ភ្នំពេញ៖ មួយទសវត្សន៍ចុងក្រោយនេះ កម្ពុជាមានសំណង់អគារធំៗ និងខ្ពស់ៗកាន់តែច្រើនទាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្តសក្តានុពលមួយចំនួន រួមមាន៖ខេត្តសៀមរាម និងខេត្តព្រះសីហនុជាដើម។ សំណង់អគារពាណិជ្ជកម្ម អគារខុនដូ បុរី និងលំនៅដ្ឋានយ៉ាងសម្បើម ដែលមានស្រាប់ និងកំពុងបុកគ្រឹះកសាងនៅពេលបច្ចុប្បន្ន គឺបានមកពីការវិនិយោគរបស់វិនិយោគិនក្នុងស្រុក និងការវិនិយោគផ្ទាល់ពីបរទេស។ តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យវិស័យសំណង់បានរីកលូតលាស់នៅកម្ពុជា?
សូមស្តាប់បទសម្ភាសរវាងលោក រ៉ឹម ភារី នៃសារព័ត៌មានថ្មីៗ ជាមួយ លោក នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA តទៅ៖
លោក រ៉ឹម ភារី៖ ឆ្នាំ២០១៨ កម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ឋល្អលើសពីការរំពឹងទុក ពោលគឺមានកំណើន៧.៥ភាគរយ ហើយអ្វីដែលជំរុញឲ្យមានកំណើនសេដ្ឋកិច្ចបែបនេះ មកពីកត្តាធំៗពីរ គឺកំណើនឆាប់រហ័សនៃការនាំចេញ និងការបន្តរីកលូតលាស់នៃវិស័យសំណង់។ នេះបើតាមរបាយការណ៍មួយស្តីអីពី«បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា»របស់ធនាគារពិភពលោក ដែលចេញផ្សាយកាលពីដើមខែឧសភា។ តើមានកត្តាសំខាន់ៗអ្វីខ្លះ ដែលជំរុញឲ្យវិស័យសំណង់បន្តរីកលូតលាស់នៅកម្ពុជា?
លោក នួន រិទ្ធី៖ នេះជាទិដ្ឋភាពជាក់ស្តែងពីកាលានុវត្តភាពរបស់រាជរដ្ឋាភិបាល ដែលបានប្រឹងប្រែងជាង៣ទសវត្សរ៍មកនេះ ហើយទសវត្សរ៍ចុងក្រោយនេះ កម្ពុជាទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់ពាក់ព័ន្ធនឹងស្ថិរភាពនយោបាយ ដែលនាំឲ្យមានស្ថិរភាពសង្គម និងស្ថិរភាពសេដ្ឋកិច្ច។ ដូច្នេះកត្តាទាំង៣នេះហើយ បានស្រូបទាញការអភិវឌ្ឍន៍នៅក្នុងស្រុក និងស្រូបទាញការវិនិយោគពីក្រៅប្រទេស (FDI)។ ម្យ៉ាងប្រទេសកម្ពុជានៅចំកណ្តាលបេះដូងតំបន់អាស៊ាន។ អាស៊ាន កំពុងចែចូវ និងប្រទាញប្រទង់គ្នារវាងមហាអំណាចចិន និងអាមេរិក ហើយកម្ពុជា ជាប្រទេសចំកណ្តាល ដែលការធ្វើដំណើរចេញពីកម្ពុជាទៅកាន់បណ្តាប្រទេសអាស៊ាន គឺមិនលើសពីរម៉ោងនោះទេ។ នៅពេលអាស៊ាន ធ្វើសមាហរណកម្មសេដ្ឋកិច្ចតែមួយ អាស៊ានពុំមានរបាំងគយផងនោះ ដូច្នេះគេអាចជ្រើសរើសប្រទេសដែលមានសក្តានុពល និងផ្តល់អត្ថប្រយោជន៍ខ្ពស់ ក្នុងការធ្វើជំនួញ។ ប្រទេសកម្ពុជា មានច្បាប់វិនិយោគទាក់ទាញបំផុត និងមានច្បាប់អនុគ្រោះពន្ធច្រើនជាងគេបំផុត ព្រមទាំងជាប្រទេសទីផ្សារសេរី។ លើសពីនេះ កម្ពុជាមានភាពច្នៃប្រឌិត ដែលបានអនុគ្រោះឲ្យជនបរទេស អាចបើកក្រុមហ៊ុន១០០ភាគរយ ខុសពីប្រទេសដទៃជិតខាងយើង មានន័យថា លំហូរទុនចូលប្រទេសកម្ពុជា គឺងាយស្រួលយកចេញទៅវិញ ដែលខុសពីប្រទេសដទៃចូលស្រួលចេញពិបាក។ កត្តាមួយទៀត ការផ្គត់ផ្គង់ថាមពល គឺច្រើន និងល្អជាងមុន។ ចំណែកផ្លូវថ្នល់វិញ រដ្ឋាភិបាល លោកបានបំពេញស្ទើរតែ១០០ភាគរយ ដោយមានផ្លូវខ្វាត់ខ្វែង។ បន្ថែមពីនេះ កម្ពុជាមានច្បាប់មួយ ដែលអាចស្រូបទាញក្នុងកសាងអគារខ្ពស់កាន់តែមានប្រសិទ្ធភាពនោះ គឺអគារសហកម្មសិទ្ធិ ពោលគឺជនបរទេសអាចទិញអគារខុនដូរសហកម្មសិទ្ធិរបស់យើងចាប់ពីជាន់ទីមួយឡើងទៅ ដែលមិនលើសពី៤៩ភាគរយនៃភាគហ៊ុនអគារទាំងមូល។ ច្បាប់នេះ បានធ្វើឲ្យសំណង់អគាររបស់យើងរីកដុះដាល ដោយក្នុងរាជធានីភ្នំពេញបច្ចុប្បន្ន អគារចាប់ពី៩ជាន់ឡើងទៅ មានលើសពី១ពាន់អគារហើយ។ នេះនិយាយតែភ្នំពេញ មិនទាន់រាប់ខេត្តសក្តានុពល ដូចជា៖ សៀមរាប និងខេត្តព្រះសីហនុ ដែលមានគម្រោងជាច្រើនសាងសង់នៅទីនោះ។
លោក រ៉ឹម ភារី៖ ពេលវិស័យសំណង់រីកលូតលាស់ ដោយមានអគារខ្ពស់ច្រើននៅកម្ពុជា តើបានផ្តល់ផលអ្វីខ្លះដល់ប្រជាជនកម្ពុជា?
លោក នួន រិទ្ធី៖ ផលទីមួយ គឺម៉ាក្រូ។ ការកើនឡើងនៃកំណើនការងារ ព្រោះវិស័យសំណង់ ត្រូវការកម្លាំងពលកម្មរាប់សែននាក់។ បច្ចុប្បន្ន ប្រទេសកម្ពុជាមិនទាន់មានកម្លាំងពលកម្មគ្រប់គ្រាន់នោះទេ។ ជាក់ស្តែង មានសំណង់អគារខ្លះ យកកម្មករជំនួយពីចិនមកកសាង ដើម្បីឲ្យទាន់សភាពការណ៍។ ទីពីរ ការដឹកជញ្ជូននូវសម្ភារដើម្បីសាងសង់ ដូចជា ដែក ស៊ីម៉ងត៍ គ្រឿងលម្អ គ្រឿងផ្គុំផ្សេងៗ ដែលកម្ពុជាមិនទាន់មានសមត្ថភាពផលិត គឺត្រូវការនាំចូល។ មួយវិញទៀត វិស័យនេះបានធ្វើឲ្យផលទុនជាតិយើងកើនឡើង។ ទោះបីវិនិយោគទុន មកបណ្តាក់ទុនសាងសង់ជាកម្មសិទ្ធិកររបស់គាត់មែន ប៉ុន្តែ វាស្ថិតនៅក្នុងប្រទេសកម្ពុជារបស់យើង។ អ្នកវិនិយោគ មកវិនិយោគ ពួកគេបានប្រាក់ចំណេញទៅវិញ តែអគារ និងដីកម្មសិទ្ធិស្ថិតនៅលើដីកម្ពុជា និងជារបស់កម្ពុជា។ ឧទាហរណ៍ថា យើងទៅប្រទេសថៃ យើងឃើញអគារហ្នឹង ជារបស់ក្រុមហ៊ុនណាទេ? អូ! ក្រុងបាងកកសុទ្ធតែអគារខ្ពស់ធំៗ។ ដូចគ្នា ភ្នំពេញ សុទ្ធតែអគារខ្ពស់ធំៗ ឬកម្ពុជាស្អាតណាស់! ដូច្នេះ សុទ្ធតែមានការចូលរួមពីវិស័យឯកជន និងរដ្ឋផងដែរ ដែលផ្តល់ផលចំណេញដល់កម្ពុជាទាំងម៉ាក្រូ និងមីក្រូ។
លោក រ៉ឹម ភារី៖ ទន្ទឹមនឹងផលវិជ្ជមានច្រើន តែវិស័យសំណង់ក៏ពើបប្រទះ នឹងបញ្ហាមួយចំនួនផងដែរ។ របាយការណ៍ធនាគារពិភពលោក បានបង្ហាញថា វិស័យសំណង់ និងអចលនទ្រព្យកាន់តែងាយធ្លាក់ក្នុងវដ្តស្ថានភាពឆាប់ប៉ោង ហើយឆាប់ផ្ទុះបែកទៅវិញ ហើយកំណើនការផ្តល់ហិរញ្ញប្បទានក្នុងស្រុកសម្រាប់វិស័យសំណង់ នឹងកាន់តែបង្កើនហានិភ័យថែមទៀតដល់វិស័យហិរញ្ញវត្ថុ។ លោកអាចបញ្ជាក់ពីមូលហេតុចម្បងៗអ្វីខ្លះ បានជាវិស័យសំណង់បែរជាមានបញ្ហាទាំងនេះទៅវិញ?
លោក នួន រិទ្ធី៖ មានចំណុចពីរ គឺកត្តាវិជ្ជមានដែលស្ថាប័នឥណទាន បានលើកទឹកចិត្តអតិថិជនដែលយកកម្ចីទៅអភិវឌ្ឍន៍ ឬអតិថិជន ដែលចង់ទិញលំនៅដ្ឋាន តាមរយៈបង់រំលស់។ ធនាគារជាផ្នែកមួយនៃការប្រតិបត្តិនៅក្នុងសេដ្ឋកិច្ច។ ដូច្នេះ គាត់បានវិភាគរួចហើយ មុនអនុញ្ញាតផ្តល់កម្ចី ឬបើកគោលការណ៍ឥណទាន។ ដោយសារតែកម្រិតជីវភាពរបស់ប្រជាជនកម្ពុជានឹងមាន GDP វិវត្តទៅជាសេដ្ឋកិច្ចមធ្យមកម្រិតខ្ពស់ ដែលមានGDP ចន្លោះ៣ពាន់ ទៅ៥ពាន់ដុល្លារ ក្នុងមួយឆ្នាំ។ ចំណុចទី២ ការវិភាគរបស់ធនាគារពិភពលោក ថា នឹងប៉ោងជាដើមនេះ ខ្ញុំគិតថា ការនិទស្សន៍នេះ គ្រាន់តែជាការបារម្ភ។ ខ្ញុំដើរលើវិស័យនេះជាង១០ឆ្នាំមកហើយ យើងឃើញនិកម្មនៃវិស័យនេះ មានបញ្ហា១០ឆ្នាំម្តង។ ២០០៨ មកដល់ពេល២០១៩នេះ មានរយៈពេល១១ឆ្នាំ ដូច្នេះ វាមិនស្ថិតលើកម្មនៃប្រវត្តិសាស្ត្រនោះទេ វាស្ថិតលើការកែច្នៃ និងការដឹកនាំរបស់រាជរដ្ឋាភិបាលទៅវិញទេ ដែលធ្វើឲ្យអ្វីៗទាំងអស់ មានដើរ បង្អង់ មានឈប់ ឬមានហក់ឡើង។ វាគ្រាន់តែយើងធ្លាប់ដើរលឿន ដល់ពេលយើងបន្ថយល្បឿន គេមើលឃើញថាគាំង។ ខ្វះអ្វី ដែលគេនិទស្សន៍ថា មុនពេលបោះឆ្នោត និងក្រោយបោះឆ្នោត គឺបញ្ហាវិស័យអចលនវត្ថុកម្ពុជាមានការគាំង និងរាំងស្ទះជាដើម តែធាតុពិតមិនមានទេ។ តែយើងមើលសញ្ញា បើធនាគារទាំងអស់ មិនផ្តល់ឥណទានដល់វិស័យសំណង់ នោះទើបជាបញ្ហា។ អ៊ីចឹងប្រជាជនកម្ពុជា កំពុងមានតម្រូវការលំដ្ឋាននៅក្នុងទីក្រុងភ្នំពេញមួយឆ្នាំ យ៉ាងហោចណាស់ពី៥ពាន់ទៅ១ម៉ឺនខ្នង ទាំងលំដាប់ទាប លំដាប់ធម្យម និងលំដាប់ខ្ពស់។ ដូច្នេះ ការផ្គត់ផ្គង់បច្ចុប្បន្ននេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ។ តែគាត់ថាប៉ោងហ្នឹង គឺពាក់ព័ន្ធតែអគារខ្ពស់ទេ ដូចជាការសាងសង់ខុនដូរជាដើម។ គម្រោងមានច្រើននៅបច្ចុប្បន្នមែន តែសាងសង់សម្រាប់ផ្គត់ផ្គង់ទៅអនាគត ដូច្នេះ បើដាក់ការបារម្ភបច្ចុប្បន្ន គឺមិនត្រូវត្រឹមត្រូវ។ ចំណែកអគារសហកម្មសិទ្ធិរបស់យើង ក៏មិនទាន់មានហានីភ័យណា ដែលគំរាមកំហែងនោះទេ។
លោក រ៉ឹម ភារី៖ តើលោក នួន រិទ្ធី មើលឃើញដូចម្តេច ចំពោះអនាគតវិស័យសំណង់នៅកម្ពុជា?
លោក នួន រិទ្ធី៖ ខ្ញុំនិទស្សន៍ថា បើស្ថិរភាពនយោបាយ និងស្ថិរភាពសេដ្ឋកិច្ចកម្ពុជារឹងមាំប៉ុណ្ណេះ ៥ឆ្នាំទៀត កម្ពុជានឹងក្លាយជាសិង្ហបុរីទី២ ព្រោះកម្ពុជា កំពុងមានគម្រោងជាច្រើន ហើយប្រទេសជាច្រើន បានយកកម្ពុជាជាគោលដៅក្នុងការអភិវឌ្ឍន៍។ កម្ពុជា ជាប្រទេសក្នុងចំណោមប្រទេសដែលបានប្រយោជន៍យ៉ាងធំបំផុត ពីយុទ្ធសាស្ត្រវិថីសូត្រ ដែលផ្តួចផ្តើមដោយចិន។ ដូច្នេះ កម្ពុជាមានសក្តានុពលច្រើន ដោយមានផែទឹក ផែស្ងួត មានដែនអាកាសធំទូលាយ។ លើសពីនេះ កម្ពុជាបើកឲ្យមានការហោះត្រង់ទៅសៀមរាម និងខេត្តព្រះសីហនុ ដើម្បីសម្រួលដល់អ្នកទេសចរ និងអ្នកវិនិយោគ ដែលខុសពីប្រទេសវៀតណាម ទាល់តែហោះចូលក្រុងហូជីមិញសិន ទើបឲ្យហោះទៅខេត្តដទៃទៀត៕