សៀមរាប៖ បច្ចុប្បន្ន យុវជនកាន់តែច្រើនឡើង បានចាប់អារម្មណ៍ទៅនឹងការសិក្សាផ្នែកបច្ចេកទេស និងជំនាញរយៈពេលខ្លីៗ ដូចជាផ្នែកគ្រឿងអេឡិចត្រូនិក ម៉ាស៊ីនត្រជាក់ អគ្គិសនី រថយន្ត និងម៉ូតូជាដើម។ យុវជនយល់ថា ការសិក្សានៅសាលាបច្ចេកទេស ជួយឱ្យពួកគេមានជំនាញច្បាស់លាស់ សិក្សាលឿន និងងាយស្រួលរកការងារធ្វើ។
សូមស្ដាប់បទយកការណ៍ដែលរៀបចំដោយ អ្នកស្រី អ៊ីសា រ៉ហានី អ្នកសារព័ត៌មានថ្មីៗ ពីខេត្តសៀមរាបដូចតទៅ៖
ស្របពេលកម្ពុជាកំពុងអភិវឌ្ឍន៍ តម្រូវការការងារបច្ចេកទេស ក៏មានច្រើនដែរ។ ការដ្ឋានសាងសង់មានជាប់ជាហូរហែ ហើយការងារ ក៏មិនខ្វះដែរ សម្រាប់អ្នកដែលមានជំនាញ និងបច្ចេកទេសតាមស្ដង់ដា។ គេសង្កេតឃើញថា នាពេលបច្ចុប្បន្ន ស្របពេលតម្រូវការអ្នកជំនាញការលើការងារកាន់តែច្រើន ការបណ្ដុះបណ្ដាលលើការងារនេះ ក៏កាន់តែកើនឡើងដែរ។
យុវជនកាន់តែច្រើន បានយល់ និងងាកមកសិក្សានៅសាលាបណ្ដុះបណ្ដាលបច្ចេទេស និងវិជ្ជាជីវៈ និងទទួលបានឱកាសការងារភ្លាមៗក្រោយពេលពួកគេសិក្សារយៈពេលខ្លី។ នៅខេត្តសៀមរាបមានសាលាបណ្ដុះបណ្ដាល បច្ចេកទេសចំនួន២ ដែលស្ថិតក្នុងក្របខណ្ឌក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលទទួលសិស្សសិក្សាលើបច្ចេកទេសផ្សេងៗដោយមិនគិតថ្លៃ។
យុវជន វីរៈ ដែលបានចូលរៀននៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរ រយៈពេលជាង១០ខែមកហើយនោះ បាននិយាយថា ខ្លួនបានរៀនចប់ថ្នាក់ទី៩នៅវិទ្យាល័យ និងបន្តចូលរៀននៅសាលានេះ៣ឆ្នាំ ផ្នែកអគ្គិសនី ដែលការរៀននេះ មានតម្លៃស្មើនឹងសញ្ញាបត្របាក់ឌុបដែរ។ វីរៈ ប្រាប់ថាមានបំណងបន្តថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្ររង លើផ្នែកអគ្គិសនីនេះដដែល ប្រសិនបើពេលទំនេរពីការងារ។
សិក្សាផ្នែកអគ្គិសនីត្រឹម១០ខែប៉ុណ្ណោះ តែវីរៈមានការងារធ្វើទៅហើយ។ វីរៈថា ជំនាញវិជ្ជាជីវៈ គឺមានសារសំខាន់ណាស់សម្រាប់ខ្លួន ក៏ដូចជាយុវជនដទៃទៀត ស្របពេលដែលកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ គឺមានតម្រូវការងារបច្ចេកទេស និងវិជ្ជាជីវៈច្រើន។
ងាកទៅយុវជន តុង វិញ ដែលកំពុងដើរទស្សនារោងពិព័រណ៌ និងការដាក់ឱ្យដំណើរការប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងការផ្តល់គុណវុឌ្ឍ នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ក៏កំពុងសិក្សាផ្នែកអគ្គិសនី តំណាលគ្នានឹងយុវជន វីរៈដែរ។ តុង ស្រឡាញ់ និងចូលចិត្តផ្នែកតភ្លើងតាំងពីតូចមក។ សម្រាប់សាលាបច្ចេកទេស តុង យល់ថា មានសារសំខាន់ដល់យុវជនកម្ពុជា ព្រោះកម្ពុជាត្រូវការជាងជំនាញច្រើន រីឯទីផ្សារការងារក៏សម្បូរដែរ។ ស្របពេលដែលកម្ពុជាកំពុងអភិវឌ្ឍន៍ដោយត្រូវការអ្នកជំនាញច្រើន រីឯតម្រូវលើការងារទាំងនោះក៏ច្រើនដែរទាំងក្នុងស្រុក និងក្រៅស្រុក តុង ថា ការងារផ្នែកបច្ចេកទេសមានច្រើន មិនខ្វះទេ តែថាសំខាន់ឱ្យតែយុវជនមានសមត្ថភាព និងជំនាញច្បាស់លាស់ ។
ចំណែកយុវជន ពិន សុផល ដែលទើបនឹងដើរមើលស្ដង់តាំងពិព័រណ៌ នៅបរិវេណវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ក៏សប្បាយរីករាយ ជាមួយនឹងអ្វីដែលខ្លួនទទួលបាន តាមរយៈការសិក្សាផ្នែកបច្ចេកទេស និងវិជ្ជាជីវៈនេះដែរ។ សុផល រម្លឹកថា ដើមឡើយកាលនៅរៀនវិទ្យាល័យ គេមិនដឹងចាប់ជំនាញអ្វីទេ តែដល់ពេលខាងសាលាចុះទៅផ្សព្វផ្សាយ ក៏ចាប់អារម្មណ៍ផ្នែកកុំព្យូទ័រតែម្ដង។ សុផល ក៏បានសុំការណែនាំពីខាងសាលា និងបានសិក្សាផ្នែកកុំព្យូទ័រនៅឆ្នាំទី៣ហើយ មកដល់ពេលនេះ ដែលសញ្ញាបត្រមានតម្លៃស្មើបាក់ឌុប។
ក្រៅពីបញ្ចប់ឆ្នាំទី៣នេះហើយ សុផល មានបំណងតថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ដ្រកុំព្យូទ័រ ឬជំនាញអាយធី។ សម្រាប់ សុផល សាលាបច្ចេកទេស បានផ្តល់ឱកាសការងារដល់យុវជនច្រើន ហើយតម្រូវការទីផ្សារបច្ចេកទេស ក៏មានច្រើនដែរ។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ កម្មវិធីបណ្ដុះបណ្ដាលវិញ្ញាបនបត្រវិជ្ជាជីវៈ និងការដាក់ឱ្យដំណើរការប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងការផ្តល់គុណវុឌ្ឍ កាលពីពាក់កណ្ដាលខែឧសភា កន្លងទៅ នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ពេជ សោភ័ន បានអរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូអភិវឌ្ឍន៍នានា ដែលតែងតែផ្តល់ការគាំទ្រដល់វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ ហៅកាត់ថា TVET ចាប់តាំងពីឆ្នាំ១៩៩៦ ដោយចាប់ផ្តើមពីគម្រោងជំនាញមូលដ្ឋាន រហូតមកដល់គម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលកំពុងដំណើររហូតដល់បច្ចុប្បន្ន។ គម្រោងថ្មី ដែលធនាគារអភិវឌ្ឍន៍អាស៊ី បន្តការគាំទ្រដែរនោះ គឺគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង ដែលទើបនឹងដាក់អនុវត្តន៍នៅថ្ងៃទី១០ ឧសភា ឆ្នាំ២០១៩។
លោក ពេជ សោភ័ន ក៏សូមឱ្យដៃគូទាំងអស់បន្តគាំទ្រដល់វិស័យ TVET បន្តទៀត ព្រោះថាវិស័យនេះ ត្រូវប្រើប្រាស់ដើមទុនខ្ពស់ ដើម្បីអប់រំបណ្ដុះបណ្ដាលគ្រូបង្រៀនថ្មី និងចាស់ សម្ភារបច្ចេកទេសឧបករណ៍ថ្មីៗ សាងសង់គ្រឹះស្ថានសិក្សា និងរោងជាង ធានាដល់ការបណ្ដុះបណ្ដាលសិក្ខាកាមសិស្សនិស្សិតមានលក្ខណៈសមស្រប ប្រកបដោយគុណភាព ស្ដង់ដាសមត្ថភាព ដើម្បីបំពេញតម្រូវការជំនាញដែលតែងតែផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស៕