ភ្នំពេញ៖ លោក ព្រហ្ម ពុធវិសាល និងលោក អ៊ិន មឈូរ៉ា ជាវិចិត្រករគូររូបលើជញ្ជាំងវ័យក្មេងដែលស្នាដៃរបស់ពួកគេ បានទទួលការគាំទ្រយ៉ាងច្រើន។ ពួកគេអាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារនៅក្នុងមួយឆ្នាំៗ។ ទោះជាគំនូរលើជញ្ជាំងនាំចំណូលច្រើនក្តី ប៉ុន្តែវាក៏អាចទាក់ទាញជំងឺមកជាមួយដែរ ដោយសារទឹកថ្នាំគូររូបមានផ្ទុកសារធាតុគីមីដែលគេប្រើប្រាស់។
ជាបន្តសូមស្តាប់បទយកការណ៍ដែលរៀបចំដោយលោក រ៉ឹម ភារី នៃសារព័ត៌មានថ្មីៗដូចតទៅ៖
គំនូរលើជញ្ជាំងដើមឡើយ ហាក់ពេញនិយមតែនៅតាមជញ្ជាំងព្រះវិហារ ទីសក្ការៈនានា និងសាលារៀនប៉ុណ្ណោះ។ តែបច្ចុប្បន្ន គំនូរលើជញ្ជាំងក៏កំពុងពេញនិយមយ៉ាងខ្លាំងផងដែរ នៅតាមហាងកាហ្វេ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តនានា។ អ្នកគូរគំនូរលើជញ្ជាំង ក៏កាក់កបនឹងជំនាញនេះដែរ។
លោក ព្រហ្ម ពុធវិសាល និងស្នាដៃគំនូរ
លោក ព្រហ្ម ពុធវិសាល ជាវិចិត្រករមួយរូបដែលកំពុងមមាញឹកខ្លាំង ក្នុងការគូរគំនូរលើជញ្ជាំងនេះ។ វិចិត្រករវ័យ៣២ឆ្នាំរូបនេះ បានឲ្យដឹងថា អតិថិជនរបស់ខ្លួនភាគច្រើន គឺជាម្ចាស់ហាងកាហ្វេ ដែលបានស្គាល់ស្នាដៃខ្លួនតៗគ្នាមក។ ក្រៅពីនេះ ពុធវិសាល ក៏ទទួលបានការកក់ ពីអតិថិជនពីក្រៅប្រទេស និងពីតាមបណ្តាញសង្គមហ្វេសប៊ុកផងដែរ ដោយសារតែលោកតែងបង្ហាញស្នាដៃគំនូរនៅលើបណ្តាញសង្គមដ៏ល្បីមួយនេះ។ លោក ព្រហ្ម ពុធវិសាលបញ្ជាក់៖«អតិថិជនរបស់ខ្ញុំភាគច្រើន គឺនៅហាងកាហ្វេតែម្តង។ គេស្គាល់ខ្ញុំ ដោយសារ គំនូររបស់ខ្ញុំ វាប្លែក ហើយទាក់ទាញ ហើយភាគច្រើនខ្ញុំបញ្ចូលក្បាច់ខ្មែរចូលជាមួយ ធ្វើឲ្យអ្នកញ៉ាំកាហ្វេ គាត់ឃើញ គាត់សួរម្ចាស់ហាងទៅ ដឹងតៗគ្នា។ ចំណូលបើក្នុងមួយខែ វាមិនស្ថេរទេ ព្រោះគំនូរលើជញ្ជាំង ពេលខ្លះបើយើងមានម៉ូយច្រើន វាបានលុយច្រើន បាន១ពាន់ជាង ឬ២ពាន់ ខែខ្លះ៧ទៅ៨រយ ខែខ្លះលោតដល់៣ពាន់ ឬ៦ពាន់ក្នុងមួយហាង។ វាមិនថេរ តែយើងមានរបរផ្សេងសម្រាប់ទប់»។
តាមពិតទៅ គំនូរលើជញ្ជាំង គំនូរលើក្រដាស ឬគំនូរលើក្រណាត់ មិនមានភាពខុសគ្នាច្រើននោះទេ។ នេះជាការពន្យល់របស់ពុធវិសាល ដែលជានិស្សិតបញ្ចប់ការសិក្សាផ្នែកគំនូរពីសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ។ មានឪពុកជាវិចិត្រករ និងជាមន្ត្រីរាជការចូលនិវត្តន៍ ព្រហ្ម ពុធវិសាល ដែលជាកូនទី៣ ក្នុងចំណោមបងប្អូន៤នាក់ បានអះអាងថា ការចាប់អាជីពនេះ គឺផ្តើមចេញពីការស្រឡាញ់គំនូរ និងចាត់ទុកគំនូរជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។
លោករៀបរាប់យ៉ាងដូច្នេះថា៖ «ភាគច្រើន ប្រជាពលរដ្ឋទាំងអស់ ផ្ទះមួយណាភាគច្រើនក៏មានរូបអង្គរវត្ត រូបច្រូតស្រូវ រូបទេសភាពភ្នំ ហើយហាងកាហ្វេខ្លះ ក៏មានគំនូរជាច្រើន យើងក្រឡេកទៅណាក៏ដោយ មីហឹរកន្លែងណាក៏ដោយ គំនូរបានផ្សារភ្ជាប់ជាមួយជីវិតពួកគាត់។ ពេលខ្លះ គាត់ចង់បានរូបមនុស្សម្នាក់អង្គុយមើលថ្ងៃរៀបលិច គាត់ទៅថតអត់បាន ចឹងគាត់ត្រូវការអ្នកគូររូបមកគូរក្តីស្រមៃរបស់គាត់។ ភាគច្រើន គំរូ គឺបំពេញក្តីស្រមៃរបស់ខ្លួនឯង ពេលខ្លះចង់គូរអីមួយ ថា ឥឡូវចង់បានពពកលើបន្ទប់ គូររូបវាលស្រែ ពេលគេងទៅមានអារម្មណ៍ល្អ។ គូររូបថ្ងៃរៀបលិច ទឹកសមុទ្រដាក់នៅបន្ទប់របស់គាត់ ពេលគាត់បើកភ្នែកឡើងគាត់មានអារម្មណ៍ល្អ។ ដូច្នេះ គំនូរបានបំពេញក្តីស្រមៃរបស់គាត់»។
អង្គុយក្នុងហាងកាហ្វេតូចមួយនៅម្តុំផ្សារដេប៉ូ ហើយក្នុងការបូបស្ពាយមានសុទ្ធតែសម្ភារគំនូរ ពុធវិសាល បានបរិយាយបន្ថែមថា បើទោះសម័យនេះជាសម័យទំនើប ដោយមានម៉ាស៊ីនថតរូប ម៉ាស៊ីនព្រីន ម៉ាស៊ីនស្កែន ប៉ុន្តែមុខរបរជាងគំនូរ នៅតែមានទីផ្សារល្អ និងមានតម្រូវការកាន់តែច្រើន។
លោកអះអាងបែបនេះ៖«សម័យមុនអត់មានម៉ាស៊ីនព្រីន ម៉ាស៊ីនស្កែន គេត្រូវការអ្នកគំនូរ គូរប៉ាណូ គូរនេះ គូរនោះច្រើន។ តែសម័យឥឡូវ គេនៅតែចាប់អារម្មណ៍លើគំនូរក៏ច្រើនដែរ ទោះបីគេព្រីនក៏ដោយ ដោយសាររបស់ធ្វើលើជញ្ជាំងដែលព្រីនអត់បាន គេត្រូវការអ្នកគំនូរដដែល ទាំងច្នៃម៉ូដ ឌីស្សាញអក្សរ ចៀសពីអ្នកគំនូរអត់កើតដដែល ត្រូវតែរកអ្នកគំនូរមកធ្វើដដែល។ សូម្បីកែវកាហ្វេ ក៏ត្រូវអ្នកគំនូរមកឌីស្សាញ ត្រូវការសរសេរ និងរៀបអក្សរដូចម្តេច? ទូរស័ព្ទដៃ ម៉ូដឡាន ម៉ូដម៉ូតូ សុទ្ធតែត្រូវការអ្នកគំនូរមកគូរ។ សូម្បីជាងដេរខោអាវ ក៏ចេះគូរដែរ គូម៉ូដខោអាវ»។
ជាងគំនូរលើជញ្ជាំងម្នាក់ទៀតលោក អ៊ិន មឈូរ៉ា ក៏កំពុងមមាញឹកនឹងអាជីពនេះដែរ។ មានវ័យ២៤ឆ្នាំ មឈូរ៉ា អះអាងថា លោកទទួលបានអតិថិជនជាបន្តបន្ទាប់ និងមានចំណូលច្រើនគួរសមដែរ ក្រោយពីស្នាដៃរបស់លោកត្រូវបានមនុស្សជាច្រើនបានស្គាល់។ លោកបញ្ជាក់ពីស្នាដៃរបស់ខ្លួនយ៉ាងដូច្នេះថា៖«កន្លែងសំខាន់ៗមានច្រើន ដូចជានៅកាហ្វេ Brew House នៅ Factory Pub ហើយកាលពីឆ្នាំ២០១៨ ថ្ងៃលោកបេអាត រីចឈ្នឺរ ទទួលមរណភាព ខ្ញុំបានគូរគាត់ផ្ទាល់ នៅលើជញ្ជាំងនៅកាហ្វេវប្បធម៌ នៅឫស្សីកែវ។ ខ្ញុំចំណាយលុយខ្លួនឯង និងបងប្រុសខ្ញុំ គាត់គាំទ្រពីក្រោយ ដើម្បីឧទ្ទិសកុសលដល់គាត់ ព្រោះគាត់ជាវីរបុរស ធ្លាប់បានជួយកូនខ្មែរយើងច្រើន»។
លោក អ៊ិន មឈូរ៉ា ពាក់ឧបករណ៍ការងារច្រមុះពេលកំពុងគូររូប
តាមពិតទៅ លោក អ៊ិន មឈូរ៉ា មិនមែនរៀនផ្នែកគំនូរនោះទេ តែបុរសមាឌល្អិតរូបនេះ បានបញ្ចប់ការសិក្សាផ្នែករចនា។ យ៉ាងណាក៏ដោយ លោកបានបានស្វះស្វែងរៀនគូរគំនូរនៅអង្គការសិល្បៈដែនខ្មែរអង្គរ និងធ្វើការជាមួយបរទេស។ លោកបានរម្លឹកយ៉ាងដូច្នេះថា៖«យើងជួបជាមួយជនជាតិបរទេសមកពីបែកអឺរ៉ុប គឺយើងណែនាំគាត់ថាត្រូវគូរកន្លែងណា កុំឲ្យប៉ះពាល់គេ ព្រោះគំនូរលើជញ្ជាំងមិនអាចតម្រូវចិត្តមនុស្ស១០០ភាគរយបានទេ។ ដូច្នេះកន្លែងខ្លះគូរបាន តែកន្លែងខ្លះមិនអាចគូរបានទេ។ ហើយគាត់អត់ចេះភាសាខ្មែរទេ ចេះតែភាសាអង់គ្លេស អ៊ីចឹង ខ្ញុំជាអ្នកណែនាំគាត់ថាគូរកន្លែងណាដែលគេចូលចិត្តច្រើន។ តាមពិតទៅ ការទៅហ្នឹង គឺដើម្បីផ្តោះប្តូរបទពិសោធន៍ពីគាត់ និងរៀនពីគាត់ ព្រោះកាលហ្នឹង ខ្ញុំនៅមានកម្រិតទាបមែនទែន តែខ្ញុំនៅជាមួយគាត់យូរទៅ មួយឆ្នាំដូរពីរបីនាក់ ដូររហូត ដល់យូរៗទៅយើងយល់ ណាមួយយើងកំពុងរៀនផង»។
ក្រៅពីអាជីពគូររូប មឈូរ៉ា ដែលជាប្អូនធម៌របស់លោក ព្រហ្ម ពុធវិសាល ក៏បានចាប់ដៃគ្នាបង្កើតរោងពុម្ពបោះពុម្ភអាវយឺត ដែលបញ្ចូលស្នាដៃគំនូររបស់ខ្លួនផងដែរ។ លោកបរិយាយយ៉ាងដូច្នេះថា៖«បោះពុម្ពអាវលក់ហ្នឹង គឺខាងបងខ្ញុំទេ គ្រាន់តែខ្ញុំជាកូនក្រុមរបស់គាត់។ ខ្ញុំខាងគូរ។ ពេលខ្លះ ខ្ញុំរចនាម៉ូដដោយគូរព្រាងលើខ្មៅដៃ រួចបានបញ្ចូលក្នុងកុំព្យូទ័រ ថាតើយើងត្រូវធ្វើជាលក្ខណៈបែបម៉េច? ព្រោះគំនូរមានច្រើនបែបណាស់…ដូច្នេះយើងយកមួយណាដែលសាកសម និងប្លែក ហើយយកទៅបោះពុម្ព។ តែគំនូរខ្លះទៀត ក៏យើងយកពីគេមកដែរ ហើយចំពោះសាច់ក្រណាត់វិញ យើងនាំចូលពីប្រទេសថៃ»។
បើទោះបីរបរគូររូបនេះ អាចរកចំណូលបានច្រើនគួរសម និងជាការងារដែលយុវជនទាំងពីរនាក់នេះស្រឡាញ់មែន តែអ្នកភ្នំពេញទាំងពីររូបនេះ ក៏បារម្ភពីបញ្ហាសុខភាពផងដែរ ដ្បិតគំនូរលើជញ្ជាំង តម្រូវឲ្យពួកគេប្រើថ្នាំមានជាតិគីមី ដែលក្លិនរបស់វាងាយបណ្តាលឲ្យប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើម។ តែយ៉ាងណាក៏ដោយ ពួកគេអះអាងថា មិនមានបំណងបោះបង់អាជីពនោះចោលឡើយ៕