ជាតិ
សង្គមជាតិ
ក្រសួងសាធារណការ ប្តូរទីតាំងថ្មី, ទីតាំងចាស់ ឲ្យទៅក្រសួងរ៉ែ រូបពីក្រសួងសាធារណការ
× ក្រសួងសាធារណៈនិងដឹកជញ្ជូន បានរៀបចំពិធីក្រុងពាលីហើយ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ដើម្បីចាប់ផ្តើមសាងសង់ទីស្តីការថ្មីរបស់ខ្លួន លើទំហំដីជិត៤ហិកតា នៅតាមបណ្តោយផ្លូវលេខ៥៩៨ (ផ្លូវជាសុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ ប្រាប់សារព័ត៌មានថ្មីៗថា ការសាងសង់ទីស្តីការថ្មីនេះ អាចចំណាយពេលជាង១ឆ្នាំ។ លោក បញ្ជាក់បែបនេះថា «បើគ្មានអ្វីប្រែប្រួលទេ នៅចុងឆ្នាំ២០២០ យើងបានប្រើប្រាស់ហើយ»។
អនុរដ្ឋលេខាធិការរូបនេះ បន្តថា រដ្ឋាភិបាល បានចេញសេចក្តីជូនដំណឹងរួចហើយ (ស.ជ.ណ. ) ដោយសម្រេចប្រគល់ទីស្តីការចាស់របស់ក្រសួងសាធារណការ ទៅឲ្យក្រសួងរ៉ែនិងថាមពលគ្រប់គ្រង នៅពេលទីស្តីការថ្មី ត្រូវបានសាងសង់រួច។ ប៉ុន្តែ ចំពោះមូលហេតុ ដែលរដ្ឋាភិបាល សម្រេចប្រគល់ទៅឲ្យក្រសួងរ៉ែនោះ លោក ពុំបានដឹងឡើយ។ ចំណែក ទាក់ទងនឹងទំហំទឹកប្រាក់ ដែលត្រូវចំណាយលើការសាងសង់ទីស្តីការថ្មីនេះ ក៏លោក មិនអាចបង្ហើបបានដែរ។
រដ្ឋាភិបាល បានយល់ព្រមឲ្យក្រសួងសាធារណការ ប្តូរទៅទីតាំងថ្មី តាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៨មកម្ល៉េះ តាមសេចក្តីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ទីតាំង ដែលត្រូវបានជ្រើសរើសធ្វើជាទីស្តីការថ្មីរបស់ក្រសួងសាធារណការ គឺជាអតីតទីតាំងរបស់អគ្គនាយកដ្ឋានដឹកជញ្ជូន។ ទីតាំងបច្ចុប្បន្នរបស់ក្រសួងសាធារណការ គឺស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ៕
Tag:
ក្រសួងសាធារណការ
ទីស្តីការថ្មី
គង់ វិមាន
ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com