ជាតិ
បទវិភាគ
បុណ្យភ្ជុំបិណ្ឌ
សាសនា / ធម៌
ធ្វើបុណ្យ មិនចាំបាច់ចង់បានមុខមាត់នោះទេ
15, Oct 2023 , 10:39 am        
រូបភាព
ប្រជាពុទ្ធបរិស័ទ យកទេយ្យទានទៅប្រគេនព្រះសង្ឃ នៅវត្តនិគ្រោធវន្ត ហៅវត្តទល់ទទឹង ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ (រូបពីទំព័រហ្វេសប៊ុកវត្តនិគ្រោធវន្ត)
ប្រជាពុទ្ធបរិស័ទ យកទេយ្យទានទៅប្រគេនព្រះសង្ឃ នៅវត្តនិគ្រោធវន្ត ហៅវត្តទល់ទទឹង ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ (រូបពីទំព័រហ្វេសប៊ុកវត្តនិគ្រោធវន្ត)
ការលះបង់ ការធ្វើទាន ការជួយសង្គ្រោះដទៃ ដោយមិនចង់បានមុខមាត់និងមិនចង់បានការតបស្នងមកវិញ គឺជាអំពើបុណ្យពិតប្រាកដ និងប្រកបដោយចិត្តបរិសុទ្ធ។



ការធ្វើអំពើល្អ ការធ្វើអំពើបុណ្យ ទោះជាគ្មានអ្នកណាឃើញ គ្មានអ្នកណាដឹង ក៏នៅតែជាអំពើល្អនិងអំពើបុណ្យដដែល។ ការបរិច្ចាគអ្វីមួយ គឺដើម្បីផ្តល់ជាប្រយោជន៍និងសេចក្តីសុខដល់អ្នកដទៃ មិនមែនដើម្បីបង្អួតគេ ហើយចង់ឲ្យគេសរសើរនោះទេ។

អ្វីដែលសំខាន់ គឺអ្នក ត្រូវញ៉ាំងចិត្តរបស់អ្នកឲ្យសប្បាយរីករាយ ឲ្យស្អាតផូរផង់ និងជ្រះស្រឡះក្នុងការលះបង់នោះ។ ម្យ៉ាងទៀត អ្នក មិនត្រូវទោមនស្ស មិនត្រូវក្តៅក្រហល់ក្រហាយ និងមិនត្រូវសោកស្តាយឡើយ ពេលធ្វើអំពើបុណ្យឬអំពើល្អ។

ការធ្វើបុណ្យ គឺអាស្រ័យលើចេតនា និងទឹកចិត្តបរិសុទ្ធរបស់អ្នក។ បុណ្យមិនអាចវាស់ស្ទង់ទៅលើសកម្មភាពខាងក្រៅបានទេ ព្រោះវា ជាសភាវធម្មជាតិដែលកើតក្នុងចិត្ត ដែលអ្នកមើលមិនឃើញ។

ការមានចិត្តធ្វើបុណ្យពិតប្រាកដ ឬគ្រាន់តែចង់ឲ្យគេមើលឃើញថាខ្លួនជាមនុស្សចិត្តល្អ ជាមនុស្សមានចិត្តសប្បុរនោះ អ្នកដទៃ ប្រហែលជាមិនអាចដឹងច្បាស់ឡើយ គឺមានតែអ្នកខ្លួនឯងប៉ុណ្ណោះ ដែលអាចដឹងពិតប្រាកដ។ ឧទាហរណ៍ថា អ្នកប្រារព្ធកម្មវិធីបុណ្យធំៗ ឬក៏ចំណាយប្រាក់រាប់ម៉ឺនដុល្លារ ធ្វើអំពើមនុស្សធម៌ណាមួយ  តែការលះបង់នោះ គ្រាន់តែដើម្បីឲ្យគេសរសើរ ចង់បានកិត្តិយសមុខមាត់ បុណ្យប្រាកដជាមិនពេញលក្ខណៈឡើយ។

ផ្ទុយមកវិញ អ្នក អាចនឹងរងការសើចចំអកពីអ្នកដទៃថែមទៀតថា ប្រឹងធ្វើល្អ ក៏ព្រោះតែចង់បានការកោតសរសើរ។ បើធាតុពិត អ្នក មិនមានចេតនា មិនសប្បាយរីករាយ មិនពេញចិត្តក្នុងអ្វីដែលខ្លួនលះបង់ទេ ទោះបីជាអ្នក កំពុងតែលះបង់ទ្រព្យច្រើនប៉ុនណា ក៏មិនមានឈ្មោះថា ជាអ្នកធ្វើបុណ្យដែលពេញលក្ខណៈនិងប្រកបដោយបញ្ញាដែរ។

ដូច្នេះ ការធ្វើបុណ្យច្រើន ពិតជាបានបុណ្យច្រើន បើការលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីធ្វើទាន រក្សាសីល ប្រកបដោយសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ និង គ្មានសេចក្តីសៅហ្មងក្នុងការលះបង់នោះ។ ផ្ទុយទៅវិញ ការធ្វើបុណ្យច្រើន មិនប្រកដថាបានបុណ្យច្រើនទេ បើការលះបង់របស់អ្នក មិនប្រកបដោយបញ្ញា ការលះបង់មិនមានសទ្ធា លះបង់ដើម្បីសម្ញែង បង្អួតញាតិ ចង់បានកិត្តិយស ចង់បានមុខមាត់ ឬខ្លាចគេថាអន់។

គប្បីយល់ថា បុណ្យ គឺជាធម្មជាតិដែលញ៉ាំងចិត្តរបស់អ្នកឲ្យសប្បាយរីករាយ ឲ្យស្អាតផូរផង់ និងជ្រះស្រឡះក្នុងការលះបង់អ្វីមួយ ដើម្បីជាប្រយោជន៍ និងសេចក្តីសុខដល់អ្នកដទៃ។ បុណ្យ សំដៅដល់ទឹកចិត្ត ដែលស្អាតបរិសុទ្ធ សោមនស្សរីករាយ មិនក្តៅក្រហល់ក្រហាយ មិនសោកស្តាយពេលខ្លួនបានបរិច្ចាគសេចក្តីសុខ និងទ្រព្យរបស់ខ្លួន ដើម្បីជួយសង្គ្រោះ និងជ្រោមជ្រែងអ្នកផងទាំងពួង៕


Tag:
 ទស្សនៈ​
  ធម៌​
  សាសនា​
  បុណ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com