។ ចំណែកសូលទីឡូអង្គរស្ថិតនៅលេខរៀងទី៨មាន៩ពិន្ទុ ក្រោយឈ្នះ២ ស្មើ៣ និងចាញ់៣។ បីប្រកួតចុងក្រោយរបស់ពួកគេ គឺស្មើ ១-១ ជាមួយក្រសួងការពារជាតិ ឈ្នះគីរីវង់សុខសែនជ័យ ១-០ និងឈ្នះភ្នំពេញក្រោន ១-០។

ដោយឡែកនៅម៉ោង៦ល្ងាចក្រុមភ្នំពេញក្រោនដែលចាញ់សូលទីឡូអង្គរ ១-០ ត្រូវប្រជែងជាមួយគីរីវង់សុខសែនជ័យដែលធ្វើឲ្យក្រសួងការពារជាតិខកចិត្តជាមួយជ័យជម្នះ ៤-១ កាលពីសប្តាហ៍មុន។ នេះអាចចាត់ទុកជាជំនួបដ៏ជក់ចិត្តផងដែរប្រចាំថ្ងៃនេះ ព្រោះភ្នំពេញក្រោនក្រោមការដឹកនាំផ្លូវការលើកទី៣របស់លោក ស៊ុំ វណ្ណា ត្រូវការឈ្នះដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ ដែលពួកគេធ្វើឲ្យចិត្តនៅលើទឹកខ្លួនកន្លងមក។ ជ័យជម្នះលើក្រសួងការពារជាតិ វាជាកាដូជួយឲ្យកីឡាករគីរីវង់មានទឹកចិត្តប្រកួតកាន់តែខ្លាំងនៅថ្ងៃនេះ។

បើធៀបបីប្រកួតចុងក្រោយរបស់ពួកគេទាំងពីរ គឺភ្នំពេញដែលកំពុងឈរលេខរៀងទី១០មាន៩ពិន្ទុបានចាញ់ណាហ្គាវើល ៣-០ ឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ៣-០ និងចាញ់សូលទីឡូអង្គរ ១-០។ ចំណែកក្រុមស្ថិតនៅលេខរៀងទី៩មាន៩ពិន្ទុគីរីវង់សុខសែនជ័យឈ្នះប៉ូលិស ៣-២ ចាញ់សូលទីឡូអង្គរ ១-០ និងឈ្នះក្រសួងការពារជាតិ ៤-១។

សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិបានបង្អាក់ដំណើរឈានទៅគ្រងកំពូលតារាងបណ្តោះអាសន្នរបស់វិសាខា បន្ទាប់ពីពួកគេបានយកឈ្នះក្នុងលទ្ធផល ១-០។ ជ័យជម្នះនេះជួយឲ្យក្រសួងការពារជាតិទទួលបាន៣ពិន្ទុបន្ថែម ដើម្បីពង្រឹងទីតាំងលេខ៥របស់ខ្លួនដោយមាន១៧ពិន្ទុ។ កីឡាករ ឈិន ឈឿន ជាអ្នកសម្រេចគ្រាប់បាល់ជ័យជម្នះឲ្យទ័ព បន្ទាប់ពីកីឡាករ ច្រឹង ពលរដ្ឋ ទាត់បាល់ទៅប៉ះកីឡាករវិសាខាហើយផ្លាតត្រឡប់មកវិញ។

នៅកីឡដ្ឋានខេត្តសៀមរាប ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរបានយកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងលទ្ធផល ៤-២ ដើម្បីទទួលបាន៣ពិន្ទុពង្រឹងទីលេខ៤ជាមួយ១៨ពិន្ទុ។ កីឡាករ Okereke Timothy Chiemerie សម្រេចបាន Hat Trick ឲ្យអង្គរថាយហ្គឺរ ដែលរួមចំណែកមួយគ្រាប់ដោយកីឡាករ ឡុង ភារ៉ាត។ ចំណែកគ្រាប់បាល់របស់ប៉ូលិសរកបានម្នាក់មួយគ្រាប់ដោយកីឡាករ Booysen Shane និងការធ្វើឲ្យចូលទីខ្លួនឯងរបស់ Okereke Timothy Chiemerie។

នាកីឡដ្ឋាន A.E.U Sport Park បឹងកេតបានយកឈ្នះអាស៊ីអឺរ៉ុបក្នុងលទ្ធផល ៣-២ ដោយគ្រាប់បាល់របស់បឹងកេតរកបានម្នាក់១គ្រាប់ដោយ Gbenga Samuel សឿត ណាវ៉ា និង Purcino Luiz Eduardo។ ចំណែកកីឡាករ សាន ចំរ៉ុង និង ពិន សារ៉ែន ជាអ្នករកគ្រាប់បាល់ឲ្យអាស៊ីអឺរ៉ុប៕

Tag:
 Cambodia League 2019
  ណាហ្គាវើល
  ភ្នំពេញក្រោន
© រក្សាសិទ្ធិដោយ thmeythmey.com